FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនចំពោះគ្រួសារកងទ័ព និងពលរដ្ឋភៀសសឹក ក្នុងសង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់ផ្ទះព្រៃ និងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់

04-01-2026 08:59

(ពោធិ៍សាត់)៖ លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីថ្នាក់កណ្តាល និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស, លោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត និងដោយមានការចូលរួម ពីលោកស្រីអនុប្រធាន និងសមាជិកកិត្តិយស ព្រមទាំងក្រុមការងារចុះមូលដ្ឋានសង្កាត់ រួមទាំងអាជ្ញាធរក្រុង នាថ្ងៃទី០២-០៣ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ចែកជូនចំពោះ គ្រួសារកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក ក្នុងសង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់ផ្ទះព្រៃ និងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ សរុបចំនួន១៩២គ្រួសារ។

ក្នុងឱកាសនោះលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស និងលោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់ នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ថ្នាក់កណ្តាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ទាំងថ្នាក់ខេត្ត ស្រុក ក្រុង មន្ទីរអង្គភាព និងសប្បុរសជនទាំងក្នុង និងក្រៅខេត្ត ដែលបានចូលរួមឧបត្ថម្ភ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ដល់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តពោធិ៍សាត់ ដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់សមាគម ក្នុងនាមជាសមរភូមិក្រោយ រួមគ្នាផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រដល់វីរកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។

ថ្នាក់ដឹកនាំទាំង២ បានគោរពថ្លែងអំណរគុណ និងដឹងគុណដល់វីរកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដី តាមខ្សែរបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងការឈ្លានពាន។ ជាមួយគ្នានោះ លោកស្រីទាំង២ បានជម្រាបជូនពលរដ្ឋ ឱ្យមានជំនឿចិត្តលើចំណាត់ការបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែនៅជាមួយពលរដ្ឋ គ្រប់កាលៈទេសៈ និងគ្រប់ដំណាក់កាល។

លោកស្រីបានបញ្ជាក់ថា ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខរបស់បងប្អូន កូនក្មួយគ្រួសារកងទ័ពជួរមុខ និងគ្រួសារភៀសសឹកទាំងអស់ ដែលត្រូវបានមកស្នាក់នៅបណ្ដោះអាសន្ន គេចពីសត្រូវឈ្លានពានទឹកដី។

លោកថ្នាក់ដឹកនាំទាំង២ បានរំលឹកថា ដោយមើលឃើញពីការលំបាក និងកង្វះខាតនោះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត ក៏បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងទាំងថវិកាមួយចំនួន ដើម្បីចែកជូនគ្រួសារវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន១៩២គ្រួសារ ក្នុងសង្កាត់ស្វាយអាត់ សង្កាត់លលកស សង្កាត់ផ្ទះព្រៃ និងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ព្រមទាំងបន្តឆ្ពោះទៅសង្កាត់ផ្សេងទៀតផងដែរ៕