លោកទេសរដ្ឋមន្ត្រី អ៉ី ឈាន៖ ការលើកឡើងរបស់ជនក្បត់ជាតិ អ៊ុំ សំអាន ជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន
27-11-2025 12:56
(ភ្នំពេញ)៖ លោក អ៉ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានឆ្លើយតបនឹងការបង្ហោះផ្សាយមិនពិតរបស់ លោក អ៊ុំ សំអាន ដែលជាប់ចោទពីបទក្បត់ជាតិ និងធ្លាប់ជាប់គុកដោយសារតែប្រើផែនទីក្លែងក្លាយ។
ការចេញបញ្ជាក់របស់អតីតមេខ្មែរក្រហមរូបនេះ បានធ្វើឡើង បន្ទាប់ពី គណនីហ្វេសប៊ុកឈ្មោះ Um Sam An បានសរសេរព័ត៌មានដោយលើកឈ្មោះលោកមកពាក់ព័ន្ធដោយលើកឡើងថា «លោក អ៉ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មី គឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។
លោក អ៉ី ឈាន បានបញ្ជាក់ថា៖ «ចំពោះករណីនេះ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនាបង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ»។
អតីតអភិបាលខេត្តប៉ៃលិន បានបញ្ជាក់បន្ថែមថា តាំងពីសម័យសង្គ្រាមរហូតមកដល់បបច្ចុប្បន្ន និងតទៅអនាគត លោកការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត លោកជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។ ហើយបង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។
«ដូច្នេះអ្វីដែលបុគ្គល អ៊ុំ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។ ខ្ញុំសូមជម្រាបជូនបងប្អូនថា បុគ្គល អ៊ុំ សំអាន នេះ តែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន»។ នេះបើតាមការបញ្ជាក់បន្តរបស់ លោក អ៉ី ឈាន។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី អ៉ី ឈាន បានស្នើឱ្យជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម៕




