FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ការឈ្លានពានអាចបំផ្លាញដី ប៉ុន្តែមិនអាចបំផ្លាញជាតិ៖ ស្មារតីសាមគ្គីភាព ជាចម្លើយរបស់កម្ពុជា

17-12-2025 16:24

(ភ្នំពេញ)៖ អស់រយៈពេល១១ថ្ងៃកន្លងមកនេះ សត្រូវឈ្លានពាន បានបើកការវាយប្រហារលើកម្ពុជា ជាច្រើនមុខព្រួញ ដោយប្រើទាំងអាវុធធុនធ្ងន់និងយន្តហោះចម្បាំងទម្លាក់គ្រាប់បែក លើភូមិដ្ឋានកសិករ និងតំបន់រស់នៅរបស់ពលរដ្ឋ បង្កឲ្យមានការស្លាប់និងរបួសជាច្រើន។ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដូចជា ផ្លូវ ស្ពាន សាលារៀន និងសំណង់ធំៗជាច្រើន នៅតាមខេត្តជាប់ព្រំដែន ត្រូវបានបំផ្លាញខ្ទេចខ្ទី ខណៈប្រាសាទបុរាណខ្មែរ តាមខ្សែព្រំដែនដែលជាគ្រឹះនៃអត្តសញ្ញាណជាតិ ក៏រងការកម្ទេចផងដែរ។
មិនត្រឹមតែប៉ុណ្ណោះ ក្រោយការប្លន់យកទឹកដីខ្មែរ នៅក្នុងតំបន់មួយចំនួនទាហានឈ្លានពាន ថែមទាំង ដោតទង់ជាតិរបស់ខ្លួនលើដីកម្ពុជា ដោយមិនខ្លាចនឹងភាពអាម៉ាស់នៃទង្វើរំលោភអធិបតេយ្យនិងច្បាប់អន្តរជាតិឡើយ។

Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលសម្លេងគ្រាប់កាំភ្លើង និងស្នូរគ្រាប់ទម្លាក់ពីយន្តហោះរបស់ថៃ នៅតាមបណ្តោយព្រំដែន បានក្លាយជាដែនដីនៃភាពភ័យខ្លាច មនុស្សជាច្រើនចាប់ផ្តើមសួរខ្លួនឯងដោយស្ងៀមស្ងាត់ថា៖ តើជាតិខ្មែរ អាចរលាយបាត់ទៅពីផែនទីពិភពលោកបានដែរឬទេ ខណៈមេដឹកនាំថៃ បានប្តេជ្ញាថានឹងមិនបញ្ឈប់សង្គ្រាមវាយប្រហារដាក់មកលើកម្ពុជានោះទេ។

សំណួរនេះ មិនមែនជាសំណួរផ្នែកភូមិសាស្ត្រប៉ុណ្ណោះទេ វាជាសំណួរផ្នែក «ចិត្តសាស្ត្ររបស់ជាតិ» ព្រោះសត្រូវពេលនេះ មិនត្រឹមវាយប្លន់យកដីខ្មែរ ដោយធ្វើការដោតទង់ជាតិរបស់ខ្លួនឯងដោយគ្មានភាពអៀនខ្មាស និងមានបំណងចង់កម្ទេចប្រាសាទបុរាណខ្មែរ ដើម្បីឱ្យខូចអត្តសញ្ញាណជាតិខ្ទេចខ្ទីប៉ុណ្ណោះទេ ប៉ុន្តែមានមហិច្ឆតាចង់វាយដណ្តើមយកនូវ «សេចក្តីសង្ឃឹម» ជាមួយពាក្យចចាមអារ៉ាម ព័ត៌មានបំភ្លៃនិងការញុះញង់ឲ្យជាតិបែកបាក់គ្នាផ្ទៃក្នុងថែមទៀត។

