ថ្នាក់ដឹកនាំខេត្តព្រះវិហារ ទទួលស្វាគមន៍វីរកងទ័ព៥នាក់ ក្នុងចំណោម១៨នាក់ ដែលត្រូវបានភាគីថៃដោះលែងឱ្យវិលត្រឡប់មកមាតុប្រទេសវិញ
03-01-2026 20:06
(ព្រះវិហារ)៖ ពិធីទទួលស្វាគមន៍វីរកងទ័ពចំនួន ៥នាក់ ក្នុងចំណោម ១៨នាក់ ដែលត្រូវបានដោះលែងឱ្យវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពីត្រូវបានភាគីថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោកស្រី សុខា គងពិសី គីមរិទ្ធី នៅបរិវេណសាលាខេត្តព្រះវិហារ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ នេះ។
ក្នុងឱកាសនោះ លោក គីម រិទ្ធី បានថ្លែងនូវការកោតសរសើរចំពោះស្មារតីអង់អាចក្លាហានរបស់វីរកងទ័ព ដែលបានបំពេញភារកិច្ចការពារបូរណភាពទឹកដី និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំសម្របសម្រួលតាមផ្លូវទូតយ៉ាងសកម្ម រហូតឈានដល់ការដោះលែងកងទ័ពឱ្យមានសេរីភាព និងបានជួបជុំគ្រួសារវិញប្រកបដោយស្នាមញញឹម។
ការវិលត្រឡប់មកវិញនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសុខទុក្ខរបស់កងកម្លាំងប្រដាប់អាវុធគ្រប់រូប ទោះក្នុងកាលៈទេសៈណាក៏ដោយ។



























