FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយកប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល ថ្កោលទោសយោធាថៃដែលប្រើកម្លាំងមិនរើសមុខប្រឆាំងនឹងប្រជាជនស៊ីវិល ប្រាសាទបុរាណ តំបន់វប្បធម៌ និងសាសនា ដែលត្រូវបានការពារក្រោមច្បាប់អន្តរជាតិ

26-12-2025 12:37

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នាយកប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល (Director of Indochina Region of the Sino-Phil Asia International Peace Awards Foundation, Inc) ដែលមាននិវេសនដ្ឋាននៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន និងមានសមាជិកបរធនបាល មកពីតំណាងទ្វីបទាំង៥ របស់ពិភពលោកមានចក្ខុវិស័យ ក្នុងការលើកកម្ពស់សន្តិភាព និងការងារមនុស្សធម៌ បានចេញសេចក្តីថ្លែងការណ៍អំពាវនាវជាបន្ទាន់ដល់សហគមន៍អន្តរជាតិ អង្គការសហប្រជាជាតិ អាស៊ាន ដៃគូអន្តរជាតិ និងប្រទេសទាំងអស់ ដែលស្រឡាញ់សន្តិភាពឱ្យចាត់វិធានការយ៉ាងឆាប់រហ័ស និងជាបន្ទាន់ដើម្បីបញ្ឈប់ការប្រើប្រាស់អាវុធធ្ងន់ និងយន្តហោះយោធារបស់ប្រទេសថៃ ដែលរួមមានយន្តហោះចម្បាំង F-16 និង T-50TH ក្នុងការវាយប្រហារលើតំបន់ជាច្រើននៅតាមបណ្តាខេត្តនានារបស់កម្ពុជា តាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សកម្មភាពយោធាទាំងនេះបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបុរាណដ្ឋាន រួមមានប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ ផ្ទះសម្បែងប្រជាពលរដ្ឋ និងសេវាសាធារណៈផ្សេងៗ ព្រមទាំងបណ្តាលឱ្យមានការបាត់បង់ជីវិត និងរងរបួសដល់ប្រជាពលរដ្ឋស៊ីវិល។ អំពើទាំងនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងគោលការណ៍មូលដ្ឋានដែលបានចែងក្នុងធម្មនុញ្ញសហប្រជាជាតិ។

ការិយាល័យប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល សូមថ្កោលទោស ចំពោះសកម្មភាពទាំងនេះដែលបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយផ្ទុយនឹងកាតព្វកិច្ចរបស់ប្រទេសថៃក្រោមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគី និងពហុភាគីដែលមានស្រាប់ ព្រមទាំងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី នៃប្រទេសទាំងពីរ គឺកម្ពុជា និងថៃ។

ការិយាល័យប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល សូមអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពទាំងនេះ ទាមទារឱ្យមានការទទួលខុសត្រូវ និងប្រើប្រាស់យន្តការទូត និងច្បាប់ទាំងអស់ដែលសមស្រប ដើម្បីទប់ស្កាត់អំពើហិង្សាបន្ថែមទៀតមកលើប្រជាជនស៊ីវិល តំបន់អភិរក្សបេតិកភណ្ឌវប្បធម៌ និងធានាសន្តិភាព និងស្ថិរភាពយូរអង្វែងក្នុងតំបន់។

ការិយាល័យប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល អំពាវនាវឱ្យប្រទេសថៃត្រឡប់ទៅការអនុវត្តតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀង និងអនុសញ្ញាដែលមានស្រាប់ ព្រមទាំងកិច្ចព្រមព្រៀងសន្តិភាព ដែលបានចុះហត្ថលេខាជាមួយកម្ពុជា ដោយស្មោះត្រង់ និងដោះស្រាយជម្លោះទាំងអស់តាមមធ្យោបាយសន្តិភាព និងការទូត។

ការិយាល័យប្រចាំតំបន់ឥណ្ឌូចិន នៃមូលនិធិពានរង្វាន់សន្តិភាពអន្តរជាតិអាស៊ីសាយណូហ្វ៊ីល ជឿជាក់ថាសហគមន៍អន្តរជាតិប្រទេស និងអង្គការទាំងអស់ដែលស្រឡាញ់សន្តិភាព នឹងឈរយ៉ាងរឹងមាំនៅខាងច្បាប់អន្តរជាតិ គោលការណ៍មនុស្សធម៌អន្តរជាតិ និងគាំទ្រឱ្យមានសន្តិភាពពិតប្រាកដ៕