អត្ថបទរបស់ស៊ីជម្រៅរបស់ Fresh Exclusive ខាងក្រោមនេះ គឺចង់បញ្ជាក់ច្បាស់ថា កម្ពុជា «មិនអាចស្លាប់ និងមិនអាចរលាយ» ចេញពីផែនទីពិភពលោកបានទេ ដរាបណាប្រជាជាតិខ្មែរ នៅរក្សាបាន សាមគ្គីភាព សីលធម៌ជាតិ និងការតស៊ូតាមផ្លូវច្បាប់។ ការដោតទង់ ឬការចូលកាន់កាប់ដោយកម្លាំង មិនអាចប្រែក្លាយទឹកដីរបស់ខ្មែរ ក្លាយជារបស់ថៃបានឡើយ។ ហើយអ្វីដែលអាចបំផ្លាញក្តីសង្ឃឹមរបស់កម្ពុជាបាន គឺការបែកបាក់ខ្លួនឯង និងអំពើវិទ្ធង្សនា ដែលបំបែកជាតិឲ្យបែកបាក់សាមគ្គីគ្នាពីខាងក្នុងតែប៉ុណ្ណោះ។ ប៉ុន្តែប្រជាជនកម្ពុជា ដឹងច្បាស់នូវឧបាយកលនេះ មិនអនុញ្ញាតឱ្យប្រទេសជាតិធ្លាក់ចូលក្នុងភាពអស់សង្ឃឹមបានឡើយ។

* ទង់សត្រូវ អាចដោតលើដី ប៉ុន្តែមិនអាចតំណាងច្បាប់ និងតំណាងស្មារតីជាតិឡើយ

សត្រូវអាចដោតទង់ជាតិបានរបស់គេនៅពេលមានឱកាសចូលប្លន់យកទឹកដីខ្មែរ ប៉ុន្តែការដោតទង់នោះ គ្រាន់តែជាសញ្ញា ដែលមិនស្របច្បាប់តែប៉ុណ្ណោះ។ នៅក្នុងសម័យច្បាប់អន្តរជាតិបច្ចុប្បន្ន ការកាន់កាប់ដោយកម្លាំង មិនមែនជាភស្តុតាងកំណត់ដែនអធិបតេយ្យឡើយ។ អ្វីដែលសត្រូវចង់ឈ្នះពិតប្រាកដគឺ «ស្មារតីនិងផ្លូវចិត្ត» ដើម្បីចង់ឲ្យប្រជាជនជឿថា យើងអស់សង្ឃឹម ឬចង់បង្ហាញថា ពិភពលោកបានបោះបង់យើង។ ដូច្នេះ បើសិននៅពេលដែលជាតិមួយបែរជាឈប់ជឿលើខ្លួនឯង នោះសត្រូវនឹងអាចឈ្នះដោយមិនចាំបាច់ធ្វើសង្រ្គាមឡើយ។ យើងជាខ្មែរត្រូវចងចាំថា សត្រូវអាចលួចចូលមកដោតទង់ជាតិរបស់គេលើដីរបស់យើង ប៉ុន្តែទង់នោះមិនមែនទង់ស្របច្បាប់អន្តរជាតិ និងមិនមែនជាតំណាងស្មារតីរបស់ជាតិឡើយ។

ហេតុដូច្នេះ ការឆ្លើយតបដ៏ខ្លាំងបំផុតរបស់យើងក្នុងពេលនេះ មិនមែនជាពាក្យកំហឹងទេ ប៉ុន្តែជាការរក្សា «ចិត្តនិងស្មារតីចំពោះជាតិ» ឲ្យរឹងមាំ ដោយមិនត្រូវបែកអារម្មណ៍តាមភស្ថុតាងក្លែងក្លាយ, ត្រូវរក្សាការតស៊ូតាមច្បាប់ និងការទូតមិនរួញរា និងត្រូវរក្សាការរួបរួម និងភាពស្មោះត្រង់ជាមួយគ្នា នោះទើបសត្រូវមិនអាចបំផ្លាញជាតិខ្មែរយើងបានឡើយ។

* កម្ពុជាយើងមិនតូចទេ នៅពេលជាតិរួមគ្នា

ភាពតូច របស់ប្រទេសមួយ មិនស្ថិតនៅលើផែនទីទេ ប៉ុន្តែវាស្ថិតនៅលើចិត្តនិងសាមគ្គីភាពរបស់ប្រជាជនក្នុងប្រទេសនោះ។ នៅពេលព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជន យុវនារី បាននិងកំពុងស្រាក់ដៃគ្នា យ៉ាងសស្រាំជួយឧបត្ថម្ភជំនួយដល់សមរភូមិមុខ, ធ្វើការរួមគ្នាជួយប្រមូលជំនួយពីសប្បុរសជនទាំងថវិកា ស្បៀងនិងការបរិច្ចាគឈាម ដើម្បីជួយដល់យុទ្ធជននិងជនភៀសសឹក សកម្មភាពទាំងនេះ មិនត្រឹមតែជាកាយវិការសប្បុរសធម៌ប៉ុណ្ណោះទេ, វាជាសារបញ្ជាក់ដ៏ខ្លាំងថា៖ «ជាតិខ្មែរមិនដួលរលំទេ ជាតិខ្មែរកំពុងរួមគ្នាឈរកៀកស្មាគ្នា រួមគ្នាជាមួយយុទ្ធជនសមរ ភូមិមុខ និងជាមួយរាជរដ្ឋាភិបាល ដើម្បីរក្សាប្រទេស និងទប់ទល់សត្រូវឈ្លានពាន» មិនរាថយឡើយ។

