សម្ភោធផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ដែលកំពុងកើតមានឡើងដោយការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបេតយ្យកម្ពុជា
25-12-2025 15:07
(សៀមរាប)៖ ក្នុងទឹកដីដ៏បវរនៃខេត្តសៀមរាប នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកបង្ហាញជាផ្លូវការនូវផ្ទាំងគំនូរដែលស្នាដៃកូនខ្មែរ ក្រោមប្រធានបទ «សិល្បៈដើម្បីសន្តិភាព» ដើម្បីបង្ហាញពីការពិត និងការឈឺចាប់នៃសង្គ្រាម ក្នុងគោលបំណងផ្តល់សំឡេងដល់ជនស៊ីវិល ការគោរពបេតិកភណ្ឌ និងអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចាត់វិធានការ ចំពោះការឈ្លានពានរបស់កងទ័ពថៃ។
គំនូរផ្ទាំងនេះ រៀបចំនៅសួនច្បារព្រះអង្គចេកព្រះអង្គចម ដែលផ្តួចផ្តើមឡើងដោយលោក តាន់ គឹមសួរ ប្រធានគម្រោងតំណាងឱ្យវិចិត្រករ និងលោកស្រី មាស ច័ន្ទដាលីន អគ្គនាយិកាក្រុមហ៊ុន Lakamo ព្រមទាំងមានការចូលរួមពីសិល្បករ សិស្ស និស្សិត អាជីវករ ប្រជាពលរដ្ឋ អាជ្ញាធរពាក់ព័ន្ធ និងមានវិចិត្រករជាង ៧០នាក់មកពីខេត្តផ្សេងៗ។ គំនូរមានទំហំ ៥ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ដោយចំណាយពេល ៥ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែធ្នូនេះ។
ថ្លៃងក្នុងឱកាសនោះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានថ្លែងថា មកដល់ពេលនេះ មានជនភៀសសឹកមកពីបណ្តាខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ បាននិងកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព មានចំនួនជាង១៥ម៉ឺននាក់។
លោកបានបន្តថា ទន្ទឹមនឹងការមកស្នាក់នៅតាមមណ្ឌលសុវត្ថិភាពក្នុងខេត្តសៀមរាប អាជ្ញាធរខេត្តក៏បានយកចិត្តទុកទំនុកបម្រុងចែកជូននូវសម្ភារៈ និងបរិក្ខារផ្សេងៗ ព្រមទាំងគ្រឿងបរិភោគ ដែលទទួលបានពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីឱ្យពួកគាត់អាចដោះស្រាយនូវការលំបាកផ្សេងៗ ក្នុងអំឡុងពេលនៃការស្នាក់នៅតាមមណ្ឌលសុវត្ថិភាព។
លោកបន្តថា ទាំងនេះគឺជាគិតគូរខ្ពស់បំផុតពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចំពោះវីរកងទ័ពជួរមុខ និងជនភៀសសឹករបស់យើង។
លោកក៏បានថ្លែងអំណរគុណចំពោះលោក តាន់ គឹមសួរ និងលោកស្រី មាស ច័ន្ទដាលីន ព្រមទាំងសិស្ស និស្សិត អាជីវករ និងប្រជាពលរដ្ឋខេត្តដែលបានសហការរៀបចំកម្មវិធីនេះឡើង ដើម្បីបង្ហាញអំពីភាពឈឺចាប់របស់ប្រជាជនខ្មែរ ពីការឈ្លានពានរបស់កងទ័ពថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សូមជម្រាបថា គំនូរនេះបង្ហាញគ្រប់សកម្មភាពទាំងអស់ នៃភាពឈឺចាប់ ស្នាមរបួស ទុក្ខវេទនា ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា មានដូចជា៖ ស្ត្រីខ្មែរលត់ជង្គង់ អោបរូបថតពលទាហានជាស្វាមី ដែលបានពលីជីវិតដោយការវាយប្រហារយ៉ាងយ៉ង់ខ្នងរបស់ថៃ ទឹកភ្នែកហូរតាមវិញ្ញាណក្ខន្ធរបស់ប្តីដែលបានពលី សិស្សានុសិស្សកំពុងរត់ មិនមែនរត់ប្រឡែងគ្នានោះទេ គឺពួកគេរត់គេចពីគ្រាប់ផ្លោងរបស់កងទ័ពថៃ កុមារីម្នាក់លើកដៃសំពះសួររកឪពុក កែវភ្នែករន្ធត់ពេញដោយការទុក្ខព្រួយ ដែលកុមារកម្ពុជាមិនគួរជួបប្រទះទេ នៅក្នុងសម័យទំនើបនេះ។
សូមបញ្ជាក់ថា ផ្ទាំងគំនូរនេះដែរ គឺជាស្នាដៃរបស់កូនខ្មែរ បានបង្ហាញពីការឈឺចាប់ឥតឧបមារបស់កម្ពុជា ដែលនឹងដាក់បង្ហាញរហូតដល់សង្គ្រាមត្រូវបានបញ្ចប់ នៅពីក្រោយគំនូរបានបង្ហាញឱ្យពិភពលោក ទាមទារនូវសន្តិភាព។
ជាមួយនៅដែរ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក៏អាចទស្សនាផ្ទាំគំនូរនេះ និងដាក់កម្រងផ្កា ដុតធូប គោរពវិញ្ញាណក្ខន្ធទាហាន ដែលបានពលីជីវិត នៅក្នុងសមរភូមិផងដែរ៕















