Fresh Exclusive: តើយុត្តិធម៌នៅឯណាក្នុងសេចក្តីរាយការណ៍ព័ត៌មានបរទេសស្តីពី ជម្លោះព្រំដែនកម្ពុជា-ថៃ? (Video inside)
11-12-2025 17:19
(ភ្នំពេញ)៖ កាសែតបរទេសជាច្រើន បានផ្សាយបង្ហាញភាពលំអៀងទៅកាន់ភាគីថៃ ដែលជាអ្នកឈា្លនពាន និងបំផ្លាញប្រាសាទបុរាណខ្មែរ។ សេចក្តីរាយការណ៍របស់កាសែតបរទេសទាំងនោះ មិនបានឆ្លុះបញ្ចាំងអំពីការពិតដែលបង្ហាញអំពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរភៀសសឹក ដែលបានស្លាប់និងរងរបួស ផ្ទះសម្បែងត្រូវបានឆេះនិងប្រទេសជាតិ បានរងការឈ្លានពានពិតប្រាកដពីសំណាក់ប្រទេសថៃឡើយ។
Fresh Exclusive មានបទអត្ថាធិប្បាយស៊ីជម្រៅជុំវិញបញ្ហានេះ៖
សម្រាប់ប្រជាជនកម្ពុជាជាច្រើន សេចក្តីឈឺចាប់បំផុតនៃវិបត្តិព្រំដែន ដែលបាននិងកំពុងកើតឡើងមានមិនត្រឹមតែជាសកម្មភាពបំផ្លាញប្រាសាទបុរាណ ឬការបាត់បង់ជីវិតមនុស្សស្លូតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែគឺភាពអយុត្តិធម៌ ក្នុងរបៀបដែលកាសែតបរទេសពណ៌នាតែមួយចំហៀងអំពីជម្លោះរវាងកម្ពុជានិងថៃនេះ។
ខណៈពេលដែលប្រទេសកម្ពុជាបានអនុវត្តភាពអត់ធ្មត់មិនធម្មតា សូម្បីតែពលរដ្ឋរបស់ខ្លួនរាប់សែននាក់ រត់គេចពីអំពើបាញ់ផ្លោង ផ្ទះត្រូវគេដុតកម្ទេច និងនៅពេលដែលទាហានរបស់ខ្លួន ត្រូវបានទាហានថៃចាប់ និងសម្លាប់ពួកគេដោយប្រើកាំបិតអាករទាំងរស់ ដែលមានទាំងរូបភាពបញ្ជាក់នូវទង្វើហិង្សាទាំងនេះ, ការផ្សាយព័ត៌មានអន្តរជាតិជារឿយៗ បែរជាពណ៌នាខុសពីការពិត ដែលបង្ហាញថាប្រទេសថៃ ជា «ជនរងគ្រោះ»។
សេចក្តីរាយការណ៍ព័តត៌មានលំអៀងទាំងនេះ បានលើកឡើងនូវសំណួរជាមូលដ្ឋានមួយក្នុងការចង់ដឹងថា តើយុត្តិធម៌នៅឯណា?
* អ្វីដែលរបាយការណ៍បរទេស មិនដែលអើពើ៖ ទុក្ខវេទនារបស់កម្ពុជា
សង្គ្រាមតាមបណ្តោយព្រំដែនជាលើកទី២ បង្កឡើងដោយទាហានថៃតាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញនូវរូបភាពច្បាស់ក្រឡែតតាមរូបភាពផ្តិតនៅលើសមរភូមិដោយផ្ទាល់ ក្នុងនោះរួមមាន សកម្មភាពលុកលុយតាមរថក្រោះរបស់ទាហានថៃ ចូលមកបាញ់ភូមិខ្មែរនៅព្រៃចាន់, ការប្រើផ្សែងពុលដាក់មកលើភូមិករអ្នកស្រុក, ពួកទាហានបរទេសបានសម្លាប់ទាហានខ្មែរជាឈ្លើយសឹក ដែលជាអំពើខុសនឹងច្បាប់, ក្រុមទាហានថៃ បានស្រែកហ៊ោរកញ្ជ្រៀវអបអរនៅពេលដែលបានផ្លោងកាំភ្លើងរបស់ពួកគេនិងយន្តហោះ បានបាញ់ចំប្រាសាទបុរាណខ្មែរខូចខ្ទេចខ្ទី ដូចជាប្រាសាទតាក្របី, ប្រាសាទព្រះវិហារជាដើម ប៉ុន្តែតើសារព័ត៌មានបរទេសទាំងនោះ បានសរសេរអ្វីខ្លះពីអំពើឈ្លានពានរបស់ថៃទាំងនេះ?
