FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: តើថៃអាចបដិសេធទៀតទេ ក្រោយការផ្ទុះអាវុធនៅចំពោះមុខក្រុមសង្កេតការណ៍ AOT? (Video inside)

19-11-2025 18:26

(ភ្នំពេញ)៖ សំឡេងផ្ទុះអាវុធដោយភាគីថៃនៅព្រឹកថ្ងៃទី១៩ វិច្ឆិកា នៅច្រក «ច១» ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានកើតឡើងនៅចំពោះមុខក្រុមសង្កេតការណ៍អាស៊ាន AOT ។ ការផ្ទុះអាវុធនោះ បានបង្ខំឱ្យយន្តការ អាស៊ាន AOT ត្រូវផ្អាកការងាររបស់ខ្លួនជាបន្ទាន់ដើម្បីសុវត្ថិភាពអាយុជីវិត។
Fresh Exclusive មានអត្ថបទស៊ីជម្រៅ៖

ជារៀងរាល់ដង នៅពេលមានការផ្ទុះអាវុធពីភាគីថៃ បង្កនូវការភាពភ័យខ្លាច និងពេលខ្លះថែមទាំងបង្កឱ្យពលរដ្ឋខ្មែរ ស្លាប់និងរបួសនៅតាមបណ្តោយព្រំដែន, ភាគីថៃតែងប្រើភាសាដដែលៗ បដិសេធថាជា «រឿងមិនពិត, រឿងក្លែងក្លាយ, ជាទង្វើរបស់កម្ពុជា ឬថា មិនមែនជាទង្វើរបស់ថៃឡើយ»។ ប៉ុន្តែព្រឹត្តិការណ៍ផ្ទុះអាវុធវេលាម៉ោង១១៖០៨ព្រឹក ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៥, នៅច្រក «ច១» ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមក្រសែភ្នែក «ក្រុមសង្កេតការណ៍អាស៊ាន AOT ជាសាក្សីអន្តរជាតិ» ព្រឹត្តិការណ៍នោះ គឺនឹងមិនអាចឱ្យថៃអាចក្រឡះការពិតទៀតបានឡើយ។

ក្រុមសង្កេតការណ៍អាស៊ាន ASEAN Observer Team (AOT) នៅពេលចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់ តាមកិច្ចព្រមព្រៀងគួឡាឡាំពួរ បានឮសំឡេងផ្ទុះដ៏ច្បាស់លាស់ចេញពីភាគីថៃ ដែលក្នុងហេតុការណ៍នេះ ដោយសារតែក្តីបារម្ភនឹងគ្រោះថ្នាក់ដល់អាយុជីវិត ក្រុម AOT បានបង្ខំចិត្តត្រូវផ្អាកកិច្ចការរបស់ខ្លួនជាបណ្តោះអាសន្ន។ ពេលនេះ បើថៃចង់បដិសេធ តើនឹងអាចបដិសេធដោយរបៀបណាទៅវិញ?

* ថៃរំលោភសន្តិភាពចំពីមុខយន្តការអាស៊ាន

ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ មកភាគីកម្ពុជា បានអនុវត្តគ្រប់កាតព្វកិច្ច ដោយភាពខ្ជាប់ខ្ជួន និងវិជ្ជាជីវៈខ្ពស់។ កងទ័ពកម្ពុជាទាំងអស់ បានធ្វើតាម ផែនការដកកម្លាំង កំណត់តំបន់សន្តិភាព និងបទឈប់បាញ់ដោយគ្មានការខ្វះខាត។

ប៉ុន្តែផ្ទុយទៅវិញភាគីថៃ ស្ទើរតែគ្មានថ្ងៃណាលោះពីការរំលោភបំពាន ជាពិសេសក្នុងពេលដែលគេគិតថា នៅក្រោយខ្នង AOT ដែលជាតំបន់ “គ្មានភ្នែកអាស៊ានឃើញ”។ ប៉ុន្តែការផ្ទុះ ថ្ងៃទី១៩វិច្ឆិកា មិនបានធ្វើនៅពីក្រោយខ្នងយន្តការសង្កេតការណ៍អាស៊ាន AOT ទៀតឡើយ។នេះជាសញ្ញាច្បាស់ថា សូម្បីតែក្នុងវត្តមានរបស់ក្រុមសង្កេតការណ៍អាស៊ាន AOT ក៏ភាគីថៃ ហ៊ានរំលោភ, ដែលជាអំពើបំពានដ៏ធ្ងន់ធ្ងរ លើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ។

* តើ AOT មានភារកិច្ចអ្វី ដែលថៃហ៊ានផ្ទុះអាវុធនៅចំពោះមុខពួកគេនោះ?

