ខេត្តព្រះវិហារ រៀបចំពិធីអបអរសាទរទិវា បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ»
24-11-2025 13:54
(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិខេត្តព្រះវិហារ បានថ្លែងអំពាវនាវ៣ចំណុចដើម្បីឱ្យខេត្តមានបរិស្ថានស្អាត និងផាសុកភាព ទាក់ទាញភ្ញៀវទេសចរណ៍ រួមមាន៖ ពង្រឹងការងារគ្រប់គ្រងសំរាម សំណល់រឹង តាមរយៈការរៀបចំ ទីលានចាក់សំរាម និងសេវាប្រមូលសំរាមឱ្យមានប្រសិទ្ធភាព និងផ្សព្វផ្សាយពីការញែកសំរាមនៅតាមផ្ទះឱ្យបានទូលំទូលាយ។
លោកថា ចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក តាមរយៈការប្រើប្រាស់ សម្ភារវេចខ្ចប់ជំនួសវិញដូចជា ស្លឹកសេក ថង់ក្រណាត់ កន្ត្រក ឬ ប្រអប់ម្ហូបដែលអាចប្រើឡើងវិញ និងទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវ ជាពិសេសគឺ ចូលរួមសម្អាតអនាម័យ ការដាំដើមឈើ នៅតាម ទីសាធារណៈ តាមដងផ្លូវ និងក្នុងបរិវេណស្ថាប័ន អង្គភាព លំនៅដ្ឋាន ដើម្បីរក្សាបាននូវខេត្តព្រះវិហារជាខេត្ត ដែលពោរពេញ ដោយភាពបៃតង។ ចូលរួមផ្សព្វផ្សាយ និងអប់រំកូនចៅរបស់យើង អំពីសារៈសំខាន់ នៃការស្រឡាញ់បរិស្ថាន និងចូលរួមរៀបចំទិវាបរិស្ថានជាតិ និង យន្តការផ្សេងៗទៀត នៅតាមមូលដ្ឋានរបស់ខ្លួន។
ការថ្លែងអំពាវនាវរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវា បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត បរិស្ថានល្អ» នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥។
ឆ្លៀតក្នុងឱកាសនោះ លោក គីម រិទ្ធី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់មន្ទីរបរិស្ថានខេត្ត រដ្ឋបាលក្រុងព្រះវិហារ មន្ទីរ អង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ សហការបានយ៉ាងល្អ ក្នុងការចូលរួមជំរុញចលនាស្រឡាញ់ ថែរក្សា លើកកម្ពស់ និងគាំពារបរិស្ថាន ជាពិសេសគឺការចូលរួមអនុវត្ត តាមចក្ខុវិស័យ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល, គោលនយោបាយរបស់ ក្រសួងបរិស្ថាន, និងអភិក្រមរបស់ក្រសួងមហាផ្ទៃ ដែលផ្តោតទៅលើមុំយុទ្ធសាស្រ្តចំនួន៣ គឺ ស្អាត បៃតង និងចីរភាព និងការរៀបចំអនាម័យ បរិស្ថានស្អាត គឺផ្តើមចេញពី អង្គភាព ស្ថាប័ន របស់យើង។
អភិបាលខេត្តព្រះវិហារ ថ្លែងទៀតថា បច្ចុប្បន្ននេះ វិស័យបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដែលជះឥទ្ធិពលអាក្រក់ និងបង្ករការគំរាមកំហែងដល់សុខភាពមនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី បង្កឡើងដោយសកម្មភាពមនុស្ស ជាបញ្ហាចម្បង និងជាប្រធានបទក្តៅមួយ ដែលត្រូវបានពិភពលោកយកទៅដាក់ក្នុងរបៀបវារៈ នៃការជជែក និងស្វែងរកដំណោះស្រាយរួមទាំងក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិ។
លោក គីម រិទ្ធី ថ្លែងបញ្ជាក់ទៀតថា «ខេត្តព្រះវិហាររបស់យើងក៏កំពុងប្រឈមនឹងបញ្ហាទាំងអស់នោះផងដែរ ដោយការទុកដាក់សំរាម កាកសំណល់រឹង-រាវ ការរៀបចំទីលានចាក់សំរាម និងសេវាប្រមូលសំរាម នៅមិនទាន់បាន ត្រឹមត្រូវនៅឡើយ, ការអប់រំ និងទម្លាប់របស់ប្រជាពលរដ្ឋក្នុងការបោះ សំរាមចោលពាសវាលពាសកាលក៏នៅតែមានផងដែរ។ លើការលើកកម្ពស់ និងគាំពារវិស័យបរិស្ថាន ដែលចាត់ទុកវិស័យ បរិស្ថាន គឺជាសសរស្តម្ភដ៏ សំខាន់មួយក្នុងចំណោមសសរស្តម្ភទាំងបួន (បរិស្ថាន សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ដែលជាអ្នកទ្រទ្រង់ ដល់ការអភិវឌ្ឍប្រកបការរៀបចំទិដោយចីរភាព»។
លោកថ្លែងបញ្ជាក់ទៀតថា ការរៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ ក្រោមប្រធានបទ «ទម្លាប់ស្អាត គ្រួសារស្អាត នាឱកាសនេះ គឺពិតជាមានសារៈសំខាន់ និងឆ្លុះបញ្ចាំងឱ្យឃើញកាន់ តែច្បាស់ថា បរិស្ថានល្អ គឺចាប់ផ្តើមចេញពីទម្លាប់របស់ប្រជាជន ឬបុគ្គល ម្នាក់ៗ និងគ្រួសារនីមួយៗ ហើយការងារនេះ ក៏មិនមែនជាការទទួល ខុសត្រូវរបស់ក្រសួងបរិស្ថាន ឬអាជ្ញាធរតែម្យ៉ាងឡើយ វាជាកាតព្វកិច្ច និងការទទួលខុសត្រូវរួមរបស់យើង ទាំងអស់គ្នា។
ក្នុងន័យនេះ នៅពេល ដែលយើងមានទម្លាប់ស្អាត លែងបោះចោលសំរាមពាស វាលពាសកាល, រៀបចំសម្អាតទីសាធារណៈ ស្ថាប័ន អង្គភាព ផ្ទះសម្បែងឱ្យមាន សណ្តាប់ធ្នាប់ អនាម័យល្អនោះ យើងនឹងទទួលបានគ្រួសារស្អាត សហគមន៍ស្អាត ទីក្រុងស្អាត ហើយទីបំផុតខេត្តព្រះវិហាររបស់យើង ទាំងមូល នឹងក្លាយជាខេត្តដែលមានបរិស្ថានល្អ មានផាសុកភាព គួរជាទីរស់នៅ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ អញ្ជើញ មកទស្សនាកម្សាន្ត ផងដែរ។
សូមចងចាំថា ការការពារបរិស្ថាន ការថែរក្សាបរិស្ថាន គឺជាកាតព្វកិច្ចរបស់ យើងទាំងអស់គ្នា គឺស្មើនឹងការថែរក្សាជីវិត និងសុខភាពរបស់យើង និងជាការថែរក្សា កេរមរតកដ៏មានតម្លៃ សម្រាប់កូនចៅជំនាន់ក្រោយ របស់យើង»។ នៅក្នុងពិធីនេះក៏មានការដង្ហែរក្បួនផ្សព្វផ្សាយអំពី បរិស្ថាន និងការរើសសសំរាម សម្អាតបរិស្ថានតាមដងផ្លូវផងដែរ៕




























