FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

Fresh Exclusive: ហេតុអ្វីបានជាកម្ពុជាជ្រើស «សន្តិភាព» ជំនួសការសងសឹកដោយអាវុធ?

17-11-2025 19:26

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣៣ ថ្ងៃទី១៧ វិច្ឆិកា ២០២៥ បញ្ជាក់ពីអ្វីដែលរាជរដ្ឋាភិបាលកម្ពុជាបានជ្រើសរើស និងការរក្សាភាពអត់ធ្មត់មកទល់ពេលនេះ គឺដើម្បីសន្តិភាព។
Fresh Exclusive មានអត្ថបទស៊ីជម្រៅជុំវិញបញ្ហានេះ៖

នៅពេលដែលសំឡេងស្នូរកាំភ្លើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានស្ងប់ស្ងាត់ក្រោយការប្រកាសឈប់បាញ់, នៅពេលដែលកងទ័ពកម្ពុជា ២០រូប ត្រូវបានកម្លាំងយោធាថៃប្រើល្បិចចូលមកចាប់ខ្លួនពីលើទឹកដីកម្ពុជាក្រោយបទឈប់បាញ់ និងនៅពេលដែលថៃបន្តបិទព្រំដែនជាឯកតោភាគី ក្រុមមនុស្សមួយចំនួន តែងញុះញង់ឲ្យកម្ពុជាឆ្លើយតបទៅវិញដោយអំពើហិង្សាប្រដាប់អាវុធប្រឆាំងទៅនឹងថៃវិញ។ ប៉ុន្តែក្នុងមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានបដិសេធការជ្រើសយកផ្លូវសងសឹកហិង្សា ដោយជ្រើសយកផ្លូវថ្មីមួយសម្រាប់តបតទៅកាន់ប្រទេសថៃវិញ នោះគឺការជ្រើសយកផ្លូវទៅរកសន្តិភាព ដើម្បីរក្សាបទឈប់បាញ់ និងការអនុវត្តពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ដែលពិភពលោកកំពុងតែពិនិត្យមើលយ៉ាងយកចិត្តទុកដាក់។

ទោះជាប្រឈមមុខនឹងទង្វើបំពានរបស់ថៃចង់ញុះញង់ឱ្យកម្ពុជាតបតដោយអំពើហិង្សាវិញក៏ដោយ, គោលជំហរដ៏ច្បាស់លាស់របស់កម្ពុជាក្នុងដំណាក់កាលនេះ គឺមិនផ្អែកលើការតបត ដោយកម្លាំងយោធាឡើយ ប៉ុន្តែផ្អែកលើ សន្តិភាព ដែលមានច្បាប់ និងសហគមន៍អន្តរជាតិគាំទ្រ។ កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ថ្ងៃទី២៦ តុលា ២០២៥ ដែលមានសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ធ្វើជាសាក្សីបានក្លាយជាគ្រឹះសំខាន់ និងរឹងមាំសម្រាប់ឲ្យកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវផ្លូវច្បាប់ ដោយរក្សាភាពអត់ធ្មត់, បន្តគោរពបទឈប់បាញ់, សហការដោះមីន និងរក្សាការពិភាក្សាដោយសន្តិវិធី។

ក្នុងបរិបទនេះ ពាក្យស្លោក «អរគុណសន្តិភាព» ដែលធ្លាប់ត្រូវមនុស្សខ្លះធ្លាប់យកទៅឌឺដង ឥឡូវនេះ បានបង្ហាញតម្លៃពិតរបស់ខ្លួនហើយ និងក៏មិនមែនជាពាក្យសម្រាប់លេងសើចទៀតឡើយ ប៉ុន្តែជាការទទួលស្គាល់ថា គ្រប់ជំហានដែលកម្ពុជាកំពុងធ្វើ តាំងពីការអត់ធ្មត់មិនបាញ់តប រហូតដល់ការទាមទារឲ្យគោរពកិច្ចព្រមព្រៀង គឺដើម្បីរក្សានិងបណ្តុះសន្តិភាពសម្រាប់ជាតិនិងតំបន់ទាំងមូល។

