FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេសជប៉ុន ផ្តល់បណ្ណសរសើរដល់ជនជាតិជប៉ុន ១រូប ដែលមានស្នាដៃឆ្នើមជំរុញការលើកកម្ពស់មិត្តភាពកម្ពុជា-ជប៉ុន ក្នុងវិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា

29-11-2025 10:42

(ភ្នំពេញ)៖ ក្រសួងការបរទេសជប៉ុន តាមរយៈឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានប្រគល់ជូនបណ្ណសរសើរដល់ជនជាតិជប៉ុន ១រូប គឺលោក សាកាណុ អ៉ីសសេ (Sakano Issei) ទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា ដែលមានស្នាដៃឆ្នើមលើការជំរុញលើកកម្ពស់ទំនាក់ទំនង ឈ្វេងយល់ពីគ្នា ទៅវិញទៅមករវាងមិត្តភាពកម្ពុជា-ជប៉ុន ជាពិសេសនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌របស់កម្ពុជា។

ពិធីប្រគល់បណ្ណសរសើរនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោក ជីវ កេងប្រធានតុលាការកំពូល, ទេសរដ្ឋមន្ត្រី អង្គ វង្ស វឌ្ឍានាប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា, លោក ស្រី ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃព្រឹទ្ធសភា, លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត នៅនិវេសនដ្ឋាន ស្ថានទូតជប៉ុន។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញស្នាដៃដោយសង្ខេបរបស់លោក Sakano ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងប្រទេសកម្ពុជា ក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដែលជាហេតុផលដែលលោកទទួលបានសិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុន ដល់ភ្ញៀវកិត្តិយសនៅទីនេះ។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យលោក សាកាណូ បានបង្កើតទំនាក់ទំនងជាមួយប្រទេសកម្ពុជា តាមរយៈការបម្រើការជាអ្នកស្ម័គ្រចិត្តសម្រាប់អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) និងជាបុគ្គលិកគម្រោង នៃអង្គការមិនមែនរដ្ឋាភិបាល (NGO) មួយនៅកម្ពុជា។ នៅក្នុងខែធ្នូ ឆ្នាំ១៩៩៨ លោក Sakano បានមកប្រទេសកម្ពុជាក្នុងនាមជាអ្នកជំនាញ JICA រយៈពេលវែង ហើយលោកបានទទួលបន្ទុកក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍វិស័យច្បាប់និងយុត្តិធម៌។ បន្ទាប់មកលោក សាកាណូ បានមកប្រទេសកម្ពុជាជាអ្នកជំនាញ JICA រយៈពេលវែង ម្តងទៀតនៅឆ្នាំ២០០៤ ហើយទទួលបន្ទុកក្នុងដំណាក់កាលទី២ និងទី៣ នៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌។ លោក សាកាណូបានខិតខំប្រឹងប្រែងក្នុងការរៀបចំតាក់តែងច្បាប់ និងបទប្បញ្ញត្តិសំខាន់ៗនៅប្រទេសកម្ពុជារួមទាំងក្រមរដ្ឋប្បវេណី និងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យច្បាប់ និងយុត្តិធម៌រយៈពេលសរុបជាង១០ឆ្នាំ។

លោក សាកាណូ បានបម្រើការជាទីប្រឹក្សាក្រសួងយុត្តិធម៌កម្ពុជា ចាប់តាំងពីឆ្នាំ២០១៨ ហើយបន្តចូលរួមយ៉ាងសកម្មក្នុងការធ្វើវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិដូចជាច្បាប់ភូមិបាលជាដើម។ លោក សាកាណូ ក៏បានចូលរួមចំណែកយ៉ាងច្រើន ដល់ការយោគយល់គ្នានិងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា តាមរយៈការធ្វើបាឋកថា នៅតាមសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុនអំពីបទពិសោធន៍របស់លោកខក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យច្បាប់និងយុត្តិធម៌របស់ប្រទេសកម្ពុជានិងប្រព័ន្ធច្បាប់នៅកម្ពុជាផងដែរ។

ជោគជ័យជាច្រើនឆ្នាំរបស់លោកសាកាណូ នៅកម្ពុជា គឺជានិមិត្តរូបនៃការគាំទ្ររបស់ប្រទេសជប៉ុន ចំពោះការកសាង ប្រទេសជាតិរបស់កម្ពុជាហើយលោកបានចូលរួមចំណែកមិនត្រឹមតែក្នុងវិស័យច្បាប់ និងយុត្តិធម៌ប៉ុណ្ណោះទេប៉ុន្តែថែមទាំងក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទាំងមូលផងដែរ។ ខ្ញុំសូមឆ្លៀតយកឱកាសនេះ ដើម្បីសម្តែងការគោរពដល់សមិទ្ធផលជាច្រើនឆ្នាំរបស់លោកសាកាណូ និងសូមជូនពរឱ្យលោកទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចថែមទៀត នាពេលអនាគត។

ជំនួយរបស់ប្រទេសជប៉ុន ចំពោះប្រទេសកម្ពុជាសម្រាប់ការអភិវឌ្ឍប្រព័ន្ធច្បាប់បានបន្តអស់រយៈពេលជាង២៥ ឆ្នាំមកហើយ, លោកយល់ថាជំនួយដ៏យូរអង្វែងនេះ អាចធ្វើទៅបានដោយសារកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់លោក Sakano និងភាគីពាក់ព័ន្ធទាំងអស់របស់ប្រទេសទាំងពីរ ដែលមានវត្តមាននៅទីនេះក្នុងថ្ងៃនេះ។

ឯកអគ្គរាជទូតជប៉ុន បានបង្ហាញក្តីសង្ឃឹមថា ការប្រគល់លិខិតសរសើររបស់រដ្ឋមន្ត្រីការបរទេសជប៉ុនដល់លោក Sakano នេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែស៊ីជម្រៅថែមទៀតនៅក្នុងវិស័យច្បាប់ និងយុត្តិធម៌និងនាំទៅរកការអភិវឌ្ឍបន្ថែមទៀតនៃប្រព័ន្ធច្បាប់ និងយុត្តិធម៌របស់ប្រទេសកម្ពុជា។ លើសពីនេះ លោក សាកាណូ ក៏ចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរ។