កម្លាំងកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីឆបោកដោយ Hack Telegram ក្លែង Telegram និង Facebook, ជនរងគ្រោះច្រើននាក់ ចាញ់បោកអស់ថវិការាប់ពាន់ដុល្លារ
22-11-2025 14:49
(កណ្តាល)៖ អនុវត្តនូវភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ និងអនុវត្តតាមអនុសាសន៍ដឹកនាំ ព្រមទាំងមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក គួច ចំរើន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកណ្តាល ដែលតែងតែដាស់តឿនក្រើនរម្លឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសអនុវត្តតាមទិសស្លោករបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា «ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។
ជាក់ស្តែងនៅថ្ងៃ៧-៩ ខែវិច្ឆិកា ឆ្នាំ២០២៥ មានករណីឆបោក Hack Telegram និងក្លែង Telegram និង Facebook កើតឡើងនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល បង្កដោយជនសង្ស័យ១ក្រុម ធ្លាប់បានធ្វើសកម្មភាពហេក និងក្លែងប្រព័ន្ធ Facebook និងប្រព័ន្ធ Telegram របស់ជនរងគ្រោះឈ្មោះ ស.ក។
ក្រោយហេកយកប្រព័ន្ធ Telegram របស់ជនរងគ្រោះបានហើយ ក្រុមជនល្មើសបានឆាតទៅខ្ចីប្រាក់ជនរងគ្រោះឈ្មោះ ឆ.ស.រ ឲ្យផ្ញើប្រាក់ទៅឲ្យខ្លួនដោយប្រាប់ថាកូនឈឺ ជនរងគ្រោះមិនបានដឹង (ធ្លាប់មានប្រវត្តន៍ពឹងពាក់គ្នា) ក៏បានផ្ញើប្រាក់ទៅឲ្យ ជនសង្ស័យមួយចំនួន។ ក្រោយមកជនរងគ្រោះបានដឹងថា តេលេក្រាមរបស់ជនរងគ្រោះឈ្មោះ ស.ក ត្រូវបានគេហេកយក ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅ កងរាជអាវុធហត្ថខេត្តកណ្តាលតែម្តង។
ជនសង្ស័យបានបន្តបង្កើតតេលេក្រាមក្លែងក្លាយដោយដាក់ឈ្មោះ និងរូបថតអ្នកពាក់ព័ន្ធផ្សេងៗទៀត យកទៅឆាតខ្ចីប្រាក់អ្នកស្គាល់ផ្សេងៗជាច្រើននាក់ទៀត តាមលេខ និងសមាជិកក្នុងតេលេក្រាមដែលហេកយកបាន។ ក្រោយពីទទួលបានព័ត៌មាន និងបណ្តឹងរឿងហេតុខាងលើលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាជំនាញឲ្យចុះប្រតិបត្តិការស្រាវជ្រាវស្វែងរកឃាត់ខ្លួនមុខសញ្ញាដែលធ្វើសកម្មភាពខាងលើអនុវត្តតាមនីតិវិធីច្បាប់ ក្រោមការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងរាជធានីភ្នំពេញ។
គួបផ្សំនឹងឆន្ទៈ ការតស៊ូ ព្យាយាម សាមគ្គី សហការគ្នារវាងកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជំនាញកងរាជអាវុធហត្ថខណ្ឌដូនពេញ និងជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបាននាំខ្លួនជនសង្ស័យឈ្មោះ ដារ៉ា ភេទប្រុស នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយបានចម្លើយសារភាពរបស់ជនសង្ស័យ ខាងលើ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងជំនាញបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតឈ្មោះ ចាន់ណា ហៅលក និងឈ្មោះ ពៅ ភេទស្រី ដកហូតវត្ថុតាងមួយចំនួន នៅឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមានៈ ទូរស័ព្ទចំនួន ០៥គ្រឿង មានស៊ីមកាតចំនួន ៨ស៊ីម។
ជនសង្ស័យបានសារភាពថា បក្សពួកធ្លាប់ហេកប្រព័ន្ធ Telegram និងបង្កើតក្លែងអាខោនប្រព័ន្ធ Facebook Telegram យកឈ្មោះ និងរូបថតជនរងគ្រោះជាច្រើននាក់ជាង៥០លើក មានទាំងអ្នកធំ អ្នកតូច មន្ត្រីរាជការ កងកម្លាំង ព្រះសង្ឃ អ្នករកស៊ី ចាស់ ក្មេង ស្រីប្រុស ដើម្បីបន្លំឆាតបោកយកប្រាក់គេរយៈពេលប្រហែលជាង៥ខែ មកហើយច្រើនពេកចាំមិនអស់នោះ បានថវិការាប់ពាន់ដុល្លារ និងលានរៀល។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលតាមនីតិវិធី និងបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាលរួច។ ក្នុងនាមជាអាជ្ញាធរមានសមត្ថកិច្ច សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ Facebook Telegram ឬប្រព័ន្ធផ្សេងៗទៀត មុននឹងផ្ញើប្រាក់ ត្រូវសិក្សាស្រាវជ្រាវ ពិសេសទាក់ទងបញ្ជាក់ផ្ទាល់មាត់ជាមួយអ្នកសុំឬខ្ចីលុយ ឲ្យបានច្បាស់លាស់ ចៀសវាងការចាញ់បោកជនខិលខូចដូចករណីខាងលើ៕