តើពួកគេបានផ្ទៀងផ្ទាត់ព័ត៌មានពិត នៅលើសមរភូមិដោយផ្ទាល់ដូចជា៖
• វីដេអូបង្ហាញការឈ្លានពានរបស់យោធាថៃ,
• ភស្តុតាងផ្កាយរណបបង្ហាញថៃបាញ់ចូលដីកម្ពុជា,
• សក្ខីកម្មជនរងគ្រោះ,
• និងរបាយការណ៍យន្តការអាស៊ាន AOT ជាផ្លូវការដែរឬទេ។
ទោះយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ព័ត៌មានបរទេសភាគច្រើនបានជ្រើសរើសភាពស្ងៀមស្ងាត់ និងធ្វើជាមើលមិនឃើញទៅវិញ។ សំណេររបស់ពួកគេ បានលំអៀងតែមួយភាគីគឺភាគីថៃ។
* ហេតុអ្វីបានជាកាសែតបរទេសមួយចំនួនរាយការណ៍លំអៀងស្ថានភាពពិត?
មានហេតុផលជាច្រើនដែលកាសែតបរទេសទាំងនេះ តែងពឹងផ្អែកខ្លាំងលើប្រភពព័ត៌មានរបស់ប្រទេសថៃ និងខ្វះគោលការណ៍ផ្ទៀងផ្ទាត់។ អ្នកឆ្លើយឆ្លងព័ត៌មានបរទេសជាច្រើនឈរជើង ឬមានទីតាំងរបស់ខ្លួន នៅតែទីក្រុងបាងកក មិនមែនទីក្រុងភ្នំពេញទេ។ ពួកគេពឹងផ្អែកយ៉ាងខ្លាំងទៅលើអ្នកនាំពាក្យយោធាថៃ និងក្រសួងការបរទេសថៃ ដូច្នេះព័ត៌មានដែលពួកគេបានប្រើប្រាស់រៀងរាល់ថ្ងៃ គឺព័ត៌មានដែលបានរៀបចំឡើងដោយតែមួយភាគី និងជាព័ត៌មានដែលមានគោលបំណងបំរើនយោបាយប្រទេសថៃតែប៉ុណ្ណោះ។ ការសរសេរដោយគ្មានការផ្ទៀងផ្ទាត់ពីភាគីទាំងសងខាងនេះ បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ព្រោះ ព័ត៌មានពីអ្នកបង្កសង្គ្រាម មិនដែលនិយាយខ្លួនឯងថាជាអ្នកខុសទេ។
លទ្ធផលគឺ រាល់អត្ថបទរបស់ពួកគេ បានក្លាយជាប្រភេទសេចក្តីរាយការណ៍ជួយបន្ទរការរៀបរាប់របស់ភាគីថៃ តែមួយចំហៀងនិងម្យ៉ាងទៀត ភាពខ្វះខាតលើការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងផែនទីដ៏ត្រឹមត្រូវរបស់កម្ពុជា ដែលសហគមន៍អន្តរជាតិបានទទួលស្គាល់ជាផ្លូវការ។ អ្វីដែលខ្វះទាំងនោះគឺរួមមានការ យល់ដឹងអំពី៖
• ផែនទីបារាំង-សៀម ឆ្នាំ១៩០៤-១៩០៧,
• សេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២,
• ការបកស្រាយរបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ២០១៣,
• អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០/២០០១,
ដែលអ្វីទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់អំពីសិទ្ធិទឹកដីរបស់កម្ពុជាស្របតាមច្បាប់ ដែលជាឯកសារត្រឹមត្រូវដែលពិភពលោកទទួលស្គាល់ និងមិនមែនជាឯកសារផែនទីឯកតោភាគីរបស់ថៃឡើយ។
អ្នកសារព័ត៌មានដ៏ពិតប្រាកដត្រូវអនុវត្តនូវគោលការណ៍ជាសកលដោយរបៀបនេះ៖
• ត្រូវស្ដាប់ពីភាគីទាំងពីរ,
• ត្រូវត្រួតពិនិត្យភស្តុតាងជាក់ស្តែង,
• មិនត្រូវបណ្តោយឱ្យភូមិសាស្ត្រពីចម្ងាយ កំណត់ភាពត្រឹមត្រូវនៃអត្ថបទទេ។
ដូច្នេះ សំណួរដែលប្រជាជនកម្ពុជាកំពុងរងគ្រោះដោយសារអំពើឈ្លានពានរបស់ទាហានថៃ បាននិងកំពុងសួរទៅសារព័ត៌មានបរទេសទាំងនោះវិញគឺ តើពួកគេចង់សរសេរអំពីការពិត ឬក៏ចង់សរសេរអំពីអ្វីដែលមានភាពងាយស្រួលសម្រាប់ពួកគេ?
* សំណួរដែលសារព័ត៌មានបរទេសមិនដែលសួរ៖ ប្រសិនបើប្រាសាទទាំងនោះ ពិតជារបស់ថៃហេតុអ្វីបានជាសប្បាយចិត្តនៅពេលខ្លួនបំផ្លាញវាចោល?
ការពិតដ៏ជាក់ស្តែងមួយ បានបង្ហាញពីភាពលាក់ពុតរបស់ថៃ។ យើងសាកគិតទៅមើលបើប្រាសាទបុរាណនោះ ជារបស់ថៃពិតមែន តើម្ចាស់ប្រាសាទហ៊ោរសប្បាយដែរឬទេ នៅពេលដែលបានឃើញប្រាសាទរបស់ខ្លួនរងការបំផ្លាញ? ប៉ុន្តែធាតុពិត ពួកគេនាំគ្នាស្រែកហ៊ោរកញ្ជ្រៀវអបអរសាទរ នៅពេលបានឃើញកាំភ្លើងធំថៃ និងការទម្លាក់គ្រាប់បែកយន្តហោះថៃ ចំមកលើប្រាសាទបុរាណខ្មែររងភាពខ្ទេចខ្ទី ដូចជាប្រាសាទតាក្របី ប្រាសាទព្រះវិហារ និងប្រាបុរាណខ្លះទៀត ដែលថៃកំពុងដាក់ផែនការបំផ្លាញចោល។
តើកាសែតបរទេស ដែលផ្សាយអំពីជម្លោះព្រំដែនរវាងកម្ពុជានិងថៃ បានបើកភ្នែកមើលឃើញការពិតទាំងនោះដែរឬទេ? តើពួកថៃធ្លាប់បង្ហាញរូបពិតនៃការបំផ្លាញប្រាសាទបុរាណខ្មែរ ជាមួយភាពហ៊ោរកញ្ជ្រៀវអបអរសាទរដែរឬទេ? ភាគីខ្មែរ មានឯកសារទាំងនេះ ដែលផ្តិតបានមកពីសមរភូមិដោយផ្ទាល់។ ហេតុអ្វីបានជាការសរសេរអត្ថបទសារព័ត៌មានបរទេស មិនបានផ្ទៀងផ្ទាត់ទាំងសងខាង?