សង្គ្រាម អាចបំផ្លាញទ្រព្យសម្បត្តិ និងសមិទ្ធផលជាតិក៏ពិតមែន ប៉ុន្តែមិនអាចបំផ្លាញសង្គមដែលមានសាមគ្គីភាពរួមគ្នាជាធ្លុងមួយបានឡើយ។ ប្រទេសដែលមានសាមគ្គីភាព គឺជាប្រទេសដែលមានសមត្ថភាពអាចស្តារឡើងវិញយ៉ាងរហ័ស ពីព្រោះគេយល់ច្បាស់នូវពាក្យថា សុខទុក្ខរបស់ជាតិ គឺជាសុខទុក្ខ និងភាពស្លាប់រស់ជារួមរបស់សង្គមទាំងមូល មិនមែនរឿងនរណាម្នាក់នោះឡើយ។

* វិទ្ធង្សនាក្រុមជ្រុលនិយមខ្មែរ៖ សត្រូវដែលគួរប្រុងប្រយ័ត្នជាងគេ

ក្នុងគ្រាខ្លះ កម្លាំងអាវុធបច្ចាមិត្រនៅព្រំដែន មិនមែនជាសត្រូវគួរឱ្យខ្លាចទេ ប៉ុន្តែអំពើញុះញង់របស់ក្រុមជ្រុលនិយមខ្មែរដើម្បីបំបែកបំបាក់ជាតិ គឺជាសត្រូវនៅពីក្រោយខ្នងគួរឱ្យខ្លាច។ ប្រទេសមួយអាចឈ្នះសត្រូវខាងក្រៅបាន ប៉ុន្តែអាចចាញ់នូវវិទ្ធង្សនាញុះញង់ដែលចង់បំបែកបាក់ផ្ទៃក្នុងរបស់ខ្លួន។ បច្ចុប្បន្ន មានក្រុមមនុស្សមួយក្តាប់តូច ដែលកំពុងបំរើសត្រូវបរទេស បានញុះញង់ចង់ឱ្យកម្លាំងជាតិបែកបាក់ដើម្បីតែមហិច្ឆនយោបាយប្រកបដោយគ្រោះថ្នាក់របស់ខ្លួន។ ល្បែងនយោបាយរបស់ក្រុមជ្រុលនិយមទាំងនោះគឺជា ល្បែងដែលចង់យកជាតិ ក្លាយជាជើងឈ្នាន់នយោបាយ, ល្បែងដែលយកទុក្ខសោករបស់ប្រជាពលរដ្ឋ និងឈាមយុទ្ធជនខ្មែរ ធ្វើជាគ្រាប់ចំនុចក្នុងសមីការកាន់អំណាច ដែលល្បែងនយោបាយទាំងនេះ មិនមែនដើម្បីបំរើ ប្រទេសជាតិខ្មែរពិតប្រាកដឡើយ ប៉ុន្តែដើម្បីតែការបំផ្លាញជាតិខ្មែរខ្លួនឯងតែប៉ុណ្ណោះ។ គំនិត ដែលចង់ឲ្យបរទេស មកកម្ចាត់អ្នកដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន មិនមែនជាជម្រើសនយោបាយទេ វាជាអំពើរង្វេងជាតិ ដែលមិនអាចអត់ឱនឱ្យបានឡើយ។ ក្រុមជ្រុលនិយមខ្មែរ ដឹកនាំដោយជនក្បត់ជាតិ សម រង្ស៊ី កំពុងយកជាតិខ្មែរ ធ្វើជាកូនបំណុលនៃការសងសឹកនយោបាយ ដែលអំពើសងសឹកជាបុគ្គលរបស់ខ្លួនឯងនោះ គឺជាទង្វើចង់ឱ្យ «ជាតិ» បាត់បង់អនាគតនិងបាត់បង់សុភមង្គលដ៏រុងរឿង។

