Fresh Exclusive: ហេតុអ្វីបានជាសង្គ្រាមរវាងកម្ពុជានិងថៃ មិនអាចបញ្ចប់បានទោះបីមហាអំណាចអាមេរិកនិងចិន បានបង្ហាញឆន្ទៈចង់រកសន្តិភាព?
16-12-2025 17:52
(ភ្នំពេញ)៖ ទាហានថៃ នៅតែបន្តទង្វើឈ្លានពានលើទឹកដីកម្ពុជា បើទោះបីជាមានការធ្វើអន្តរាគមន៍ពីប្រទេសមហាអំណាចសកលលោក។ តើសង្គ្រាមរវាងកម្ពុជានិងថៃ នឹងអាចបញ្ចប់ដោយរបៀបណានៅពេលដែលភាគីថៃ ដែលរំលោភបំពានកាន់តែផ្គើននឹងសម្តីស្វែងរកសន្តិភាពរបស់ប្រទេសមហាអំណាចទាំងពីររបស់សកលលោក?
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖
នៅពេលដែលសហរដ្ឋអាមេរិក និយាយថាចង់ឲ្យតំបន់មានស្ថិរភាព និងនៅពេលដែលប្រទេសចិន អំពាវនាវឲ្យភាគីទាំងពីរអត់ធ្មត់និងចរចា ប៉ុន្តែសម្លេងអាវុធនៅតែបន្តលាន់ឮតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជីវិតពលរដ្ឋស្លូតត្រង់នៅតែស្ថិតក្រោមហានិភ័យ និងទ្រព្យសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ខ្មែរ នៅតែរងការគំរាមកំហែង។ សំណួរដ៏ធ្ងន់ធ្ងរមួយបានលេចឡើងចំពោះមតិសាធារណៈ៖ ហេតុអ្វីបានជាសង្គ្រាមមិនទាន់អាចបញ្ចប់បាន ទោះបីមហាអំណាចធំៗ បានបង្ហាញឆន្ទៈចង់ឃើញសន្តិភាពរវាងប្រទេសទាំងពីរទៅហើយនោះ?
តើគន្លឹះពិតប្រាកដគឺជាអ្វី? អំណាចឆន្ទៈនយោបាយ អំណាចបង្ខិតបង្ខំ ឬ តម្លៃនៃការរំលោភបំពាន ទើបជាគន្លឹះដ៏ពិតប្រាកដ?
ការពិតដែលគួរឲ្យពិចារណា គឺសង្គ្រាមដូចជាមិនអាចបញ្ចប់ដោយឆន្ទៈល្អ របស់មហាអំណាចនៃប្រទេសទាំងពីរឡើយ។ សង្គ្រាមនឹងអាចបញ្ចប់នៅពេលដែលឆន្ទៈនោះ ត្រូវបានបម្លែងទៅជាសម្ពាធជាក់ស្តែង និងជាតម្លៃត្រូវចំណាយជាក់ស្តែងសម្រាប់ភាគីបំពាន។ ក្នុងជម្លោះកម្ពុជា-ថៃ, សហរដ្ឋអាមេរិកនិងចិន អាចចង់បានសន្តិភាពដ៏ពិតប្រាកដ ប៉ុន្តែពួកគេក៏ត្រូវគិតពីផលប្រយោជន៍របស់ខ្លួនដែរ ហើយការគិតពីផលប្រយោជន៍នោះ បានធ្វើឲ្យ «សន្តិភាព» នៅតែស្ថិតជាសម្តីការទូត ជាងអ្វីដែលបានផ្លាស់ប្តូរនៅលើដីដ៏ជាក់ស្តែង។
* «ឆន្ទៈនយោបាយ» មិនដូចគ្នានឹង «ការទទួលខុសត្រូវនយោបាយឡើយ»
ប្រទេសមហាអំណាចអាចនិយាយថា ចង់ឲ្យសន្តិភាពកើតឡើងមែន ប៉ុន្តែមិនព្រមឱ្យបង់តម្លៃនយោបាយទាំងអស់ ដើម្បីបង្ខំឲ្យសន្តិភាពកើតឡើងឡើយ។ ការហៅទូរស័ព្ទ ការចេញសេចក្តីថ្លែងការណ៍ ឬការអំពាវនាវឲ្យភាគីទាំងពីរ «អត់ធ្មត់» អាចមានអត្ថន័យ នៅក្នុងការបង្ហាញឥរិយាបថ និងបង្កើតបរិយាកាសសន្ទនាតែប៉ុណ្ណោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការជួយបញ្ឈប់សម្លេងគ្រាប់កាំភ្លើងឡើយ ប្រសិនបើគ្មាន «ការបង្ខំ» ឬ «ការទប់ស្កាត់» ដែលភ្ជាប់ជាមួយតម្លៃបង់ខាតដ៏ធ្ងន់ធ្ងរនោះទេ។ ក្នុងភាសាការទូត សេចក្តីប្រកាសអាចមានទម្ងន់ ប៉ុន្តែការបង្ខំឲ្យអនុវត្ត ទើបជាទម្ងន់ដែលមានអនុភាពធ្ងន់ជាងនេះ។