* ការអត់ធ្មត់របស់កម្ពុជាមិនបានលុបការពិតទេ
កម្ពុជាបានខាំមាត់បង្ហាញនូវអត់ធ្មត់ ប៉ុន្តែបានកត់ត្រារាល់ករណីទាំងអស់ ដើម្បីតែការគោរពកិច្ចឈប់បាញ់ និងសេចក្តីថ្លែងការណ៍រូមសន្តិភាពក្រុងគួឡាឡាំពួរ។ អ្វីដែលកម្ពុជាបានធ្វើកន្លងមក គឺអនុវត្តតាមគោលការណ៍ច្បាប់ និងមិនមែនជាភាពខ្សោយឡើយ ប៉ុន្តែនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបរទេស បានបង្វែររឿងពិតនៅលើសមរភូមិដើម្បីជួយបិទបាំងអំពើ ឈ្លានពានរបស់ថៃ វាគឺជាភាពអយុត្តិធម៌ជាទីបំផុត។ ពិភពលោកមិនអាចព្រងើយកន្តើយចំពោះទុក្ខវេទនារបស់ប្រទេសកម្ពុជា ដែលកំពុងរងនូវអំពើឈ្លានពានរបស់ទាហានថៃក្នុងពេលនេះឡើយ។
សេចក្តីសន្និដ្ឋាន៖
កាសែតបរទេស ដែលពណ៌នាអំពីប្រទេសថៃថាជាអ្នករងគ្រោះ ខណៈពេលដែលមិនបានផ្ទៀងផ្ទាត់ការពិតនៃទុក្ខវេទនារបស់កម្ពុជា គឺជាការសរសេរបង្ហាញភាពលំអៀងតែមួយភាគី ដែលកំពុងបំភ័ន្តការពិតចំពោះពិភពលោក។ សេចក្តីរាយការណ៍ព័ត៌មានត្រូវមានយុត្តិធម៌និងការពិត មិនមែនជួយឃោសនាដល់ភាគីម្ខាងឡើយ។
អ្នកសារព័ត៌មានបរទេសដែលមិនលម្អៀងគប្បីត្រូវ ផ្តល់សំឡេងកម្ពុជាដល់ជនរងគ្រោះ ឈានដល់វេទិកាសកលដូចដែលពួកគេស្តាប់ភាគីថៃ។ ផ្តល់ភស្តុតាងពេញលេញដោយមិនបំផ្លាញ ឬបង្ខូចទ្រង់ទ្រាយការពិត ក្នុងសេចក្តីរាយការណ៍របស់ខ្លួន និងអ្នកសារព័ត៌មាន ត្រូវទទួលខុសត្រូវរាល់ព័ត៌មាននៃភាគីជម្លោះទាំងពីរដោយផ្អែកលើការពិត មិនមែនដោយកត្តាភូមិសាស្ត្រ ឬសម្ព័ន្ធភាពនយោបាយឡើយ។
កម្ពុជា បានឈរដោយការអត់ធ្មត់ វិន័យ និងការគោរពចំពោះអន្តរជាតិ។ ប្រជាជនកម្ពុជា មិនទាមទារអ្វីលើសអំពីសច្ចៈភាពឡើយ។ ប្រជាជនកម្ពុជា ចង់ឃើញសារព័ត៌មានបរទេសនិយាយការពិតឱ្យពិភពលោកស្តាប់ដោយគ្មានភាពលម្អៀង ដើម្បីឱ្យប្រវត្តិសាស្ត្រចងចាំថា កាលនោះសារព័ត៌មានបរទេស មិនបានបោះបង់ភារកិច្ចរបស់ខ្លួនចំពោះសេចក្តីរាយការណ៍ដោយយុត្តិធម៌ឡើយ៕


