* វីរកងទ័ព ១៨រូប៖ ការធ្វើពលីកម្មសម្រាប់ការរក្សាសន្តិភាព
ក្រោយបទឈប់បាញ់ទើបបានសម្រេចភ្លាមៗ កងទ័ពកម្ពុជា ២០រូប ត្រូវបានទាហានថៃចូលមកចាប់ខ្លួន ត្រង់ច្រកអានសេះលើដីកម្ពុជា។ ថៃបានដោះលែងត្រឹមតែ ២រូប ដែលមានសុខភាពទ្រុឌទ្រោមផ្លូវកាយ និងផ្លូវចិត្ត ខណៈ១៨រូបដែលនៅសល់ត្រូវបានរក្សាជាចំណាប់ខ្មាំង។ សម្តេចតេជោ បានចាត់ទុកកងទ័ព ១៨នាក់នេះ ជាទង្វើពលីកម្មជាតិ ដោយបញ្ជាក់ថា ពួកគេត្រូវបានគេចាប់ ក្រោយបទឈប់បាញ់ ដែលបង្ហាញឱ្យឃើញពីអំពើបំពានលើទំលាប់អន្តរជាតិ ប៉ុន្តែជំនួសមកវិញនូវការបញ្ឆេះសង្គ្រាមឡើងវិញ កម្ពុជាបានយកករណីនេះ ទៅដាក់ក្នុងក្របខណ្ឌកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ដែលកំណត់ឲ្យថៃ ត្រូវដោះលែងកងទ័ព ១៨នាក់វិញតាមផ្លូវច្បាប់។

ជម្រើសនេះបញ្ជាក់ថា កម្ពុជាគិតសន្តិភាពតាមរបៀប រយៈពេលវែង និងយល់ថាការលះបង់របស់កងទ័ពមួយចំនួនអាចជួយទប់ស្កាត់មិនឲ្យប្រទេសទាំងមូលក្រឡាប់ចូលក្នុងគ្រោះសង្គ្រាមជាថ្មីម្តងទៀតោឡើយ៖ «ការចាប់កងទ័ពយើង ចាប់ក្រោយពេលបទឈប់បាញ់ប៉ុន្មានម៉ោង ខ្ញុំព្រះករុណាគិតថាចាត់ទុកបងប្អូននេះពលីកម្មដើម្បីជាតិរួចស្រេចទៅហើយ គេច្បាស់ណាស់ នឹងយកបញ្ហានេះទៅដោះដូររឿងនេះ រឿងនោះ ហើយបងប្អូនទាំងនោះក៏ពិតជាយល់ ក្រុមគ្រួសារក៏ពិតជាយល់ ។ គេច្បាស់ជាតភ្ជាប់រឿងនេះ រឿងនោះ។ នៅលើពិភពលោកតើច្បាប់ទម្លាប់អន្តរជាតិនៅទីណាទៅ…?»

បើទោះជាថៃបន្តភាពក្រឡិចបន្តប្រើប្រាស់យុទ្ធជន១៨នាក់ ដើម្បីដាក់សម្ពាធមកលើកម្ពុជា ក៏ដោយ ប៉ុន្តែកម្ពុជា នៅតែយកចិត្តទុកដាក់លើចលនាស្វែងរកសន្តិភាពដដែល ដោយអនុវត្តតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាពយ៉ាងម៉ឹងម៉ាត់ មិនអោយការបំពានណាមួយបំបាក់ចិត្ត ឬបំប្លែងគោលចិត្តសន្តិភាពរបស់ខ្លួនឡើយ។

* ព្រៃចាន់៖ ពេលដែលការអត់ធ្មត់ ធ្ងន់ជាងសំឡេងគ្រាប់កាំភ្លើង
ហេតុការណ៍ ទាហានថៃបាញ់រះ នាំឲ្យពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ស្លាប់១នាក់ និងរបួស៣នាក់ និងប្រជាពលរដ្ឋជាច្រើនរយគ្រួសារ ត្រូវបង្ខំចិត្តរស់ជម្លៀសពីផ្ទះ បានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងមួយសម្រាប់សមត្ថភាពអត់ធ្មត់របស់កម្ពុជា។ មានមនុស្សមួយចំនួន តែងនិយាយថា «គេបាញ់សម្លាប់យើងហើយ ហេតុអ្វីបាននៅស្ងៀម?»