* ហេតុផលដ៏សាមញ្ញបំផុត៖ ភាគីបំពាន នៅមិនទាន់ទទួលបានតម្លៃបាត់បង់
សង្គ្រាមបន្ត មិនមែនដោយសារតែការយល់ច្រឡំទេ ប៉ុន្តែដោយសារតែភាគីមួយនៅតែគិតថា ការបំពានអាចបន្តបាន ដោយគ្មានត្រូវបង់តម្លៃដ៏ធ្ងន់ធ្ងរ។ នៅពេលដែលមិនមានការដាក់ទណ្ឌកម្ម មិនមានការបាត់បង់នូវភាពស្របច្បាប់អន្តរជាតិរបស់ខ្លួន ឬមិនមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចច្បាស់លាស់ សម្តីការទូត គ្រាន់តែបង្ខំឱ្យគេឈប់បំពាននោះមានតម្លៃតិចតួចណាស់។ សន្តិភាពអាចកើតឡើងបាន លុះត្រាតែការបន្តសង្គ្រាម ខាតច្រើនជាងការឈប់សង្គ្រាម។ មានន័យថានៅពេល ដែលគេឃើញថាការធ្វើសង្គ្រាម បានបាត់បង់នូវកម្លាំងយោធា បាត់បង់សេដ្ឋកិច្ច បាតបង់តម្លៃនយោបាយ និងបាត់បង់កេរ្តិ៍ឈ្មោះជាអន្តរជាតិ ទើបគេពិតជាយល់ថាសន្តិភាពមានតម្លៃពិតប្រាកដ។
* ចិន «ចង់បានសន្តិភាព» ប៉ុន្តែចិនក៏អាច «ជាប់គាំង» នៅក្នុងផលប្រយោជន៍របស់ខ្លួនដែរ
ក្នុងគំនិតរបស់មហាអំណាចចិន ជម្លោះប្រដាប់អាវុធរវាងកម្ពុជានិងថៃ មិនមែនជាឱកាសទេ ប៉ុន្តែជាហានិភ័យយុទ្ធសាស្ត្រ។ ចិនឈរនៅកណ្ដាលរវាងផលប្រយោជន៍ពីរដែលមិនអាចកាត់ផ្តាច់បាន៖
១៖ កម្ពុជា ជាមិត្តនយោបាយដែលចិនទុកចិត្តខ្ពស់ ហើយមានទំនាក់ទំនងជិតស្និទ្ធទាំងផ្នែកការទូត សេដ្ឋកិច្ចនិងយោធា។
២៖ ថៃ ជាសរសៃឈាមសេដ្ឋកិច្ច និងជាច្រកទ្វារភស្តុភារសំខាន់សម្រាប់បណ្តាញតភ្ជាប់តំបន់ និងគម្រោងដឹកជញ្ជូនរយៈចម្ងាយឆ្ងាយ (ដែលចិនមើលថា ជាចំណុចយុទ្ធសាស្ត្រ)។
ថៃក៏មានលក្ខណៈ «បត់បែន» ក្នុងការទូតជាមិត្តជាមួយចិន ប៉ុន្តែក៏មានទំនាក់ទំនងសន្តិសុខជាមួយអាមេរិកផងដែរ។ ចំណុចនេះ ធ្វើឲ្យចិនមិនអាច «កាន់ជើង» ខាងណាមួយដាច់ខាតដោយសារតែចំណុចខាងក្រោមនេះ៖
- បើចិនលោតមកជួយកម្ពុជាខ្លាំងពេក ចិនអាចរុញថៃឲ្យ ងាកទៅអាមេរិកទាំងស្រុង;
- ហើយបើចិនលោតជួយថៃ ខ្លាំងពេក ចិនអាចបាត់បង់ទំនុកចិត្តពីកម្ពុជា និងដៃគូដទៃ។
ហេតុនេះហើយ ចិនភាគច្រើនជ្រើសរបៀប «គ្រប់គ្រងវិបត្តិ» ជាង «ជ្រើសយកខាងណាមួយ» ពោលគឺចង់ឲ្យភ្លើងរលត់លឿន ប៉ុន្តេដើម្បីការពារផលប្រយោជន៍ចិន និងមិនមែនដើម្បីឲ្យភាគីណាមួយឈ្នះដាច់ម្ខាងៗឡើយ។ ការគ្រប់គ្រងវិបត្តិនេះ មិនដូចជាការបញ្ចប់ជម្លោះដែលគេចង់បានភ្លាមៗឡើយ ប៉ុន្តែវាអាចបន្ថយកម្តៅ ប៉ុន្តែមិនអាចលុបបំបាត់មូលហេតុជាមូលដ្ឋាននៃជម្លោះនោះឡើយ។
* មហាអំណាចទាំងពីរចង់បានសន្តិភាព ប៉ុន្តែមិនចង់ឲ្យសន្តិភាព ក្លាយជាការប្រកួតឥទ្ធិពល
