FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

វីរកងទ័ព ស្រី ធឿន ឈរជើងនៅសមរភូមិប្រាសាទតាមាន់ធំ បានពលីក្នុងជន្មាយុ​៥២ឆ្នាំ, អភិបាលខេត្ត​ស្វាយរៀង ​ដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធ

21-11-2025 14:05

(ស្វាយរៀង)៖ លោក ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត​ស្វាយរៀង​ និងលោកស្រី នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូខេត្តចូលរួមគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន នាយរងផ្នែកបំភ័ន្តអក្ខរៈ បម្រើការងារនៅកងពលតូចថ្មើរជើងលេខ២១ ភូមិភាគ២​ ឈរជើងនៅតំបន់ប្រាសាទតាមាន់ធំ ដែលលោកបានពលីក្នុងជន្មាយុ​ ៥២ឆ្នាំ ដោយត្រូវផ្សែងពុល​របស់ទាហានថៃ​នាពេលកន្លងទៅ​ ហើយលោកត្រូវបានយកមកសង្គ្រោះ តែអកុសលបានស្លាប់នៅពេលនេះ។ បច្ចុប្បន្នសព ត្រូវបានតម្កល់ធ្វើបុណ្យនៅស្រុកកំណើត ស្ថិតក្នុងភូមិត្រពាំងត្បាល់ ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកអភិបាលខេត្ត​ និងលោកស្រី ព្រមទាំងប្រតិភូអមដំណើរ ​បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធរបស់លោកឧត្តមសេនីយ៍ត្រី ស្រី ធឿន បានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏ក្រៀមក្រំនោះដែរ​ លោកអភិបាលខេត្ត និងលោកស្រី បាននាំសាររំលែកមរណៈទុក្ខ​របស់សម្តេចមហាបវធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោកជំទាវបណ្ឌិត​ ព្រមទាំងបច្ច័យចូលបុណ្យចំនួន ៤០លានរៀល​ និងបច្ច័យចូលបុណ្យរបស់រដ្ឋបាលខេត្តចំនួន១០លានរៀល ​ព្រមទាំងសម្ភារមួយចំនួនទៀតជូនដល់ក្រុមគ្រួសារនៃសពលោកឧត្តមសេនីយ៍ត្រី ស្រី ធឿន​ ផងដែរ៕