ឃាតកម្មចាក់សម្លាប់ប្រពន្ធខ្លួនឯង នៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ, កម្លាំងសមត្ថកិច្ចតាមចាប់ជនដៃដល់បាន
24-11-2025 13:54
(ព្រះសីហនុ)៖ កម្លាំងសមត្ថកិច្ច នៃស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាកម្លាំងអធិការដ្ឋាននគរបាលក្រុង បើកប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យក្នុងករណីឃាតកម្ម ចាក់សម្លាប់ប្រពន្ធខ្លួនឯង ដោយប្រើត្រឹមតែរយៈពេល ៣ក្រោយរត់គេចខ្លួន។
ការចុះប្រតិបត្តការនេះធ្វើឡើងនាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយមានការយកចិត្តទុកដាក់ និងបញ្ជាពីឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់សោម។
យោងតាមរបាយការណ៍សមត្ថកិច្ច នៅវេលាម៉ោង៨យប់ មានករណីបុរសម្នាក់ប្រើកាំបិតចុងស្រួចចាក់សម្លាប់ប្រពន្ធរបស់ខ្លួននៅម្ដុំផ្ទះពស់ចាស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយបានគេចខ្លួនបាត់ ភ្លាមៗកម្លាំងសមត្ថកិច្ចជំនាញបានសហការរួមគ្នា បើកធ្វើស្រាវជ្រាវស្វែងរកចាប់ខ្លួន រហូតដល់ម៉ោង ២៣៖១៥នាទី ទើបឃាត់ខ្លួនជនសង្ស័យបាននៅមុខរោងចក្រតំបន់សេដ្ឋកិច្ចពិសេស ស្ថិតនៅសង្កាត់បិតត្រាំង ក្រុងកំពង់សោម និងបញ្ជូនមកស្នងការដ្ឋានខេត្តដើម្បីបន្តនីតិវិធី។
វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃម៉ាក់ VIVO ពណ៌ខៀវ ១គ្រឿង, កាំបិតចុងស្រួច ១ដើម, ម៉ូតូ VIVA ពណ៌ខ្មៅ ស្លោកលេខ ភ្នំពេញ 1C-7405 មួយគ្រឿង, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, អាវក្រៅដៃវែងពណ៌ខ្មៅ បច្ចុប្បន្នកម្លាំងជំនាញព្រហ្មទណ្ឌកំពុងចាត់ការតាមនីតិវិធីច្បាប់៕









