FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកស្រីបណ្ឌិត ជា សិរី អំពាវនាវដល់ប្រជាពលរដ្ឋជឿទុកចិត្តរាជរដ្ឋាភិបាល លើកិច្ចការពារបូរណភាពដែនដី

25-11-2025 14:49

(កំពង់ធំ)៖ លោកស្រីបណ្ឌិត ជា សិរី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកប្រាសាទសំបូរ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពដែនដី រួមទាំងឧត្តមប្រយោជន៍របស់ជាតិ និងប្រជាជន។

ការអំពាវនាវរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើលើកឡើងនៅក្នុង ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ទីស្នាក់ការគណបក្សឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ពីគោលដៅរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាដើម្បីទប់សភាពការណ៍ដែលកើតមាន កុំឱ្យរីករាលដាល និងមិនឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ ក៏ដូចជាស្វែងរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានៅនឹងកន្លែងឱ្យបានឆាប់ជាទីបំផុត។ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ស្ងាត់ តែមិនស្ងៀមបានប្រកាន់យកនូវអភិក្រម ក្នុងការខិតខំដោះស្រាយដោយភាពអត់ធ្មត់ និងការប្រើប្រាស់មធ្យោបាយសន្តិវិធី ព្រោះការប្រើប្រាស់មធ្យោបាយហិង្សាណាមួយ មិនត្រឹមតែមិនអាចរកដំណោះស្រាយបាននោះទេ ប៉ុន្តែអាចនាំដល់ការពង្រីកភូមិសាស្ត្រនៃជម្លោះ និងបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋកាន់តែច្រើន និងកាន់តែធ្ងន់ធ្ងរក៏ដូចជា បង្កការលំបាកនៅក្នុងការស្វែងរកដំណោះស្រាយ បញ្ចប់បញ្ហាឱ្យបានឆាប់។

ក្នុងនោះលោកស្រីបណ្ឌិត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជនរួមជាតិទាំងអស់ បន្តជឿទុកចិត្ត និងគាំទ្រលើរាជរដ្ឋាភិបាល ដែលបាននិងកំពុងធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី រួមទាំងឧត្តមប្រយោជន៍ របស់ជាតិ និងប្រជាជន។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋតាមដានព័ត៌មានពី Page ផ្លូវការរបស់សម្តេចតេជោ, សម្ដេចធិបតី, ក្រសួងព័ត៌មាន និងក្រសួងការពារជាតិជាដើម ដើម្បីទទួលបានព័ត៌មានដែលពិត ជៀសវាងការចែកចាយបន្តនូវព័ត៌មានមិនពិត ធ្វើឱ្យ ប្រជាពលរដ្ឋផ្សេងទៀតមានការយល់ច្រឡំ។

លោកស្រីបណ្ឌិតបន្តថា អ្វីៗដែលយើងទទួលបានសព្វថ្ងៃ កើតចេញពីការខិតខំប្រឹងប្រែងយូរអង្វែង ជាពិសេសការផ្តល់ ឱកាសរបស់បងប្អូនប្រជាពលរដ្ឋ ឱ្យគណបក្សប្រជាជនបានបម្រើប្រជាពលរដ្ឋ ហើយគណបក្សប្រជាជនកម្ពុជា ក៏ត្រូវបន្តខិតខំប្រឹង ប្រែងថែរក្សាការពារសមិទ្ធផលទាំងនេះ និងបន្តពង្រឹងស្ថិរភាពនយោបាយ សន្តិភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងជំរុញការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសជួយដោះ ស្រាយទុក្ខលំបាកជូនប្រជាពលរដ្ឋ។

ក្នុងនោះលោកស្រីបណ្ឌិត ជា សិរី ក៏បានអញ្ជីញចូលរួមសម្ភោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុង នៅអនុវិទ្យាល័យ ហ៊ុន សែន ព្រៃក្តី ទទឹងប្រវែង ១៦០ ម៉ែត្រ និងទទឹង ៤,៦ ម៉ែត្រ ក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបង្ហាញពីការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ និងមន្ត្រីធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍវិស័យអប់រំ កម្ពុជា ក៏ដូចជាសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចបាននូវគោលដៅសេដ្ឋកិច្ច ក្នុងការ ក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

ការសិក្សាក្នុងស្ថានភាពល្អប្រសើរ មានសារៈសំខាន់ណាស់ ដើម្បីទាក់ទាញប្អូនសិស្សានុសិស្សដែលជាទំពាំងស្នងឬស្សី ឱ្យចង់បន្តការសិក្សាទៅមុខឱ្យបានវែងឆ្ងាយ។

ជាក់ស្ដែងការសាងសង់អគារ សិក្សា និងប្រព័ន្ធផ្លូវនានា ទាំងក្នុង និងនៅជុំវិញបរិវេណសាលា គឺជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធអប់រំ ផ្ដល់ភាព ងាយស្រួល និងបង្កឱ្យមានបរិយាកាស សុវត្ថិភាព និងផាសុកភាពដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ-អ្នកគ្រូទាំងអស់៕