ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ស្នើអ្នកលក់ដូរគោដុតតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា
30-12-2025 16:49
(ភ្នំពេញ)៖ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ក្នុងឱកាសផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ បានមានសង្ឃដីកាស្នើអ្នកលក់ដូរគោដុតនៅតាមដងផ្លូវ មេត្តាបិទបាំងឲ្យបានល្អ កុំឲ្យប៉ះពាល់អារម្មណ៍ទេសចរឥណ្ឌា។
សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ក៏បានមានសង្ឃដីកាថា កន្លងមកក្រសួងធម្មការនិងសាសនា ធ្លាប់ហាមដាច់ខាតនូវសកម្មភាពរូបភាពអាជីវកម្ម «គោដុត» នៅទីសាធារណៈដូចជាមុខហាងជាដើម ដែលបានបង្ហាញនូវសកម្មភាពហិង្សាឃោរឃៅ ផ្ទុយនឹងគោលការណ៍អហិង្សាធម៌របស់ព្រះពុទ្ធសាសនា។ ហេតុនេះ ព្រះអង្គស្នើឲ្យអ្នកលក់ដូរគោដុតតាមដងផ្លូវ គោរពតាមការបំរាមរបស់ក្រសួងផងដែរ។
សូមជម្រាបថា ការអំពាវនាវរបស់សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ដោយសារសព្វថ្ងៃឥណ្ឌាមកលេងកម្ពុជាច្រើន ដោយសារកម្ពុជា និងឥណ្ឌា មានជើងហោះហើរត្រង់ និងរឿងថៃបំផ្លាញព្រះវិស្ណុក្នុងដែនធិបតេយ្យកម្ពុជាផង។ ប៉ុន្តែ ឥណ្ឌាជាប្រទេសគោរពសត្វគោ ខណៈនៅតាមដងផ្លូវ ឃើញមានការលក់សត្វគោច្រងេងច្រងាងច្រើន ដែលប្រការនេះ បានប៉ះពាល់ដល់អារម្មណ៍ពួកគាត់៕

