FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងពុទ្ធបរិស័ទ ធ្វើបុណ្យទក្ខិណានុប្បទាន ជូនវីរកងទ័ពដ៏អង់អាចក្លសហានរបស់ប្រទេសកម្ពុជា និងឧទ្ទិសមហាកុសលជូនវីរកងទ័ពដែលពលីក្នុងសមរភូមិការពារទឹកដី ពីការឈ្លានពានរបស់ថៃ

16-12-2025 21:37

(បាតដំបង)៖ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា និងពុទ្ធបរិស័ទចំណុះជេីងវត្ត នាថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រៀបចំពិធីបុណ្យជូនដល់វីរកងទ័ព ដើម្បីមានជោគជ័យនៅក្នុងសមរភូមិ និងធ្វើបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវីរកងទ័ពកម្ពុជា ដែលពលី ដែលមានគុណចំណាច់យ៉ាងក្រៃលែងនៅក្នុងបុព្វហេតុការពារបូរណភាទឹកដី ពីការឈ្លានពានរបស់យោធាថៃ។ ពិធីនេះបានធ្វើរៀបចំធ្វើឡើងនាវត្តកច្ឆបពិត (ភ្នំអណ្តើក) ខេត្តបាត់ដំបង។

នាឱកាសនោះ អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងពុទ្ធបរិស័ទ បានប្រគេនចង្ហាន់ព្រឹកដល់ព្រះសង្ឃ បន្ទាប់ពីព្រះសង្ឃឆាន់ចង្ហាន់ហើយក៏បាននិមន្តព្រះសង្ឃ ចម្រើនព្រះបរិត្ត ជ័យមង្គលជូនដល់វីរកងទ័ពឱ្យមានជោគជ័យឈ្នះអស់មាសត្រូវ។ ព្រមទាំងនិមន្តព្រះសង្ឃសម្តែងព្រះធម៌ ដើម្បីជាកិច្ចឧទ្ទិសបុណ្យកុសលនេះដើម្បីឃុំគ្រងការពារប្រទេសកម្ពុជា រក្សាព្រះមហាក្សត្រ ថ្នាក់ដឹកនាំប្រទេស ម ន្ត្រីរាជការ ប្រជាជន និងជាពិសេសវីរកងទ័ព ព្រមទាំងឧទ្ទិសបុណ្យដល់យុទ្ធជនពលីក្នុងសមរភូមិ។

អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កងទ័ពកម្ពុជា មានអត់ធ្មត់ខ្លាំងណាស់ ដែលការអត់ធ្មត់នេះ គឺដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសប្រជាពលរដ្ឋនៅតាមព្រំដែន។ ការផ្ទុះអាវុធដែលបង្កឡើងដោយកងទ័ពថៃ រយៈពេល១០ថ្ងៃ បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅតាមព្រំដែន ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែង មកស្នាក់នៅបណ្តោះអាសន្ន តាមទីតាំងសុវត្ថិភាពផ្សេងៗ នៅតាមវត្តអារ៉ាម និងកន្លែងសាធារណៈជាច្រើនទៀត ធ្វើយ៉ាងណាគេចឱ្យផុតពីគ្រាប់ផ្លោងរបស់ថៃ។

នាឱកាសនោះដែរ អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ជំរុញឱ្យរួមគ្នាផ្សព្វផ្សាយមេត្តាធម៌ដោយអំណាចនៃបុណ្យកុសលនេះ ទៅដល់ពិភពលោកសុំឱ្យប្រជាជនក្នុងពិភពលោក មានចិត្តមេត្តាករុណា សណ្តោស ពិសេសសុំឱ្យមហាអំណោចទាំងអស់ មេត្តាសង្គ្រោះ សណ្តោសដល់ប្រទេសកម្ពុជា និងសុំឱ្យខ្មាំងសត្រូវទាំងឡាយសាបសូន្យរលាយបាត់ទៅ។

សូមរំលឹកជូនថា អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងក្រុមកាងារ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ ឧបត្ថម្ភ មជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជារួមទាំងសប្បុរសជនដែលបាន មកប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន ៤០៤គ្រួសារ ដែលមកស្នាក់នៅក្នុងវត្តបវេល ស្រុកបវេល ខេត្តបាត់ដំបង។

សូមជម្រាបជូនថា ពិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសមហាកុសលជូនវីរកងទ័ពកម្ពុជា ដែលពលីនាពេលនេះមានបច្ច័យសរុប ១០លានរៀល៕