រាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ រៀបចំសិក្ខាសាលាស្តីពី «ការលើកកម្ពស់គ្រូបង្រៀនបឋមសិក្សា៖ គន្លងអាជីព ភាពធន់ និងសុខុមាលភាពគ្រូបង្រៀន»
25-11-2025 14:30
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានសហការជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) និងវិទ្យាស្ថានកូរ៉េសម្រាប់ការអភីវឌ្ឍន៍ការអប់រំ (KEDI) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានសហការគ្នារៀបចំសិក្ខាសាលាភាពជាដៃគូអភិវឌ្ឍកូរ៉េ-កម្ពុជា ស្តីពី «ការលើកកម្ពស់គ្រូបង្រៀនបឋមសិក្សា៖ គន្លងអាជីព ភាពធន់ និងសុខុមាលភាពគ្រូបង្រៀន»។
ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក Dr. KIM Joon-Kyung ព្រឹទ្ធបុរសនៃវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI), លោក Dr. SUH Mookye អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកូរ៉េសម្រាប់ការអភិវឌ្ឍការអប់រំ (KEDI) ព្រមទាំងលោកសាស្រ្តាចារ្យបណ្ឌិត ជាវាគ្មិនជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។
ក្នុងនាមលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ បានថ្លែងថា សិក្ខាសាលានេះជាផ្នែកមួយនៃគម្រោងពង្រឹងសមត្ថភាពមន្រ្តីរាជការស៊ីវិលកម្ពុជា សម្រាប់ការស្រាវជ្រាវគោលនយោបាយមានរយៈពេល៥ឆ្នាំពីឆ្នាំ២០១៩-២០២៦។ ដោយចែកចេញជា២ដំណាក់កាលគឺ ដំណាក់កាលទី១ពីឆ្នាំ ២០១៩-២០២៣ បានសហការជាមួយក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមរបស់កូរ៉េ (NRC) ឯដំណាក់កាលទី២ ពោលគឺចាប់ពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្នបានបន្តជាមួយវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ក្នុងនោះផ្តោតជាសំខាន់លើ ទី(១) ការអភិវឌ្ឍសមត្ថភាព ទី(២) ការស្រាវជ្រាវរួមគ្នា ទី(៣) សិក្ខាសាលាអន្តរជាតិ និងទី(៤) ការចែករំលែកចំណេះដឹង។
លោកបណ្ឌិតបានបន្តថា វិស័យអប់រំដើរតួនាទីយ៉ាងសំខាន់ដើម្បីឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្ម ៤.០ ហើយជាមូលដ្ឋានគ្រឹះក្នុងការចាប់យកវិជ្ជាជីវៈប្រចាំជីវិត និងបង្កើនសមត្ថភាពដើម្បីប្រកបការងារ ក៏ដូចជាបន្តការរៀនសូត្រពេញមួយជីវិត។ ក្នុងនោះដែរការអប់រំនៅកម្រិតបឋមសិក្សានេះក៏រឹតតែជាមានសារសំខាន់យ៉ាងខ្លាំង ហើយគ្រូបឋមសិក្សាដើរតួនាទីយ៉ាងសំខាន់ដើម្បីលើកកម្ពស់ប្រសិទ្ធិភាព និងគុណភាពនៃការផលិតធនធានមនុស្សដែលជាសមិទ្ធផលដ៏ថ្លៃថ្លារបស់លោកគ្រូ អ្នកគ្រូ ដែលជាមាតា បិតាសិស្សទី២ របស់សិស្ស។
ជាមួយគ្នានេះដែរ លោកបណ្ឌិត យង់ ពៅ បានបន្តថា ប្រទេសជាតិទទួលបានការរីកចម្រើន អាស្រ័យលើគុណភាពនៃការអប់រំជាពិសេសអាស្រ័យលើធនធានមនុស្សដែលគ្រូបង្រៀនផលិតបាន។ ប៉ុន្តែ ប្រសិនគ្រូបង្រៀនដែលខ្វះចំណេះដឹង ខ្វះសីលធម៌ ហើយបំពេញភារកិច្ចរបស់ខ្លួនមិនគោរពក្រមសីលធម៌វិជ្ជាជីវៈ ជាហេតុនាំឱ្យមិនបានផ្តល់ការអប់រំដែលមានគុណភាពឬផលិតធនធានមនុស្សដែលមិនទទួលបានសម្បទាពេញលេញនឹងបង្កផលវិបាកសម្រាប់សិស្សដែលជាទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិទាំងមូល។ ដូច្នេះ គ្រូបង្រៀនជាតួអង្គដ៏សំខាន់ ប៉ុន្តែ គ្រូបង្រៀនក៏ត្រូវការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំផងដែរ ដោយសារគ្រូបង្រៀនដែលមានសមត្ថភាពខ្ពស់និងមានទេពកោសល្យក្នុងការបង្ហាត់បង្រៀន គឺជាកត្តាសំខាន់បំផុតក្នុងការសម្រេចបានគោលនយោបាយអប់រំរបស់កម្ពុជា។
បន្ថែមពីនេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា សិក្ខាសាលានេះគឺស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលយកមូលធនមនុស្សជាគ្រឹះសំខាន់ក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។ ពោលគឺមូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែ ត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុងតែបច្ចុប្បន្នយើងអាចធានាបាន និងម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។
លោកបណ្ឌិត យង់ ពៅ បានបន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីអភិវឌ្ឍ និងគាំទ្រការអប់រំបឋមសិក្សា និងឈានដល់ការបង្កើតស្តង់ដាសាលាបឋមសិក្សាគំរូ ដោយធ្វើការតាមដាន និងវាយតម្លៃជាប្រចាំផងដែរ។ ស្តង់ដាទាំងប្រាំរួមមានស្តង់ដាទី១៖ លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២៖ ការបង្រៀននិងរៀន ស្តង់ដាទី៣៖ ការចូលរួមរបស់សហគមន៍ស្តង់ដា ទី៤៖ ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និងស្តង់ដាទី៥៖ គណនេយ្យភាពរបស់សាលារៀន។ យោងតាមប្រកាសលេខ ២៩៩ អយក.ប្រក ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការទទួលស្គាល់ជ័យលាភីសាលារៀនគំរូ ឆ្នាំសិក្សា២០២៣-២០២៤ មានសាលាបឋមសិក្សាចំនួន៥០ ដែលទទួលស្គាល់ជ័យលាភី សាលាបឋមសិក្សាជា សាលារៀនគំរូ៕










