ថ្នាក់ដឹកនាំស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ចុះសួរសុខទុក្ខវីរកងទ័ពចំនួន ២រូបប កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពអូរយ៉ាដាវ
16-12-2025 21:51
(រតនគិរី)៖ ដោយមានការយកចិត្តទុកដាក់និងណែនាំពីលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោក ហ្លីន ត្វាន អភិបាលស្តីទី ស្រុកអូរយ៉ាដាវ តំណាងលោក ហេង ប៊ុន្នី អភិបាលស្រុក បានដឹកនាំកងកម្លាំងទាំងបីថ្នាក់ស្រុក មន្ត្រីស្រុក ឃុំ អញ្ជើញសួរសុខទុក្ខវីរកងទ័ពចំនួន ០២រូប ដែលបានរងផ្សែងពុល ក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ការពារបូរណភាពទឹកដឹកដីតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងកំពុងសម្រាកព្យាបាលក្រោមការយកចិត្តទុកដាក់ពីគ្រូពេទ្យមណ្ឌលសុខភាពអូរយ៉ាដាវ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ក្នុងឱកាសនោះលោកបានលើកទឹកចិត្ត និងថ្លែងនូវការកោតសសើរចំពោះការលះបង់ដ៏ធំធេង ដែលមិនអាចកាត់ថ្លៃបានក្នុងការរក្សាសន្តិភាព ការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារពីការរំលោភបំពានពីពួកចោរសៀមឈ្លានពាន។
អភិបាលស្តីទីបានជូនពរដល់វីរកងទ័ពទាំង០២រូប ឆាប់បានជាសះស្បើយ និងវិលត្រលប់ចូលអង្គភាព ដើម្បីបន្តបេសកកម្មការពារប្រទេសជាតិ និងបានជូនថវិកាក្នុង១នាក់ ចំនួន ៤០មុឺនរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ៕







