FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសជន ជូនដល់វីរកងទ័ព និងពលរដ្ឋភៀសសឹក នៅខេត្តបន្ទាយមានជ័យ

15-12-2025 15:06

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ បាននាំយកអំណោយសប្បុរសជនជូនដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋភៀសសឹកប្រគល់ជូនដល់បងប្អូនវីរកងទ័ព ដែលឈរជើងនៅខេត្តបន្ទាយមានជ័យ។

អំណោយនាំយកនាពេលនេះ ក្រោមដឹកនាំដោយលោក មីន កុម្ភៈ អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ មានការចូលដំណើរពីមន្ត្រីក្រុមការងាររដ្ឋបាលខេត្តជាច្រើនរូប។

អំណោយដែលបានប្រគល់ជូនរួមមាន ជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត ដែលបានមកពីការចូលរួមបរិច្ចាគរបស់សប្បុរសជនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។

គូសបញ្ជាក់ថា អំណោយសប្បុរសធ៌មរបស់បងប្អូនប្រជាពលរដ្ឋ នឹងបន្តផ្តល់ជូនឲ្យដល់គោលដៅផ្សេងៗទៀតរហូតអស់ពីស្តុក។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណនូវទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ ចំពោះការចូលរួមបរិច្ចាគអំណោយមកជូនរដ្ឋបាលខេត្ត និងនៅតែមានជាបន្តបន្ទាប់ ដើម្បីឧបត្ថម្ភជូនវីរកងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក របស់យើង «ខ្មែរសាមគ្គីខ្មែរឈ្នះ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ខឿនការពារជាតិរបស់ប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»៕