ស្នងការនគបាលខេត្តកំពង់ធំ៖ ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត
04-01-2026 10:00
(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានលើកឡើងថា ការងារសប្បុរសធម៌ត្រូវធ្វើឱ្យដូចភ្លៀងរលឹម ដល់លំនៅឋានជនចាស់ជរា និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដែលនេះជាការជួយដល់ប្រជាពលរដ្ឋពិតប្រាកដ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងដូចនេះនាថ្ងៃទី៣ ខែ មករា ឆ្នាំ២០២៦ នាឱកាសដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋ ដែលមានជីវិតខ្វះខាត ជាបន្តបន្ទាប់ជាពិសេសនាពេលថ្មីៗនេះ លោកបានចុះអន្តរាគមន៍នាំយកស្បៀងអាហារ សម្ភារប្រើប្រាស់ ប្រគល់ជូនបងប្អូនជនភៀសសឹក ដែលមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដោយសារការឈ្លានពានពីកងទ័ពចោសៀម មកលើបូរណភាពទឹកដីប្រទេសកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក នួន ផារ័ត្ន អភិបាលខេត្ត ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបានបញ្ជាក់ថា ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខ សុខុមាលភាព និងការប្រកបមុខរបរចិញ្ចឹមជីវិតជាប្រចាំថ្ងៃ របស់បងប្អូនផងដែរ ។
ឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមបងប្អូនរក្សាភាពស្ងៀមស្ងាត់ នឹងត្រូវជឿជាក់ លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែន រវាងកម្ពុជា-ថៃ, ត្រូវជឿជាក់ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពខ្មែរដែលកំពុងឈរជើងការពារ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា, បន្តរក្សា កត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឱ្យបានល្អប្រសើរប្រឆាំងដាច់ខាតរាល់ឧបាយល្បិចកល របស់ក្រុមជ្រុលនិយមមួយចំនួន ដែលតែងតែបង្កចលាចល បំផ្លាញសន្តិសុខជាតិ ការពារ ដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងការពារដាច់ខាត់រាជរដ្ឋាភិបាលស្របច្បាប់ ដែលចេញពីការបោះឆ្នោត ។
ដោយសារបញ្ហាអាកាសធាតុ មានការប្រែប្រួល សូមបងប្អូនថែទាំសុខភាព តាមរយៈការរស់នៅស្អាត បរិភោគស្អាត និងមានអនាម័យជាប្រចាំថ្ងៃ, សូមបងប្អូនបន្តប្រឹងប្រែងប្រកបមុខរបរជាប្រចាំថ្ងៃ ដូចជាការបង្ករបង្កើនផល ដាំដំណាំ បន្លែផ្លែឈើ ចិញ្ចឹមសត្វ តាមគ្រួសារនីមួយៗ គឺជួយសម្រាលចំណាយដោះស្រាយជីវភាពឲ្យកាន់តែប្រសើរឡើង ។
លោកស្នងការបានប្រគល់គ្រឿងឧបភោគបរិភោគ ដល់ប្រជាពលរដ្ឋចំនួន ១០០គ្រួសារ នៅឃុំ នីពេជ និងឃុំ ត្បែង ក្នុង ០១ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម, មីជាតិ ០១ កេស, ទឹកបរិសុទ្ធ ០១ កេស, ទឹកត្រី ០១ យួរ និងថវិកា ៥០,០០០រៀល ៕