សេចក្តីសន្និដ្ឋាន៖

ហេតុអ្វីបានជាសត្រូវមិនអាចបំផ្លាញកម្ពុជាបាន? ព្រោះប្រជាជាតិមួយមិនមែនជាវត្ថុ ដែលអាចបំបាត់ចោលបាន ដោយសារតែការដោតទង់ជាតិរបស់សត្រូវ ឬដោយសារការធ្វើសង្គ្រាមបំផ្លាញប្រាសាទបុរាណ ដើម្បីលុបអត្តសញ្ញាណជាតិឡើយ។
កម្ពុជា គឺជារដ្ឋអធិបតេយ្យពេញលេញ ដែលត្រូវបានទទួលស្គាល់ដោយពិភពលោករួមមាន៖
- អង្គការសហប្រជាជាតិ (UN)
- សហគមន៍អន្តរជាតិជាង ១៩០ប្រទេស
- មានព្រំដែនត្រូវបានកំណត់ដោយឯកសារប្រវត្តិសាស្ត្រ និងច្បាប់អន្តរជាតិ (ផែនទី ១៩០៤-១៩០៧ និងសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ICJ ឆ្នាំ១៩៦២ និង២០១៣)

ហេតុដូច្នេះ ការដោតទង់ ឬការចូលកាន់កាប់ដោយកម្លាំងយោធា មិនអាចប្រែក្លាយទឹកដីកម្ពុជា ដែលត្រូវបានប្លន់និងដណ្តើមយកដោយអំពើហិង្សា ឲ្យក្លាយជាទឹកដីស្របច្បាប់ក្រោមក្រសែភ្នែកអន្តរជាតិបានឡើយ។ វាជាអំពើឈ្លានពាន ដែលបង្ហាញពីការមិនគោរពច្បាប់អន្តរជាតិ និងភាពឥតអៀនខ្មាសរបស់ព្រះរាជវាំងនិងក្រុមយោធាថៃ ចំពោះពិភពលោក។

សត្រូវអាចបង្កការឈឺចាប់ដល់កម្ពុជា បានជាបណ្តោះអាសន្ន ប៉ុន្តែមិនអាចលុបអត្តសញ្ញាណជាតិខ្មែរ បានឡើយ។ ប្រវត្តិសាស្ត្រពិភពលោកបានបញ្ជាក់យ៉ាងច្បាស់ថា ក្រោយសង្គ្រាមលោកលើកទី២ មិនមានប្រទេសណាមួយ ត្រូវបានលុបចេញពីផែនទីពិភពលោក ដោយសារការឈ្លានពានទេ សូម្បីប្រទេសតូចៗដូចជា Kuwait, Georgia ឬ Ukraine ក៏នៅតែរក្សាអត្តសញ្ញាណរដ្ឋរបស់ខ្លួនដដែល។ ថៃ មិនមានសមត្ថភាពផ្លូវច្បាប់ ឬនយោបាយអន្តរជាតិ បំភ័ន្តភ្នែកពិភពលោក ដើម្បីលុបបំបាត់កម្ពុជា ឬអត្តសញ្ញាណជាតិខ្មែរបានឡើយ។
ហើយអ្វីដែលពលរដ្ឋខ្មែរគ្រប់រូប ដែលស្រឡាញ់ជាតិត្រូវចងចាំឲ្យច្បាស់គឺ៖
- កម្ពុជា មិនបាត់បង់ទេ បើជាតិយើងរួមគ្នាជាធ្លុងមួយ
- កម្ពុជា មិនរលាយអត្តសញ្ញាណរបស់ខ្លួនទេ បើជាតិយើងរក្សាច្បាប់ សីលធម៌ និងសាមគ្គីភា
- កម្ពុជា នឹងកាន់តែរឹងមាំ និងស្តារឡើងវិញបាន បើជាតិយើងនៅតែរួមគ្នា ហើយបដិសេធ និងកម្ចាត់ចោលរាល់អំពើវិទ្ធង្សនា ដែលព្យាយាមបំបែកស្មារតីជាតិចេញពីសង្គមខ្មែរ
កម្ពុជាមិនស្លាប់ទេ ព្រោះជាតិខ្មែរមិនបានបោះបង់ខ្លួនឯងចោលដោយសារតែអំពើវិទ្ធង្សនារបស់សត្រូវឡើយ ហើយកម្ពុជា មិនរលាយទេ ព្រោះសាមគ្គីជាតិនៅតែជាគ្រឹះរឹងមាំបំផុតនៃអត្តសញ្ញាណជាតិ៕