ប៉ុន្តែសម្តេចតេជោ បានដាក់សំណួរត្រឡប់យ៉ាងត្រជាក់មកវិញថា៖
• បើកម្ពុជាផ្ទុះអាវុធតបវិញ តើអាចមានមនុស្សស្លាប់ត្រឹម ១ និងរបួស ៣ នាក់ដែរឬទេ?
• តើកិច្ចព្រមព្រៀងឈប់បាញ់ និងសន្តិភាពកូឡាឡាំពួរ នឹងនៅមានអត្ថន័យទៀតដែរឬយ៉ាងណា?
ជំនួសការផ្ទុះវាយតប កម្ពុជាបានប្រើ ភាសាទូតសន្តិភាព និងរុញឲ្យសហរដ្ឋអាមេរិក និងម៉ាឡេស៊ី ជាសាក្សីនៃកិច្ចព្រមព្រៀង មើលឃើញដោយច្បាស់លាស់ និងសាកសួរអំពីស្ថានភាពបំពានដោយប្រទេសថៃ និងអំពាវនាវឲ្យថៃ ត្រូវគោរពកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាដោយផ្ទាល់។ នេះហើយជាវិធី ដែលសង្គ្រាមត្រូវបានទប់ស្កាត់ ដោយប្រើឯកសារក្រដាសកិច្ចព្រមព្រៀងនិងច្បាប់ ជំនួសដោយកាំភ្លើង។

* កិច្ចព្រមព្រៀងកូឡាឡាំពួរ៖ បទពិសោធន៍ពីសន្តិភាពគ្មានការកាត់ដី
សម្តេចតេជោ បានសង្កត់ធ្ងន់ច្បាស់ៗថា មិនមានកិច្ចព្រមព្រៀងណាមួយនិយាយពីការកាត់ដី ដើម្បីដោះដូរសន្តិភាពឡើយ។ សម្តេចតេជោ បានថ្លែងថា បើជម្រើសសន្ដិភាពមានន័យថា ត្រូវបោះបង់ដី ដើម្បីតែជៀសវាងសង្គ្រាមនោះ គឺមុននេះកម្ពុជាប្រហែលជាអាចផ្តល់ ប្រាសាទតាក្របី និងប្រាសាទព្រះវិហារ ទៅដោយគ្មានការច្បាំងអ្វីឡើយ ប៉ុន្តែកម្ពុជា មិនបានធ្វើយ៉ាងដូច្នេះឡើយ៖ «សុំកុំភ័ន្តច្រឡំ ថាយើងកាត់ដីដោះដូរជាមួយសន្តិភាព….អត់ទេ បើមិនអញ្ចឹងមិនបាច់ចាំច្បាំងទេ…ខាងនោះគំរាមវាយយកតាក្របីប៉ុន្មានថ្ងៃហើយ ឮសូរតែគំរាមវាយយកតាក្របី ។ បើដើម្បីជៀសវាងសង្រ្គាម អញ្ចឹងយើងឱ្យតាក្របីទៅគេតែម្តងទៅ គេចង់បានប្រាសាទព្រះវិហារ អញ្ចឹងយើងឱ្យប្រាសាទព្រះវិហារទៅគេទៅដើម្បីដោះដូរជាមួយសន្តិភាព ចាំបាច់ទៅវាយធ្វើអ្វី? បើវាឡប់ ឱ្យវាឡប់តែវាទៅ តែវានាំគេឡប់ ហើយខ្ញុំសុំព្រមាន អ្នកដែរលេងហ្វេសប៊ុកកុំរពិសដៃចូលComment ឱ្យសោះ, ខ្ញុំមិនឱ្យរួចខ្លួនទេ…ខ្ញុំប្រាប់ឱ្យហើយ ត្រង់នាយករដ្ឋមន្រ្តីថា យ៉ាងម៉េច ថាទៅ នេះជារឿងសន្តិសុខជាតិអញ្ចឹងខ្ញុំត្រូវធ្វើហើយ……. ។»