ក្រុម AOT ដែលបង្ខំចិត្តផ្អាកកិច្ចការរបស់ខ្លួនក្នុងពេលនោះ គឺកំពុងចុះទៅត្រួតពិនិត្យការអនុវត្តបទឈប់បាញ់ជាក់ស្តែងនៅតាមបណ្តោយព្រំដែន។ AOT គឺជាអង្គភាពអន្តរជាតិក្នុងក្របខណ្ឌអាស៊ាន ដែលមានតួនាទីដូចតទៅនេះ៖
• ត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀងគូឡាំឡាំពួរ
• ចុះពិនិត្យតំបន់ព្រំដែន
• ផ្ទៀងផ្ទាត់ការផ្ទុះអាវុធ ការផ្លាស់ទី ឬចល័តកងទ័ព និងត្រួតពិនិត្យរាល់ការបំពាន
• រាយការណ៍ទៅកិច្ចប្រជុំ RBC/JBC និងថ្នាក់កំពូលរបស់អាស៊ាន។
ដូច្នេះពេលដែលក្រុម AOT បានឮសម្លេងផ្ទុះអាវុធដោយផ្ទាល់ពីភាគីថៃនៅថ្ងៃទី១៩ ខែវិច្ឆិកា មានន័យថា មិនមែនដោយសារតែកម្ពុជា ជាអ្នកប្រាប់ទេគឺយន្តការអាស៊ាន ជាអ្នកប្រាប់និងជាសាក្សីដោយផ្ទាល់។

* តើថៃអាចបដិសេធ និងចោទប្រកាន់ដាក់ទៅកាន់ភាគីណា?

មុននេះ ខណៈពេលកម្ពុជាដាក់របាយការណ៍នូវសកម្មភាពបំពាន បទរំលោភឈប់បាញ់ ឬការបាញ់រះលើដីខ្មែរ ថៃតែប្រើយុទ្ធសាស្ត្រ៣ចំណុចរបស់ខ្លួន៖
១. បដិសេធទាំងស្រុង ដោយមិនមែនជារបស់ភាគីថៃ
២. បញ្ចេញភាសាវាយប្រហារ ថា «កម្ពុជាបង្កើត Fake News»
៣. បម្លែងទិស ដោយចោទថា ជាការបង្កហេតុដោយកម្ពុជា ឬថាទាហានកម្ពុជាបាញ់ដាក់មុនជាដើម។ ប៉ុន្តែពេលនេះ ថៃមិនអាចបន្តប្រើទៀតបានទេ ពីព្រោះការផ្ទុះអាវុធបានស្ថិតចំ ពោះមុខក្រុម AOT ដែលជាយន្តការសង្កេតការណ៍របស់ក្រុមប្រទេសអាស៊ានទាំងមូល មិនមែនតែកម្ពុជាប៉ុណ្ណោះទេ។

តាមរយៈនេះគេរំពឹងថា ក្រុម AOT នឹងរាយការណ៍អំពីព្រឹត្តិការណ៍បំពាននេះ ទៅអាស៊ាន និងទៅប្រទេសពាក់ព័ន្ធដូចជាសហរដ្ឋអាមេរិកជាដើម។ តាមរយៈនេះទៀត វានឹងក្លាយជាសាក្សីដែលថៃមិនអាចប្រកែកបានឡើយ ចំពោះករណីបំពានលើកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ។ ប្រសិនបើថៃបដិសេធ មានន័យថៃ កំពុងបដិសេធអាស៊ាន, មិនមែនបដិសេធកម្ពុជាទេ។ ដូច្នេះអំពើបំពានក្នុងការបាញ់បង្ខំឱ្យយន្តការអាស៊ានផ្អាកការងាររបស់ខ្លួនមួយនេះ កំពុងក្លាយជាការប៉ះទង្គិចរវាងថៃនិងអាស៊ាន មិនមែនរវាងថៃនិងកម្ពុជាឡើយ។

* មេបញ្ជាការទាហានថៃ ចេញសេចក្តីបដិសេធចោទថា «AOT ក្លែងក្លាយ ដុតផាវបង្កើតសំឡេង»

