FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យោធាថៃ ប្រើប្រាស់សព្វាវុធធុនធ្ងន់រួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកចង្កោមឈ្លានពានកម្ពុជា និងយកជនស៉ីវិលជាគោលដៅវាយប្រហារ

14-12-2025 21:36

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងតាមរយៈបណ្តាញសង្គម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃ បានប្រើប្រាស់សព្វាវុធធុនធ្ងន់ជាច្រើនរួមនឹងយន្តហោះចម្បាំង និងគ្រាប់បែកសង្កោមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្តថា ក្នុងសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃរយៈពេល ៨ថ្ងៃមកនេះ យោធាថៃ បានយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររួមមានផ្ទះសម្បែងជនស៊ីល ភូមិដ្ឋាន ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបន្ថែមថា ការវាយប្រហារដោយសព្វាវុធធុនធ្ងន់រួមនឹងយន្តហោះទម្លាក់គ្រាប់បែក និងគ្រាប់បែកចង្កោម ផ្សែងពុល បង្កឱ្យប្រជាជនស៊ីវិលស្លូតត្រង់របស់កម្ពុជាបាត់បង់ជីវិតចំនួន ១១រូប (ទារក១រូប) និងរបួសចំនួន៥៩រូប គិតត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ។

ត្រឹមល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥នេះ ជនភៀសសឹកដែលភៀសខ្លួនពីសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ មានចំនួន ១២០ ៨១៤គ្រួសារ ស្មើនឹង ៤០៣ ៦០១នាក់ ក្នុងនោះស្ត្រីចំនួន ២០៨ ២៦៦នាក់ និងកុមារចំនួន ៩៧ ២០៩នាក់។

ភាគីថៃត្រូវទទួលខុសត្រូវចំពោះសកម្មភាពនៃការរំលោភឈ្លានពានរបស់ខ្លួនលើទឹកដីកម្ពុជា និងយកជនស៊ីវិលជាគោលដៅនៃការវាយប្រហាររបស់ខ្លួន។ នេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ភាគីថៃលើច្បាប់អន្តរជាតិ សិទ្ធិមនុស្សផ្សេងៗ៕