អង្គការដៃគូអភិវឌ្ឍន៍រួមគ្នាជាមួយសហគ្រិនខ្មែរ រៀបចំសន្និសីទប្រចាំឆ្នាំ ស្តីពី «ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ២០២៥»
22-11-2025 12:45
(ភ្នំពេញ)៖ អង្គការដៃគូអភិវឌ្ឍន៍មួយចំនួន បានសហការជាមួយសហគ្រិនខ្មែរ បានរៀបចំសន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ២០២៥ (CAMESCO25) ដើម្បីគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ធ្វើយ៉ាងណាលើកកម្ពស់ ការរីកចម្រើនប្រកបដោយចីរភាព និងស្វែងយល់ពីវីធីសាស្ត្រ ដែលកិច្ចសហប្រតិបត្តិការអាចជំរុញផលវិជ្ជមាន ជាប្រព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកលូតលាស់នៅកម្ពុជា។
ក្រោមការរៀបចំឡើងដោយ គម្រោងការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) សន្និសីទ CAMESCO25 ត្រូវបានផ្ដល់មូលនិធីដោយ សហគ្រិនខ្មែរ (KE) ទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងសហប្រតិបត្តិការ (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងត្រូវបានអនុវត្តរួមគ្នារវាង សហគ្រិនខ្មែរ (KE) និង អង្គការស្វីសខន់ថាក់ (Swisscontact)។ សន្និសីទក្នុងឆ្នាំ២០២៥ នេះដែរក៏ត្រូវបានគាំទ្រដោយដៃគូឧបត្ថម្ភរួមមាន មូលនិធិ Sasakawa Peace Foundation (SPF) មូលនិធិ the Nippon Foundation និង ADB Frontier និងដៃគូយុទ្ធសាស្ត្រដូចជា អង្គការ GIZ និង Aspen Network of Development Entrepreneurs (ANDE)។
ក្រោមប្រធានបទ «From Collaboration to Catalyzing Systemic Impact» សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា លើកទី៤ បានបង្កើតឡើងដោយផ្អែកលើសម្ទុះនៃឆ្នាំមុនៗ ដើម្បីជំរុញការផ្លាស់ប្តូរ រចនាសម្ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគនៅកម្ពុជា។
លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បាន មានប្រសាសន៍ថា «តាមរយៈកិច្ចសហការគ្នា សហគ្រិនខ្មែរ និងដៃគូសហការ បាននិងកំពុងធ្វើការ ដើម្បីកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមរយៈការផ្តល់ការគាំទ្រត្រឹមត្រូវ និងបង្កើតឥទ្ធិពល វិជ្ជមានដល់សហគ្រិននៅកម្ពុជា។ អង្គភាពនីមួយៗមានតួនាទីពិសេសរៀងៗខ្លួន ក្នុងការផ្តល់ធនធាន និងជំនាញ ដើម្បី ដោះស្រាយបញ្ហាប្រឈម»។
លោក Grüninger បានលើកឡើងពីការប្តេជ្ញាចិត្តរបស់ប្រទេសស្វីសក្នុងការគាំទ្រ សហគ្រិនភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុកនៅកម្ពុជា។ លោកបានកត់សម្គាល់ថា ការអភិវឌ្ឍជាសកល ថ្មីៗនេះបានរំលេចនូវភាពចាំបាច់នៃការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងសេដ្ឋកិច្ចមួយឱ្យមានពិពិធភាព មានប្រព័ន្ធត្រឹមត្រូវ និងមានភាពធន់ជាងមុន។ លោក Grüninger បានបន្តថា នៅក្នុងបរិបទនេះ វិស័យសហគ្រាសធុនតូច និងមធ្យមដែលរឹងមាំ និងមានថាមវន្ត អាចដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតតម្លៃ ជំរុញនវានុវត្តន៍ និងលើកកម្ពស់ការរីកចម្រើនប្រកបដោយបរិយាបន្ន។
ដើម្បីសម្រេចបាននូវគោលដៅនេះ លោកបានចង្អុលបង្ហាញពី តម្រូវការក្នុងការកែលម្អនូវបរិយាកាសអនុលោមភាពសម្រាប់ធុរកិច្ច និងការពង្រីកលទ្ធភាពក្នុងការទទួលបាន ហិរញ្ញប្បទានដែលមានអត្រាការប្រាក់សមរម្យ។
