FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាក្រសួងបរិស្ថាន បន្ដសកម្មភាពមនុស្សធម៌ ជូនវីរកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹកដោយសារការឈ្លាមពានរបស់កងទ័ពថៃ

17-12-2025 08:50

(ភ្នំពេញ)៖ ក្នុងស្មារតីខ្មែរស្រលាញ់ខ្មែរ សាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញពីការជឿជាក់លើរាជរដ្ឋាភិបាល និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ពកម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហាន ក្នុងការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ដឹកនាំដោយ លោកស្រី ជា សុផាកន្នី ប្រធានសាខាសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍កម្ពុជាក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ សមាជិក សមាជិកាសមាគម រួមជាមួយក្រុមការងារស្រ្តីនិងកុមារ និងយុវជនក្រសួងបរិស្ថាន បានរៀបចំស្បៀង គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន ដើម្បីចែកជូនដល់វីរកងទ័ពកម្ពុជា និងជនភៀសសឹកនៅតាមមណ្ឌលសុវត្ថិភាពនានា។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដែលរៀបចំវេចខ្ចប់នៅពេលនេះ គឺកើតចេញពីការស្ម័គ្រចិត្ត ការចូលរួមសាមគ្គីភាពជាតិ ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ជាធ្លុងដ៏រឹងមាំ របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សមាគមនារី និងយុវជនក្រសួងបរិស្ថាន ព្រមជាមួយការចូលរួមពីសប្បុរសជននានាមួយចំនួនទៀត ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងឈរជើងប្រយុទ្ធនឹងសត្រូវយ៉ាងអង់អាចក្លាហាន ដើម្បីការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