សហរដ្ឋអាមេរិកនិងចិន អាចចង់ឲ្យសង្គ្រាមស្ងប់ ដើម្បីកុំឲ្យតំបន់រងនូវរលកអស្ថិរភាព។ ប៉ុន្តែពួកគេក៏ប្រុងប្រយ័ត្ន មិនឲ្យការអន្តរាគមន៍របស់ខ្លួនក្លាយជាការប្រកួត «ឈ្នះ-ចាញ់» រវាងមហាអំណាចនៅមុខពិភពលោកដែរ។ លទ្ធផលគឺមានឆន្ទៈ មានសម្តី មានការអំពាវនាវ… ប៉ុន្តែខ្វះយន្តការបង្ខំ ដែលអាចធានាឲ្យភាគីទាំងពីរគោរពនិងបញ្ឈប់នៅលើដី ឬលើសមរភូមិដ៏ជាក់ស្តែងបាន។
សង្គ្រាមកម្ពុជា-ថៃ នឹងមិនងាយបញ្ចប់ឡើយ ដរាបណា «ឆន្ទៈសន្តិភាព» របស់មហាអំណាចនៅតែជាការអំពាវនាវតាមពាក្យសម្តី មិនទាន់ត្រូវបានបម្លែងទៅជាតម្លៃជាក់ស្តែង និងមិនអាចជៀសវាងបាន សម្រាប់ភាគីដែលបំពាន។ សង្គ្រាមអាចបញ្ចប់បាន នៅពេលដែលលក្ខខណ្ឌចម្បងទាំងបី ខាងក្រោមនេះ កើតមានពិតប្រាកដ៖
១៖ ការរំលោភបំពានត្រូវបង់តម្លៃខ្ពស់ និងគេចមិនរួច។ មានន័យថា អំពើឈ្លានពានមិនត្រឹមតែត្រូវបញ្ឈប់ទេ ប៉ុន្តែត្រូវទទួលខុសត្រូវពេញលេញ រួមទាំងការសងសំណងចំពោះការខូចខាតដល់ប្រទេសដែលរងគ្រោះ ចាប់ពីជីវិតពលរដ្ឋ ការរងរបួសរាងកាយ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច រហូតដល់បេតិកភណ្ឌវប្បធម៌ដែលរងការខូចខាត។ អំពើបំពាន ដែលគ្មានការបង់តម្លៃសងការខូចខាតនឹងបង្កើតឲ្យអ្នកឈ្លានពានចេះតែធ្វើបន្ត។
២៖ ច្បាប់អន្តរជាតិ និងយន្តការពហុភាគី ត្រូវក្លាយជាវេទិកាសម្រេច។ មានន័យថា អំណាចប្រើអាវុធ និងការគំរាមកំហែងត្រូវចុះចាញ់ក្រោមអំណាចច្បាប់។ នៅពេលរកឃើញថា មានការបំពានលើច្បាប់ធ្វើសង្គ្រាមច្បាប់ការពារពលរដ្ឋ និងច្បាប់ការពារបេតិកភណ្ឌវប្បធម៌អន្តរជាតិ នោះការសម្រេចមិនអាចធ្វើដោយកម្លាំង ឬដោយឯកតោភាគីបានទៀតឡើយ ប៉ុន្តែត្រូវធ្វើតាមវេទិកាច្បាប់ និងសហគមន៍អន្តរជាតិ។
៣៖ ការបន្តជម្លោះ មិនមានផលប្រយោជន៍ជាក់ស្តែងទៀតឡើយ។ មានន័យថា សង្គ្រាមមិនអាចផ្តល់អ្វីដែលអាចឈ្នះ ឬរក្សាបានយូរអង្វែងទៀតទេ។ នៅពេលដែលការបន្តជម្លោះ ផ្តល់តែការខាតបង់កាន់តែធ្ងន់ ការបង់ខាតយោធា ខាតសេដ្ឋកិច្ច ខាតភាពស្របច្បាប់ និងខាតស្ថិរភាពក្នុងស្រុក នោះការឈប់សង្គ្រាមនឹងក្លាយជាជម្រើសតែមួយដែលមានហេតុផល។
សម្រាប់កម្ពុជា យុទ្ធសាស្ត្រអត់ធ្មត់មិនមែនជាការចុះចាញ់ទេ។ ការរកយុត្តិធម៌តាមច្បាប់ ក៏មិនមែនជាភាពទន់ខ្សោយដែរ។ វាជាយុទ្ធសាស្ត្រការពារជាតិរយៈពេលវែង ក្នុងពិភពលោកដែល «សន្តិភាព» មិនមែនបានមកពីការប្រើពាក្យសម្តី ឬសេចក្តីសន្យាទទេនោះឡើយ ប៉ុន្តែបានមកពីការទទួលខុសត្រូវ និងតម្លៃសងត្រឡប់វិញ ចំពោះអំពើបំពានច្បាប់អន្តរជាតិរបស់សត្រូវ៕
















