ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ព្រមទាំងលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ Hotline1292 នៅសាលាវិទ្យាល័យស្លាបលែង
01-01-2026 13:52
(កំពង់ស្ពឺ)៖ ដោយមានការចង្អុលបង្ហាញតម្រង់ទិសពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានការណែនាំដោយផ្ទាល់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ បង្ក្រាបបទល្មើស សហការជាមួយ ក្រុមការងារយុវជនសហភាពសហព័ន្ធយុវជនខេត្តកំពង់ស្ពឺ(ស.ស.យ.ក) បានបន្តចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន(បារីអេឡិចត្រូនិច) និងក្មេងទំនើងជាពិសេស ផ្សព្វផ្សយអំពីលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នៅសាលាវិទ្យាល័យស្លាបលែង ស្ថិតក្នុងភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
កម្មវិធីនេះ ត្រូវបានប្រព្រឹត្តទៅដោយមានការចូលរួមសហការពី គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុបចំនួន ១៣៣៥នាក់ (ស្រី៦៧៥នាក់) និងលោកគ្រូសរុបចំនួន៤៨នាក់ (ស្រី១៨នាក់) ផងដែរ។
ក្នុងពេលនោះដែរ ក្រុមការងារជំនាញកងរាជអាវុធហត្ថ ក៏បានផ្សព្វផ្សាយពន្យល់ប្រាបអំពីផលប៉ះពាល់នៃគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើង ជាពិសេសបន្តផ្សព្វផ្សាយនូវលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ផងដែរ ដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សទាំងអស់ឲ្យជ្រាបជាព័ត៌មាន ដោយបានណែនាំពន្យល់ប្រាប់ឲ្យយល់ពីគុណសម្បត្តិ និងការប្រើប្រាស់ របៀបក្នុងការទំនាក់ទំនងមកកាន់លេខ 1292 ដែលមានការចាំទទួលពីក្រុមការងារប្រចាំការ មណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ (២៤ម៉ោងលើ២៤ម៉ោង)។
លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានជូនដំណឹងថា បើសិនជាបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ បានជួបហេតុការណ៍ហើយត្រូវការ អន្តរាគមន៍ពីកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមទំនាក់ទំនងមកលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់ (HotLine) 1292 (ដោយមិនចំណាយលុយនៅក្នុងការខលឡើយ24/24ម៉ោង) ឬអាចទំនាក់ទំនងតាមបណ្តាញ Telegram, WhatsApp, CoolApp និងតាមរយៈលេខទូរសព្ទ 010 61 68 68 ដែលជាលេខរបស់បញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
គួរបញ្ជាក់ផងដែរថា សម្រាប់មួយរយៈពេលកន្លងមកនេះ បន្ទាប់ពីបានដាក់ឲ្យតំណើរការមក តាមរយៈលេខទូរសព្ទអន្តរាគមន៍សង្គ្រោះបន្ទាន់1292 ប្រជាពលរដ្ឋបានទំនាក់ទំនងមកកាន់ ក្រុមការងារប្រចាំការ២៤ម៉ោងលើ២៤ម៉ោង របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាបន្តបន្ទាប់ ពាក់ព័ន្ធករណីមានដូចជា៖ករណីហិង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ និងអ្នកជិតខាង, ករណីចាក់ធុងបាស់រំខានអ្នកជិតខាងពេលអធ្រាត, ករណីលួចគាស់ផ្ទះ, ករណីក្មេងទំនើង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗជាច្រើនទៀតដែលប្រជាពលរដ្ឋត្រូវការជួយអន្តរាគមន៍ជាចាំបាច់ផងដែរ៕








