សន្និសីទនេះបានចាប់ផ្តើមជាមួយនឹងការផ្ដោតលើឥទ្ធិពល នៃកិច្ចសហប្រតិបត្តិការក្នុងការជំរុញផលវិជ្ជមានជាប្រព័ន្ធ តាមរយៈភាពជាដៃគូដែលអាចបំលែងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ទៅជាដំណោះស្រាយដែលអាចអនុវត្ត និងពង្រីកវិសាលភាពបាន អំណោយផលដល់ការរីកចម្រើនប្រកបដោយចីរភាព។
លោក Itsu Adachi នាយកប្រតិបត្តិនៃមូលនិធិ Sasakawa Peace Foundation (SPF) លោកបានលើកឡើងពី ការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុនចំពោះការវិនិយោគដើម្បីផលវិជ្ជមាន និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្នុងចំណោមដៃគូ GSG នៅតំបន់ អាស៊ីអាគ្នេយ៍។
បន្ថែមពីលើនេះ កញ្ញា ឡាយ សុខហ៊ុយ មកពីអង្គការស្វីសខន់ថាក់ ក៏បានគូសបញ្ជាក់នូវភាពជោគជ័យរបស់កម្ពុជាបានបង្ហាញឱ្យឃើញច្បាស់អំពីភាពជាដៃគូយុទ្ធសាស្ត្រអាចក្លាយជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់ការផ្លាស់ប្តូរជាប្រព័ន្ធ។
ទន្ទឹមនឹងកម្មវិធីចម្បងនៃសន្និសីទនេះ អង្គការ GIZ និងកម្មវិធីគាំទ្រការវិនិយោគសម្រាប់សហគ្រិន (EIS) ក៏បានសហការរៀបចំ កម្មវិធី Speed Dating ក្នុងការជួយសម្រួលដល់ការបង្កើតបណ្ដាញទំនាក់ទំនងរវាងធុរកិច្ចថ្មី សហគ្រាសធុនតូច និងមធ្យម និងវិនិយោគិនក្នុងស្រុក និងក្នុងតំបន់ ដើម្បីឈានទៅដល់ការទទួលបានឱកាសជាដៃគូ និងការវិនិយោគ។
លោកបណ្ឌិត ដានីញ៉េល នូហ្រ្គាហា នាយកប្រចាំប្រទេស នៃអង្គការស្វីសខន់ថាក់ បានគូសបញ្ជាក់ដែរថា «អង្គការស្វីសខន់ថាក់នៅតែបន្តចូលរួមចំណែក និងគាំទ្រដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពធ្វើយ៉ាងណាលើកកម្ពស់ ការរីកចម្រើនប្រកបដោយចីរភាព។ តាមរយៈគម្រោង ការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងការវិនិយោគ (3Ei) យើងក្នុងនាមជាអ្នកកសាងប្រព័ន្ធអេកូឡូស៊ី ផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ នវានុវត្តន៍ និងម្ចាស់សមូហភាព ដើម្បីជំរុញការអភិវឌ្ឍសហគ្រិនភាពនៅកម្ពុជា។ សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ី នៅកម្ពុជា (CAMESCO) បានបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់យើង ដោយការកៀរគរដៃគូពីគ្រប់មជ្ឍដ្ឋានទាំងអស់ ក្នុងការប្រែក្លាយគោលដៅរួមទៅជាដំណោះស្រាយដែលយើងទាំងអស់គ្នាអាចអនុវត្តបាន តាមរយៈការសិក្សាស្វែងយល់ ពីគ្នាវិញទៅមក និងភាពជាដៃគូជាមួយគ្នា»។
សន្និសីទប្រចាំឆ្នាំស្តីពី ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៅកម្ពុជា ២០២៥ (CAMESCO25) បានបញ្ជាក់ជាថ្មីនូវតួនាទីរបស់ខ្លួន ជាថ្នាលមួយដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ ការសិក្សាស្វែងយល់ និងនវានុវត្តន៍នៅក្នុងប្រព័ន្ធអេកូឡូស៊ី សហគ្រិនភាពនៅកម្ពុជា។ តាមរយៈការកៀរគរដៃគូ ធនធាន និងចំណេះដឹងពីគ្រប់មជ្ឍដ្ឋាន សន្និសីទនេះបន្តគាំទ្រ ដល់ការផ្លាស់ប្តូររបស់ប្រទេសកម្ពុជា ដើម្បីឆ្ពោះទៅរកការក្លាយខ្លួនជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់សហគ្រិនភាព ការវិនិយោគដើម្បីផលវិជ្ជមាន និងការរីកចម្រើនប្រកបដោយចីរភាព៕












