FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សមរភូមិខេត្តបន្ទាយមានជ័យ សន្ធឹកគ្រាប់បន្តលាន់ឮកងរំពង, អ្នកសារព័ត៌មានឆ្មក់ថតយករូបភាពផ្ទះសម្បែងនៅស្រុកស្វាយចេក ខូចខាតដោយសារទម្ងន់គ្រាប់ឈ្លានពានរបស់កងទ័ពថៃ

25-12-2025 13:41

(បន្ទាយមានជ័យ)៖ បើទោះបីសេចក្តីអំពាវនាវពីមេដឹកនាំរបស់ចិន អាមេ​រិក និងបណ្តាប្រទេសជាច្រើនឱ្យបញ្ចប់សង្គ្រាមយ៉ាងណាក្តី កងទ័ពថៃ នៅ​តែបន្តធ្វើសកម្មភាពឈ្លានពានយ៉ាងកម្រោលលើអធិបតេយ្យ និងបូរណ​ភាពទឹកដីរបស់កម្ពុជា ដោយមិនញញើតនឹងច្បាប់អន្តរជាតិនោះឡើយ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិខេត្តបន្ទាយ​មានជ័យ កងទ័ពថៃ នៅតែបន្តធ្វើសកម្មភាពឈ្លានពានបាញ់ផ្លោងកាំភ្លើង​ធំច្រើនគ្រាប់ចូលមកលើទឹកដីកម្ពុជា។

អ្នកសារព័ត៌មាន Fresh News បាននិងកំពុងបន្តចុះយកនៅ​តាមតំបន់​សមរភូមិសង្គ្រាម។ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ពួកគេបន្តចុះយកព័ត៌មាន​នៅ​ឃុំ​ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅមិន​ឆ្ងាយនោះឡើយពីសមរភូមិ។ ស្ថិតនៅឃុំស្វាយចេកអ្នកសារព័ត៌មាន Fresh News បន្តស្តាប់ឮយ៉ាងច្បាស់នូវសំឡេងគ្រាប់កាំភ្លើងធំ បាញ់​ផ្លោងចេញពីទឹកដីថៃចូលក្នុងភូមិឋានប្រជាពលរដ្ឋស្ថិតនៅភូមិសាស្ត្រស្រុកស្វាយចេក។

អ្នកសារព័ត៌មានរបស់យើង ក៏បានចុះផ្តិតយករូបភាពផ្ទះសម្បែងប្រជាពល​រដ្ឋ​ដែលរងការខូច ក៏ដូចជារណ្តៅគ្រាប់ធំៗ ដែលបន្សល់ទុកក្នុងភូមិឋាន និងលើផ្លូវថ្នល់ជាដើម។ នៅក្នុងភូមិនេះ ក្រៅពីបន្សល់រណ្តៅគ្រាប់ធំៗ​ហើយ​​នោះ គេក៏បានឃើញរណ្តៅគ្រាប់គ្រាប់បែកចង្កោមបន្សល់ទុកនៅក្នុង​ភូមិ​ផងដែរ។

ឃុំស្វាយចេក ដែលធ្លាប់តែប្រជាពលរដ្ឋរស់នៅអ៊ូអរនោះ នៅពេល​នេះ​បានប្រែក្លាយជាស្ងាត់ជ្រងុំ។ ប្រជាពលរដ្ឋបានភៀសខ្លួនចេញពីផ្ទះ​សម្បែង​អស់ហើយ ព្រោះភ័យខ្លាចចំពោះការបាញ់ផ្លោងកាំភ្លើងធំ​ចូល​ភូមិឋានពីសំណាក់កងទ័ពថៃ៕