តម្លៃហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ និងកម្ពុជា បន្តកើនឡើងដល់ជិត ៥ ២០០ដុល្លារក្នុងមួយតម្លឹង នៅថ្ងៃទី១៣ ខែធ្នូនេះ
13-12-2025 15:37
(ភ្នំពេញ)៖ អ្នកជំនាញតាមដានទីផ្សារមាសនៅលើទីផ្សារអន្តរជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ តម្លៃហាងឆេងមាសបានបន្តកើនឡើងដល់ ៤ ៣០០ដុល្លារក្នុងមួយអោន ដែលស្មើនឹង ៥ ១៨០ដុល្លារ ក្នុងមួយតម្លឹង កើនឡើងលើសកាលពីថ្ងៃទី១២ ខែធ្នូម្សិលមិញបន្តិច។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥នេះ លោក សុខ ហេង នាយកអភិវឌ្ឍន៍ធុរកិច្ចនៃក្រុមហ៊ុន GFGI បានពន្យល់ពីមូលហេតុ ដែលនាំឱ្យតម្លៃមាសកើនឡើងក្នុងសប្តាហ៍នេះ គឺដោយសារធនាគារកណ្តាលសហរដ្ឋអាមេរិក បានកាត់បន្ថយអត្រាការប្រាក់ពី ៤% មកត្រឹម ៣.៧៥% ដែលនាំឱ្យប្រាក់ដុល្លារអាមេរិកធ្លាក់ថ្លៃ។
លោកបន្ថែមថា ក្នុងករណីអត្រាមានការងាធ្វើនៅសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះបន្តធ្លាក់ចុះ នោះតម្លៃមាសក៏បន្តកើនឡើងថែមទៀត ក្នុងរង្វង់ពី៥០ដុល្លារទៅ១០០ដុល្លារ ក្នុងមួយឱនផងដែរ។ បន្ថែមពីនេះ ការប្រមូលទិញមាសទុកពីប្រជាជន ឥណ្ឌា និងចិន ក៏ជាមូលហេតុមួយដែលនាំឱ្យមាសឡើងថ្ងៃផងដែរ។
ទន្ទឹមគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុន PP Link Securities បានប្រាប់បណ្តាញព័ត៌មាន Fresh Newsដែរថា ការទម្លាក់អត្រាការប្រាក់ដុល្លារ កាលពីថ្ងៃទី១០ ខែធ្នូ ដែលនាំឱ្យប្រាក់ដុល្លារចុះខ្សោយ ឬដុល្លារហើម បានបណ្តាលឱ្យតម្លៃហាងឆេងមាស ហក់ឡើងថ្លៃវិញដោយស្វ័យប្រវត្តិ។
ជាមួយគ្នានេះ លោកបានកត់សម្គាល់ថា នៅថ្ងៃទី១២ ធ្នូ កម្លាំងទិញរបស់ទីផ្សារអឺរ៉ុប និងទីផ្សារអាមេរិក បានកើនឡើងខ្លាំង ដែលពួកគេយល់ថា គឺជាឱកាសមាស ក្នុងការច្បាមទិញមាសទុក ដើម្បីទុកលក់យកចំណេញនៅពេលដែលមាសបន្តឡើងថ្លៃ។ ការច្បាមទិញទុកនេះ ដោយគេមើលឃើញថា លោកប្រធានាធិបតី ដូណាស់ត្រាំ នឹងមានគោលដៅបន្តបន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីកៀរគរវិនិយោគិនទាំងក្នុង និងក្រៅស្រុក ឱ្យទៅវិនិយោគនៅអាមេរិក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចអាមេរិកឱ្យកាន់តែប្រសើរឡើង។
លោកលើកឡើងថា ប្រសិនបើដុល្លារអាមេរិកធ្លាក់ថ្លៃ នោះលទ្ធភាពនៃការខ្ចីពីធនាគារនឹងកើនឡើង ដោយសារការប្រាក់ទាប ដូច្នេះនឹងទាក់ទាញបានវិនិយោគិនជាច្រើនទៅវិនិយោគនៅអាមេរិក។ លោកព្យាករថា អាមេរិកនឹងកាត់បន្ថយអត្រាការប្រាក់ដុល្លារបន្ថែមទៀតរហូត២.៥% ឬ១.៧៥% ដែលឱ្យដុល្លារអាមេរិកកាន់តែបន្តធ្លាក់ចុះ។
តែយ៉ាងណាលោកគូសបញ្ជាក់ តាមរយៈគម្រោងកាត់បន្ថយអត្រាការប្រាក់នេះ បើទាក់ទាញវិនិយោគិនឱ្យទៅវិនិយោគនៅអាមេរិកបានច្រើន នោះនឹងធ្វើឡើងឱ្យសេដ្ឋកិច្ចអាមេរិកល្អប្រសើរឡើងវិញ។
ក្នុងនាមជាតាមដានទីផ្សារហាងឆេងមាស នៅលើទីផ្សារអន្តរជាតិ លោក សុខ ហេង បានព្យាករថា តម្លៃមាសនឹងនៅតែបន្តកើនឡើង នៅក្នុងឆ្នាំ២០២៦ខាងមុខ ជាពិសេសក្នុងត្រីមាសទី១ និងត្រីមាសទី២ ដែលតម្លៃមាសអាចនឹងកើនឡើងពី ១៥% ទៅ៣០% គឺពី៤៨០០ដុល្លារ ទៅ ៤៩០០ដុល្លារក្នុងមួយអោន។
ការព្យាករបែបនេះ ដោយលោកកត់សម្គាល់ថា សហរដ្ឋអាមេរិកនៅតែបន្តកាត់បន្ថយអត្រាការប្រាក់ ដែលបើតាមការគ្រោងទុក និងកាត់បន្ថយទៅដល់២% ដែលជាអត្រាមួយច្រើន ដែលធ្វើឱ្យតម្លៃមាសនៅបន្តកើនឡើង។ មួយវិញទៀត មូលនិធិប្រមូលទិញមាស នៅបន្តទិញមាសទុក ដែលជាមូលហេតុចម្បងនាំឱ្យមាសបន្តឡើងថ្លៃនៅឆ្នាំក្រោយ ខណៈអតិផរណាក្នុងពិភពលោកក៏ឡើង ដូច្នេះមានតែមាសទេ ដែលជាវត្ថុល្អជាងគេក្នុងការទិញទុក ដើម្បីបញ្ចៀសហានិភ័យ៕



