អ្នកជំនាញអារ្យធម៌ខ្មែរ៖ កូទ្បូសសេវ-Colosseo និងប្រាសាទអង្គរ-Angkor ជានិមិត្ដរូបនៃចក្រភព
07-12-2025 18:02
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងពីទីក្រុងរ៉ូម ប្រទេសអ៊ីតាលីថា បើនិយាយអំពីគុណតម្លែសម្បត្ដិបេតិកភណ្ឌពិភពលោក កូឡូសសេវ- Colosseo ជាវិមានមហោស្រពរាងពងក្រពើដ៏ធំសម្បើមជាងគេលើពិភពលោក ដែលអាចដាក់មនុស្សទស្សនា៥០០០០នាក់ សម័យចក្រភពរ៉ូមុំាង ប្រទេសអ៊ីតាលី និងប្រាសាទអង្គរ-Angkor ក៏ជាវិមានបុរាណដ្ឋានសាសនាដ៏ធំសម្បើមជាងគេលើពិភពលោក សម័យចក្រភពអង្គរ របស់ប្រទេសកម្ពុជា ហើយដែលមរតកសំណង់ទាំងពីរគឺជាសម្បត្ដិបេតិកភណ្ឌពិភពលោក ដ៏ល្បីល្បាញលើពិភពលោកដែលមានតម្លៃលេចធ្លោជាសកលនៃសម័យកាល។
ហេតុនេះបើពោល ចំពោះមរតក កូឡូសសេវ- Colosseo នេះគឺបង្ហាញអំពីតម្លៃលេចធ្លោលើការកម្សាន្ត សក្ខីភាពអំណាចយោធា និងនយោបាយនៃភាពរុងរឿងអស្ចារ្យនៃចក្រភពរ៉ូមុាំងដ៏អស់កល្ប រីឯមរតកប្រាសាទអង្គរ-Angkorវិញ មានតម្លៃជាចម្បងលើសាសនា វប្បធម៌ និងសិល្បៈ តំណាងឲ្យចក្រវាទ្ប និងការបត់បែនឥទ្ធិពលនៃឧត្តមភាពអរិយធម៌ចក្រភពខ្មែរដ៏អស់កល្ប។
បើពោលឲ្យចំ កូឡូសសេវ-Colosseo ជានិមិត្តរូបបេះដូងទីក្រុងរ៉ូម នៃចក្រភពរ៉ូម៉ាំង ហើយប្រាសាទអង្គរ ជានិមិត្តរូបបេះដូងរាជធានីអង្គរ នៃចក្រភពខ្មែរ។ បច្ចុប្បន្ន កូទ្បូសសេវ-Colosseo និងប្រាសាទអង្គរវត្ដ ជានិមិត្តរូបនិងជាស្ពានចម្លងអរិយធម៌នៃភាពរុងរឿងនៃទីតាំងភូមិសាស្រ្ដរបស់អឺរ៉ុប និងអាស៊ីអាគ្នេយ៍ ហើយបានបើកទ្វារជាចំហស្វាគមន៍ដល់ភ្ញៀវទេសចរ ជុំវិញពិភពលោកយ៉ាងរស់រវើកដ៏អស់កល្ប៕




