FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ

09-12-2025 22:20

(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ដែលមាន មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល នៃ អ.ស.ហ. ជាសេនាធិការ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «កម្រងបទប្បញ្ញត្តិនិងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ» ដោយមានការអញ្ជើញជាអធិបតីពីលោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សា អ.ស.ហ.។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងផ្សព្វផ្សាយកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ រួមបញ្ចូលទាំងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគាំទ្រការប្រើប្រាស់កម្រង និងសទ្ទានុក្រម ដែលឆ្លើយតបនឹងការអនុវត្តវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ក្នុង យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា២០២១-២០៣៥, គោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ២០២៤-២០២៨។

ថ្លែងក្នុងកម្មវិធីបើក លោក ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គ-លេខាធិការដ្ឋាន អ.ស.ហ. បានគូសបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយនេះមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការ យល់ដឹង និងជំរុញការប្រើប្រាស់កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុនិងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ឲ្យបានទូលំទូលាយដល់គ្រប់តួអង្គពាក់ព័ន្ធ ជាពិសេស ការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលកើតមានឡើងដោយសារ «និន្នាការបច្ចេកវិទ្យា» និង «និន្នាការឌីជីថល» ក្នុង «ចលនាការណ៍នៃការធ្វើឌីជីថលភាវូបនីយកម្មនិងការធ្វើ បរិវត្តកម្ម ឌីជីថលក្នុងវិស័យហិរញ្ញវត្ថុ» តាមរយៈការប្រមូលផ្ដុំនិងចងក្រងច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមានដែលមានលក្ខណៈ បែកខ្ញែក និងរប៉ាត់រប៉ាយ សំដៅផ្ដល់អត្ថប្រយោជន៍ដល់ការសិក្សា ការវិភាគ និងការវាយតម្លៃ ពី តម្រូវ ការនៃការរៀបចំ ការធ្វើវិសោធនកម្ម និងការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

សិក្ខាសាលានេះ ក៏ជាវេទិកាពិគ្រោះយោបល់ និងប្រមូលធាតុចូលបន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីធានាសង្គតិភាព គុណភាព បូរណភាព និងភាពគ្រប់ជ្រុងជ្រោយ នៃការរៀបចំកម្រង និងសទ្ទានុក្រម។ ក្នុងន័យនេះ ដើម្បីជាមូលដ្ឋានសម្រាប់ការពិចារណា និងតម្រង់ ទិសសិក្ខាសាលា លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ពីចំណុចគន្លឹះៗចំនួន៣ផងដែរ រួមមាន៖

*១៖ ការយល់ដឹង និងការប្រើប្រាស់កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនឹងផ្តល់អត្ថប្រយោជន៍ជាអតិបរមាក្នុងការអភិវឌ្ឍ «ពុទ្ធិបច្ចេកវិទ្យាហិរញ្ញវត្ថុ» ឬ «វិជ្ជាសមោធានបច្ចេកវិទ្យាហិរញ្ញវត្ថុ»

*២៖ ការបន្តធ្វើការងាររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងនីតិសម្បទាជា «មជ្ឈមណ្ឌលអក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Literacy Hub) និង «មជ្ឈមណ្ឌលពុទ្ធិបច្ចេកវិទ្យា ហិរញ្ញវត្ថុ» (FinTech Knowledge Hub) ក្នុងការអភិវឌ្ឍស្នាដៃទាំងនេះ​ និងធ្វើវិសិដ្ឋកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលចុងក្រោយថ្មីៗ ជាពិសេស បញ្ញាសិប្បនិម្មិត

*៣៖ ការទទួលយកមតិយោបល់ជាធាតុចូល ទាំងអស់ពីគ្រប់មជ្ឈដ្ឋានក្នុងស្មារតីសហអភិវឌ្ឍន៍ និងសហនវានុវត្តន៍។

