ខេត្តកណ្តាលបន្តឈានមុខក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បន្ទាប់ពីរាជធានីភ្នំពេញ
30-11-2025 09:34
(កណ្តាល)៖ ខេត្តកណ្តាលបន្តឈានមុខខេត្តផ្សេងៗទៀតក្នុងការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងនាមជាខេត្តយុទ្ធសាស្ត្រមួយដែលមានប្រជាជនច្រើននិងមានសេដ្ឋកិច្ចផ្សារភ្ជាប់នឹងរាជធានីភ្នំពេញ។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្រោមកិច្ចសហការជាមួយសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជានិងរដ្ឋបាលខេត្តកណ្តាលបានរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងជំរុញការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តនេះនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២៥ដែលមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចូលរួមប្រមាណ៣ពាន់នាក់។
ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានលើកឡើងពីវឌ្ឍនភាពរបស់ខេត្តកណ្តាលក្នុងដំណើរការប្រែក្លាយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅក្នុងក្របខណ្ឌគាំទ្ររបស់ជាតិ។
លោកបានលើកឡើងថាការចុះឈ្មោះនិងការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យរីកធំធាត់មានសារៈសំខាន់ណាស់សម្រាប់ដំណើរការអភិវឌ្ឍជាតិពិសេសការសម្រេចចក្ខុវិស័យឆ្នាំ២០៥០របស់រាជរដ្ឋាភិបាល។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តខេត្តកណ្តាលមានប្រជាជនជិត១,៤លាននាក់និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ៦៦.០០០នាក់នៅក្នុងអាជីវកម្មមុខរបរនិងការងារអាទិភាពទាំង១៥ដែលបានកំណត់ក្នុងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ។ចំណូលមធ្យមរបស់ពលរដ្ឋម្នាក់ៗក្នុងឆ្នាំ២០២៤មានចំនួន២.៤៥៦ដុល្លារកើនឡើង១៨១ដុល្លារធៀបនឹងឆ្នាំ២០២៣។នេះជាកំណើនគួរឱ្យកត់សម្គាល់ដែលក្នុងនោះក៏មានការរួមចំណែកសំខាន់ពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
រដ្ឋបាលខេត្តក៏បានលើកឡើងពីយន្តការអនុវត្តជាក់ស្តែងរួមទាំងការបង្កើតគណៈកម្មាធិការថ្នាក់ខេត្តនិងក្រុង-ស្រុកដែលធ្វើឱ្យខេត្តទទួលបានលទ្ធផលចុះឈ្មោះខ្ពស់។
លោក ហែម វណ្ណឌី បានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរួមមានដូចជាការទទួលបានអត្តសញ្ញាណច្បាស់លាស់ មានលទ្ធភាពទទួលសេវាហិរញ្ញវត្ថុផ្លូវការ អត្ថប្រយោជន៍របបសន្តិសុខសង្គម ការបណ្តុះបណ្តាលជំនាញសេវាគាំពារសង្គម ការលើកលែងកាតព្វកិច្ចពន្ធ និងការអនុគ្រោះពន្ធជាដើម។
ទន្ទឹមនឹងនោះអត្ថប្រយោជន៍ថ្មីៗត្រូវបានបន្តរៀបចំដោយស្ថាប័នរដ្ឋនិងឯកជនដូចជាការធានារ៉ាប់រងអាយុជីវិតសម្រាប់គ្រោះថ្នាក់បុគ្គលជាក្រុម ពីក្រុមហ៊ុនManulife, បណ្ណជំនួយថវិកា(Grant Voucher) ចំនួន១លានរៀលពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ»សម្រាប់សហគ្រាសធុនមីក្រូចាប់យកដំណោះស្រាយការបណ្តុះបណ្តាលនិងការប្រឹក្សាផ្នែកឌីជីថលសម្រាប់អាជីវកម្ម។មូលនិធិអភិវឌ្ឍន៍ជំនាញនិងក្រុមហ៊ុនធានារ៉ាប់រងទូទៅហ្វីលីពក៏កំពុងរៀបចំកញ្ចប់អត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលនឹងត្រូវប្រកាសនៅពេលខាងមុខ។
លោក ហែម វណ្ណឌីបានលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងភូមិសាស្ត្រខេត្តកណ្តាលឱ្យចូលរួមចុះឈ្មោះដើម្បីរក្សាដំណែងខេត្តកណ្តាល ជាខេត្តដែលបានចុះឈ្មោះច្រើនជាងគេលំដាប់ទីពីរនៅទូទាំងប្រទេសដោយបន្ថែមថាការចុះឈ្មោះនឹងបម្រើដល់ការរីកចម្រើនផ្ទាល់ខ្លួននិងពង្រឹងសេដ្ឋកិច្ចរបស់ខេត្តជារួម។
គិតត្រឹមថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២៥ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលសំណើចុះឈ្មោះចំនួន២៣៤.៣៣៩នៅទូទាំងប្រទេស។ ខេត្តកណ្តាលឈរនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពីរាជធានីភ្នំពេញដោយមានអ្នកចុះឈ្មោះចំនួន២៧.៨៤៣នាក់។
ថ្នាលឌីជីថលនេះអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើសតាមរយៈកម្មវិធីទូរសព្ទដៃ(CAM-IE app) វិបផតថលនិងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេសដែលបច្ចុប្បន្នរួមមានធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារABA, ធនាគារSME, ធនាគារARDB, ធនាគារវឌ្ឍនៈ, ធនាគារកាណាឌីយ៉ានិង ធនាគារFTB ។ក្រុមគោលដៅសម្រាប់ការចុះឈ្មោះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ដែលប្រកបអាជីវកម្មមុខរបរនិង/ឬការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕











