លោក សុឹម តុលា ត្រូវប្រកាសតែងតាំងជាអភិបាលរងខណ្ឌជ្រោយចង្វារ
31-12-2025 13:37
(ភ្នំពេញ)៖ លោក ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញប្រកាសឱ្យចូលកាន់តំណាងលោក សុឹម តុលា ជាអភិបាលរងខណ្ឌជ្រោយចង្វារ។ ពិធីនេះមានការចូលរួមពីសំណាក់លោក លឹម សុភា អភិបាលខណ្ឌជ្រោយចង្វារ ក្រុមប្រឹក្សាខណ្ឌ កម្លាំងនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ ជាច្រើនរូបផងដែរ ។
នាឱកាសនោះលោក លឹម សុភា បានឡើងអានរបាយការណ៍នូវរចនាសម្ព័ន្ធខណ្ឌ ការអភិវឌ្ឍខណ្ឌ និងបានទទួលសមិទ្ធផលសម្រេចជាច្រើនទៀត។
បន្ទាប់មកមន្ត្រីមកពីសាលារាជធានីភ្នំពេញ បានឡើងអានសេចក្តីប្រកាសតែងតាំងអភិបាលរង គឺលោក សុឹម តុលា។ បន្ទាប់មក លោក សុឹម តុលា បានឡើងប្តេជ្ញាចិត្តនៅចំពោះមុខ អង្គពិធីថាបន្ទាប់ពីប្រកាសតែងតាំង និងទទួលស្គាល់រួចមក ក្នុងនាមជា អភិបាលរងខណ្ឌជ្រោយចង្វារ និងខិតខំបំពេញភារកិច្ចបន្ត ជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ក៏ដូចជាថ្នាក់លើ ដោយមិនខ្លាចនឿយហត់ឡើយ។
លោក ឆាយ វីរៈ បានថ្លែងថា ការប្រកាសតែងតាំងនេះគឺសុទ្ធតែអ្នកមានស្នាដៃក្នុងការ បំពេញភារកិច្ច ដូច្នេះហើយសូមឱ្យខិតខំបំពេញភារកិច្ច ឱ្យបានល្អជាបន្តទៀត ហើយមិនត្រូវមើលបំណាំគ្នា ក្នុងការបំពេញភារកិច្ចនោះទេ ឬក៏បែងចែកពណ៌សម្បុរគ្នានោះទេ គឺយើងត្រូវរួបរួមសាគ្គីគ្នាជាធ្លុងមួយ ដើម្បីបំពេញភារកិច្ចជូនថ្នាក់លើដែលបានដាក់ចុះឱ្យបានប្រកបដោយជោគជ័យ ក្នុងអាណត្តិទី៧នេះ ជាបន្តទៀត៕