ជាមួយគ្នានេះ តាមរយៈរបាយការណ៍គន្លឹះ លោក សូ សុភា ប្រធានមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. បានរាយការណ៍ពាក់ព័ន្ធនឹងសាវតារ នៃការបង្កើត និងការវិវឌ្ឍយន្តការ និងមុខងារស្ថាប័ន អ.ស.ហ. ដែលជាអាជ្ញាធរឯករាជ្យបង្កើតដោយច្បាប់ចាប់តាំងពីឆ្នាំ២០២១ ដើម្បីពង្រឹងនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង, ការត្រួតពិនិត្យ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍនិងការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលក្នុងនោះ រួមបញ្ចូលនូវ «ការរៀបចំកម្រងនិងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ» និងការបង្កើតនិងការវិវឌ្ឍមុខងាររបស់មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន អ.ស.ហ. ដែលត្រូវបានបង្កើត ដោយអនុក្រឹត្យ និងបំពាក់មុខងារបន្ថែមជា «អង្គភាពបរិវត្តកម្មឌីជីថលនៃ អ.ស.ហ.» និងត្រូវបានបញ្ចូលជាសមាជិកនៃគណៈកម្មការអន្ដរក្រសួងគ្រប់គ្រងទិន្នន័យអចលនទ្រព្យនៅកម្ពុជា សំដៅជំរុញ គាំទ្រ និងពន្លឿនបរិវត្តកម្មឌីជីថលផ្អែកលើ ទិន្នន័យ (Data-Driven Digital Transformation) ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ស្របតាមប្រព័ន្ធអេកូឡូស៊ីទិន្នន័យ នៃ អ.ស.ហ. (FSA Data Ecosystem)។
ក្នុងន័យនេះ កម្រងបទប្បញ្ញត្តិពាក់ព័ន្ធនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Compendium) ត្រូវបានធ្វើវិសិដ្ឋកម្មចេញពី «កម្រងបទប្បញ្ញត្តិគតិយុត្តជាមូលដ្ឋានអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុឆ្នាំ២០២៤» ដោយធ្វើការប្រមូលផ្តុំច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្ទាល់នឹងបច្ចេកវិទ្យាហិរញ្ញវត្ថុសរុបប្រមាណ ៣៨០ អត្ថបទ និងត្រូវបានរៀបចំផ្អែកតាម «កម្មវត្ថុគតិយុត្ត» និង «កាលប្បវត្តិ» ដោយបានប្រើប្រាស់ «វិធីសាស្ត្រក្រមនីយកម្ម» និងគោលការណ៍បច្ចុប្បន្នភាព បូរណភាព និងបរិយាបន្ន។

ចំណែកឯសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech Lexicon) បានប្រមូលផ្តុំនូវបច្ចេកសព្ទសរុបប្រមាណជិត ២០០០ ដោយត្រូវបានរៀបចំជា៣ភាសា គឺភាសាខ្មែរ អង់គ្លេស និងបារាំង ដោយផ្អែកលើឯកសារផ្លូវការផ្សេងៗ និងបច្ចេកសព្ទដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាជាតិភាសាខ្មែរ សំដៅបម្រើជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងការរួមវិភាគទានដល់ការអភិវឌ្ឍមូលធនមនុស្សបច្ចេកវិទ្យាហិរញ្ញវត្ថុ ហើយនៅឆ្នាំ២០២៥ សទ្ទានុក្រមនេះ ត្រូវបានធ្វើបច្ចុប្បន្នកម្ម ដោយមានកិច្ចសហការពីនិយ័តករនិងអង្គភាពក្រោមឱវាទ អ.ស.ហ. ទាំងអស់តាមរយៈការផ្តល់បច្ចេកសព្ទ ក្នុងវិស័យស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន និងត្រូវបានផ្សព្វផ្សាយជាទម្រង់ទន់ ពោលគឺជាទម្រង់ទន់ PDF និងអនឡាញ ទាំងវេប ទាំងកម្មវិធីទូរសព្ទឆ្លាតវៃ៕