ក្រោយពេលកម្ពុជាបានលើកឡើងពីព្រឹត្តិការណ៍ថ្ងៃទី១៩ វិច្ឆិកានោះ មេបញ្ជាការកងម៉ារីនត្រាត អនុសេនីយ៍ឯក ថាម ម៉ានូន វ៉ាន់ណា ស្រាប់តេបានចេញមុខរិះគន់កម្ពុជា។
របាយការណ៍សារព័ត៌មាន Khaosod របស់ថៃ បានសរសេរដកស្រង់សម្តីអនុសេនីយ៍ឯករូបនោះ ដែលប្រើសម្តីខ្លាំងៗថា៖
• កម្ពុជានាំ «ក្រុមអ្នកសង្កេតការណ៍ AOT ក្លែងក្លាយ» ជាមួយមនុស្សពាក់មួកខៀវប្រមាណ៣០នាក់មកកាន់តំបន់នោះ។
• អនុសេនីយ៍ឯកថៃដដែលចោទថា ក្រុមនោះ «មិនមែនជាក្រុម AOT ពិតប្រាកដទេ» ពីព្រោះ AOT ពិតប្រាកដតែងតែធ្វើសម្របសម្រួលជាមួយភាគីថៃជាមុន
• ភាគីថៃ បានចោទថា កម្ពុជា «ដុតផាវ» ដើម្បីបង្កើតសម្លេងផ្ទុះខ្លាំងៗ បន្ទាប់មកអះអាងថា ថៃបានគប់គ្រាប់បែកដៃ
• ថៃបានចោទទៀតថា កម្ពុជាបាន «កែរូបភាព» ដោយប្រើរូបចាស់របស់ AOT ពិតប្រាកដ ដើម្បីបង្ហាញថា AOT ចុះមកកាន់តំបន់នោះថ្ងៃកើតហេតុ
មេបញ្ជាការដដែលនេះ បានបន្តប្រើភាសាភូតភរដដែលចោទថា កម្ពុជាបង្កើតពាក្យចចាមអារ៉ាម និង Fake News នៅតំបន់ជម្លោះ។
ទោះយ៉ាងណា របាយការណ៍ Khaosod ជាភាសាអង់គ្លេសខ្លួនឯង បានបញ្ជាក់ចុងក្រោយថា៖ «កាសែតមិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យ នូវអ្វីដែលភាគីថៃបានអះអាងនទេ»។
ប្រការនេះមានន័យថា៖ សេចក្តីបដិសេធរបស់ថៃ គឺជាការនិយាយតែមាត់របស់រដ្ឋបាលយោធា មិនមានភស្ដុតាងអន្តរជាតិគាំទ្រនោះឡើយ។

ក្នុងការសន្និដ្ឋានជារួម៖

ការផ្ទុះអាវុធនៅថ្ងៃទី១៩ ខែវិច្ឆិកា បានបង្ហាញរឿងមួយយ៉ាងច្បាស់ថា កម្ពុជាមិនមានជម្លោះជាមួយថៃក្នុងពេលនោះទេ។ អ្វីដែលកំពុងកើតឡើងពិតប្រាកដនោះគឺថា កម្ពុជាកំពុងឈរជាសាក្សីសម្រាប់អាស៊ាន ក្នុងពេលចូលពិនិត្យក្នុងតំបន់ច្រក «ច១» ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យលើការពិតដោយផ្ទាល់ភ្នែក។

អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កម្ពុជាបានរងការរំលោភបំពានពីសំណាក់ទាហានថៃតាមបណ្តោយព្រំដែន ដែលជាទង្វើបំពានយ៉ាងកម្រោលលើច្បាប់អន្តរជាតិ។ ប្រទេសថៃ ដើម្បីបញ្ចៀសការទទួលខុសត្រូវ តែងតែពឹងផ្អែកលើការបង្កើតរឿងប្រឌិត បង្កើតភស្តុតាងក្លែងក្លាយ និងធ្វើការចោទប្រកាន់ដោយអយុត្តិធម៌ ដាក់មកលើកម្ពុជាវិញ ក្នុងការចង់បំភ័ន្តការពិតមិនឱ្យពិភពលោកដឹង។ ទង្វើបំពាននេះបានបន្តអស់រយៈពេលជាច្រើនឆ្នាំ ដែលកម្ពុជា ស្តាប់ស្ទើរស៊ាំត្រចៀកទៅហើយ ប៉ុន្តែថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺខុសគ្នាទាំងស្រុង ពីព្រោះព្រឹត្តិការណ៍នេះ កើតឡើងចំពោះមុខក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលមានតំណាងមកពីប្រទេសផ្សេងៗបានចូលរួម និងបានក្លាយជាការពិតដែលថៃមិនអាចលាក់បាំង ឬមិនអាចបដិសេធ និងកាន់តេមិនអាចបង្ខូចទ្រង់ទ្រាយបានឡើយ។

ដូច្នេះ បើថៃនៅតែចចេសមិនហ៊ានទទួលខុសត្រូវ ថៃត្រូវយល់ថា សេចបដិសេធនោះ មិនមែនជាការឆ្លើយទៅចំពោះកម្ពុជាទៀតឡើយ ប៉ុន្តែគឺជាសម្តីបដិសេធចំពោះក្រុម AOT ដែលជាយន្តការអន្តរជាតិស្ថិតក្រោមក្របខណ្ឌអាស៊ាន និងជាសាក្សីអន្តរជាតិដែលបានឮ និងបានឃើញព្រឹត្តិការណ៍នោះដោយភ្នែកផ្ទាល់របស់ពួកគេ។ នេះគឺជាជ័យជម្នះដ៏សំខាន់មួយសម្រាប់វិធីសាស្ត្រយុទ្ធសាស្ត្ររបស់កម្ពុជាគឺ «ស្ងាត់ ប៉ុន្តែមិនស្ងៀម» ដែលជាយុទ្ធសាស្ត្រមួយបញ្ចៀសការប្រឈមមុខដាក់គ្នាដោយអំពើហិង្សា ប៉ុន្តែពឹងផ្អែកលើកម្លាំងនៃច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងយន្តការអាស៊ាន ដើម្បីបង្ហាញការពិតដល់ពិភពលោក៕