អ្នកឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងក្រុមកាងារ នាំអំណោយសប្បុរសជនឧបត្ថម្ភគ្រួសារវីរកងទ័ព និងពលរដ្ឋភៀសសឹក ៤០០គ្រួសារ កំពុងស្នាក់នៅក្នុងវត្តបវេល (Video inside)
15-12-2025 15:30
(បាត់ដំបង)៖ អ្នកឧកញ៉ាមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា និងក្រុមកាងារ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សប្បុរសជន មកប្រគល់ជូនក្រុមគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកចំនួន៤០០គ្រួសារ ដែលមកស្នាក់នៅក្នុងវត្តបវេល ស្រុកបវេល ខេត្តបាត់ដំបង។
ពិធីនេះ ក៏មានកាអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មូល ធន អភិបាលរងខេត្ត តំណាងលោក សុខ លូ អភិបាលខេត្តបាត់ដំបង រួមទាំងលោក លោកស្រី នៃថ្នាក់ដឹកនាំខេត្តជាច្រើនរូបផងដែរ។
ក្នុងឱកាសនោះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ក៏បានសាកសួរសុខទុក្ខ និងអប់រំព្រះធម៌ដល់គ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក ដោយក្ដីនឹករលឹក និងអាណិតអាសូរជាទីបំផុត ក្នុងស្ថានភាពដែលតំបន់ព្រំដែន មានសភាពតានតឹងខ្លាំង បង្ខំឱ្យប្រជាពលរដ្ឋត្រូវចាកចោលលំនៅដ្ឋាន ផ្ទះសម្បែងមួយរយៈដើម្បីជំលៀសខ្លួន និងគ្រួសារចេញមករកតំបន់ដែលធានាសន្តិសុខ សុវត្ថិភាពសម្រាប់ស្នាក់នៅជាបណ្តោះអាសន្នសិន។
ទាំងនេះបង្ហាញឲ្យឃើញពីក្តីកង្វល់របស់ប្រមុខថ្នាក់ដឹកនាំ ដែលតែងតែបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាព ហើយត្រូវជួយអន្តរាគមន៍ ជួយដោះស្រាយសម្រាលទុក្ខលំបាករបស់ប្រជាជនកម្ពុជា ក៏ដូចជាវីរកងទ័ព និងគ្រួសារភៀសសឹកឱ្យទាន់ពេលវេលា ដោយមិនរើសអើង ឬនិន្នាការនយោបាយអ្វីឡើយ។
អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត បានក្រើនរំលឹកដល់ប្រជាពលរដ្ឋភៀសសឹកត្រូវខិតខំថែទាំសុខភាព ឱ្យបានល្អតាមវិធានការអនាម័យ ស្អាត ៣យ៉ាង ដើម្បីបង្ការ ទប់ស្កាត់ ការពារការឆ្លងនៃជំងឺរាតត្បាតនានា ទាំងក្នុងរយៈពេលនៃការស្នាក់នៅ និងធ្វើដំណើរព្រោះថា បើមានការធ្វេសប្រហែសវាអាចនាំឱ្យប៉ះពាល់ដល់សុខភាពផ្ទាល់ខ្លួន និងសុវត្ថិភាពរបស់បងប្អូនផងដែរ។
អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់សូមមានស្មារតី និងរឹងមាំជឿទុកចិត្តទៅលើជំហរយ៉ាងមុតមាំ និងស្វាហាប់ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា ដែលសម្តេចទាំងពីរមានភាពប្រាជ្ញាឈ្លាសវៃ មានបទពិសធន៍ក្នុងការច្បាំងការពារក៏ដូចជាកសាងប្រទេសជាតិ ធ្វើឱ្យព្រះពុទ្ធសាសនា បានរស់ឡើងវិញក្រោយផ្តួលរំលំរបបខ្មែរក្រហម។ ដូច្នេះ ហើយប្រជាពលរដ្ឋខ្មែរ គោរពស្រលាញ់ និងដឹកងគុណរាជរដ្ឋាភិបាល។
លោក មូល ធន អភិបាលរងខេត្តបាត់ដំបង បានសំដែងនូវក្តីរំភើប និងសប្បាយរីករាយដោយសូមគោរពថ្លែងអំណរអរគុណដល់អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា និងសប្បុរសជន ព្រមទាំងក្រុមកាងារបានយកចិត្តទុក្ខដាក់ នាំយកសម្ភារៈឧបត្ថម្ភ និងថវិការរបស់សប្បុរសជននា ដើម្បីយកមកផ្តល់ជូនគ្រួសារវីរកងទ័ព និងប្រជាពលរដ្ឋ ភៀសសឹកពីព្រំដែនកម្ពុជា-ថៃ មកស្នាក់នៅក្នុងវត្តបវេល ស្រុកបវេល ខេត្តបាត់ដំបង និងសូមគោរពជូនពរឱ្យមានកម្លាំងកាយកម្លាំងមាំមួយ ដើម្បីជួយទ្រងទ្រង់អប់រំ ដល់ព្រះពុទ្ធសាសនាដល់កូនៗចៅៗជំនាន់ក្រោយ។
សូមជម្រាបជូនថា សម្ភារៈឧបត្ថម្ភជូនរួមមាន៖ អង្ករ ៤០០បាវ ក្នុងមួយបាវៗ មានអង្ករចំនួន ១០គីឡូ ទឹកត្រីចំនួន ៤០០យួរ ទឹកបរិសុទ្ធចំនួន ៤០០កេស នំស្រួយលីលី ៤០០កញ្ចប់ធំ អាវរងា ៤០០អាវ សារុង ៤០០ ក្រម៉ា៤០០ ព្រមទាំងថវិកាក្នុងមួយគ្រួសារទទួលបាន២ម៉ឺនរៀលផងដែរ។ សម្រាប់ថវិកាដែលយកមកឧបត្ថម្ភនាពេលនេះ មានទឹកប្រាក់ចំនួន ៤២លានរៀល៕









































































