អភិបាលខេត្តពោធិ៍សាត់ ទទួលអំណោយពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជននានា ដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ និងចែកជូនពលរដ្ឋភៀសសឹក
15-12-2025 16:45
(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ នៅបរិវេណមុខសាលាខេត្ត បានបន្តទទួលអំណោយពីថ្នាក់ដឹកនាំ ព្រះសង្ឃ និងសប្បុរសជននានា ដែលបានយកមកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលរងផលប៉ះពាល់ ដោយសារសង្រ្គាមថៃឈ្លានពាន។
*អំណោយលើកទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោក លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ សាប៊ូលាងចាន៦០ដប, ភេសជ្ជៈ១០កេស, តង់១៥០, សម្លៀកបំពាក់១០០កេស, ថ្នាំពេទ្យ២កេស និងធុងទឹក១០០។
*អំណោយរបស់លោក ហួន យ៉ារ៉េត និងលោកស្រី តាមរយៈសមាគមសហគ្រិនវ័យក្មេងខេត្តពោធិ៍សាត់ ដឹកនាំដោយលោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត រួមមាន៖ អង្ករ១០តោន, ទឹកត្រី និងទឹកស៊ីអ៊ីវ២០០យួរ, ទឹកបរិសុទ្ធ១០០កេស, ត្រីងៀត១០០គីឡូក្រាម និងថវិកា៤លានរៀល។
*អំណោយរបស់រដ្ឋបាលឃុំបឹងខ្នារ ដឹកនាំដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន រួមមាន៖ ថវិកា១០លានរៀល, អង្ករ២តោន, ទឹកបរិសុទ្ធ៥០០យួរ, ត្រីងៀត៧០គីឡូក្រាម, ត្រីឆ្អើរ១១៥ក្រាស, ប្រេងឆា៦ដប, សៀងប្រៃ៧យួរនិងគ្រឿងឧបភោគបរិភោគជាច្រើនទៀត។
*អំណោយរបស់ព្រះគ្រូគម្ពីររក្ខិតវង្ស ខាត់ ខេមរា ព្រះចៅអធិការវត្តហ្លួង សង្កាត់លលកស រួមមាន៖ អំបុកលីងជាមួយសាច់បាក់យ៉ុង ៣១០គីឡូក្រាម (ជាស្នាដៃដាល់អំបុលផ្ទាល់របស់ប្រជាពុទ្ធបរិស័ទ និងសិស្សានុសិស្ស), ទឹកសុទ្ធ១៥កេស, មី៧កេស, សាច់ផាត់៦គីឡូក្រាម និងសម្ភារមួយចំនួនទៀត។
*អំណោយរបស់មូលនិធិពលរដ្ឋមកពី ខេត្តតាកែវ, រាជធានីភ្នំពេញ និងអនិកជនខ្មែររស់នៅក្នុង និងក្រៅប្រទេស តាមរយៈលោក នូវ វុទ្ធូ, លោកស្រី ទ្រី វណ្ណា និងកញ្ញា វុទ្ធូ កត្ថា រួមមាន៖ ទឹកបរិសុទ្ធ២៥០យួរ, ទឹកស៊ីអ៊ីវ និងទឹកត្រី៧៥យួរ, សៀង១៥យួរ, មី១០កេស, ត្រីខ២៧យួរ, នំ២កេស, បាយក្តាំង២កេស, អំបុក៧០គីឡូក្រាម, សាច់ជ្រូកផាត់១០គីឡូក្រាម, ទឹកដោះគោកូនក្មេង១កេស និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
*អំណោយរបស់ពលរដ្ឋខ្មែរ រស់នៅប្រទេសឡាវ តាមរយៈលោក លឹម ចន្ទថៃ សមាជិកក្រុមប្រឹក្សាខេត្ត ជាថវិកាចំនួន១,៦១០ដុល្លារអាមេរិក។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណ ជូនចំពោះថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, ព្រះសង្ឃ រដ្ឋបាលឃុំ ស្រុក, សមាគមសហគ្រិនវ័យក្មេងខេត្តពោធិ៍សាត់ និងសប្បុរសជននានា ដែលបានឧបត្ថម្ភថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាច្រើន មកប្រគល់ជូនរដ្ឋបាលខេត្ត សម្រាប់ជាគុណប្រយោជន៍ បានជួយដល់វីរកងទ័ពជួរមុខ ដែលកំពុងការពារបូរណភាពទឹកដី ពីចោរថៃឈ្លានពាន និងចែកជូនដល់ពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្ន នៅទីតាំងមានសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់ សរុបចំនួន៣,២២១នាក់ ស្មើនឹង៩០០គ្រួសារ។
លោកបន្តថា នូវរាល់ថវិកា សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ដែលបានប្រគល់ជូនទាំងអស់នេះ គឺកើតចេញពីការស្ម័គ្រចិត្ត បង្ហាញអំពីស្មារតីស្នេហាជាតិ សាមគ្គីភាពជាតិ ខ្មែរជួយខ្មែរ ខ្មែរស្រលាញ់ខ្មែរ ជាធ្លុងដ៏រឹងមាំមួយ ក្នុងការគាំទ្ររវាងកម្លាំងជួរក្រោយ ជាមួយវីរកងទ័ពជួរមុខ ដ៏អង់អាចរបស់ជាតិយើង ដែលកំពុងប្រតិបត្តិការការពារអធិបតេយ្យភាព បូរណភាពទឹកដី នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។
លោក ខូយ រីដា បានគូសបញ្ជាក់ថា គិតមកដល់ពេលនេះ ស្ថានភាពតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ជាពិសេសនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រទេសកម្ពុជា ពុំទាន់មានភាពធូរស្រាលនៅឡើយ។ លោកបានជម្រុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យបង្កើនការយកចិត្តទុកដាក់ត្រៀមបង្ការជាប់ជាប្រចាំ មិនត្រូវធ្វេសប្រហែសនោះឡើយ ហើយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងបន្តជួយដោះស្រាយជាស្បៀងអាហារ ដើម្បីជួយសម្រួលដល់ជីវភាពគ្រួសារវីរកងទ័ពជួរមុខជាប្រចាំ។
ក្នុងនាមរដ្ឋបាលខេត្ត លោកក៏សូមសំដែងនូវការសោកស្តាយជាពន់ពេក និងសូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា បានបាត់បង់ជីវិត និងរងរបួសមួយចំនួន ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំនៅឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅតាមបណ្តាតំបន់ជាច្រើន ជាពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តបាត់ដំបង ពិសេសខេត្តពោធិ៍សាត់ផ្ទាល់។
សកម្មភាពឈ្លានពានដ៏ឃោរឃៅ និងព្រៃផ្សៃរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព របស់កម្ពុជា គឺជាទង្វើយង់ឃ្នងព្រៃផ្សៃ អមនុស្សធម៌ អសីលធម៌ គ្មានសច្ចធម៌ និងគ្មានច្បាប់ទម្លាប់ ជាពិសេសបានរំលោភ បំពានម្តងហើយម្តងទៀតនូវធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ ព្រមទាំងបានរំលោភបំពានយ៉ាង គឃ្លីនសារជាថ្មីម្តងទៀត លើសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលបានចុះហត្ថលេខារវាង កម្ពុជា និងថៃ ក្រោមការចូលរួមជាសាក្សី ពីសំណាក់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលប្រារព្ធធ្វើឡើងនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ និងការសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថៃ លោក អានុទីន៕

