ហើយជាក់ស្តែង កិច្ចព្រមព្រៀងកូឡាឡាំពួរ ក៏មិនមែនជាសន្ធិសញ្ញាសម្រាប់លក់ដីអ្វីទេ ប៉ុន្តែគឺជាកិច្ចព្រមព្រៀងពង្រឹងការអនុវត្ត និងរក្សាបទឈប់បាញ់ ដោយភាគីទាំងពីរត្រូវមិនមានការពង្រាយទ័ព ឬបន្ថែមកម្លាំងយោធា ឬបំពាក់អាវុធថ្មីនៅតាមបណ្តោយព្រំដែន, ការដកអាវុធធុនធ្ងន់ចេញពីតំបន់ជម្លោះ ក្រោមការពិនិត្យរបស់យន្តការត្រួតពិនិត្យអាស៊ាន (AOT), ការដោះស្រាយបញ្ហាមីនតាមតំបន់ជម្លោះដោយធ្វើ រួមគ្នា (Joint Demining), ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មអនឡាញ និងលាងលុយខុសច្បាប់, ការដោះលែងយុទ្ធជនកម្ពុជាទាំង ១៨រូប ដែលចំណុចទាំងនេះ គឺជាផ្នែកសំខាន់ចែងក្នុងកិច្ចព្រមព្រៀង ហើយជាកិច្ចតម្រូវស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ និងមានចំណុចមួយចំនួនខ្លះទៀត ដែលភាគីថៃនៅមិនទាន់បានអនុវត្តពេញលេញឡើយ ខណៈកម្ពុជា បានគោរពនិងអនុវត្តតាមកិច្ចព្រមព្រៀងយ៉ាងខ្ជាប់ខ្ជួនជាទីបំផុត។

* «ស្ងាត់ តែមិនស្ងៀម» យុទ្ធសាស្ត្រសន្តិភាពក្នុងសម័យសង្គ្រាមព័ត៌មាន
នៅក្នុងយុគសម័យបណ្តាញសង្គម ដែលសំឡេងខ្លាំងៗ និងពាក្យអសុរោះតែងរីករាលដាលលឿនជាងអំណះអំណាងដែលមានហេតុផល, មានមនុស្សមួយចំនួនចូលចិត្តប្រើអារម្មណ៍ជំនួសចិត្តគំនិត។ ក្នុងស្ថានភាពបែបនេះ សម្តេចតេជោ បានលើកយកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល «ស្ងាត់ តែមិនស្ងៀម» ជាអាវុធយុទ្ធសាស្ត្រសម្រាប់ការការពារសន្តិភាព និងសេចក្តីពិត។
- «ស្ងាត់» មានន័យថា កម្ពុជាមិនឆ្លើយតបដោយកាំភ្លើង, មិនបង្ហាញចលនាកងទ័ព ឬអំពើប្រដាប់អាវុធណាមួយឡើយ។
- «តែមិនស្ងៀម» មានន័យថា កម្ពុជា បន្តនិយាយ បន្តពន្យល់ និងបន្តបង្ហាញចំណុចពិត ដល់សាធារណជាតិ និងសហគមន៍អន្តរជាតិ-អំពីអ្វីកំពុងកើតឡើងតាមបណ្តោយព្រំដែន, អំពីនរណាគោរពបទឈប់បាញ់ និងនរណាបំពាន, និងអំពីជំហររឹងមាំរបស់កម្ពុជាចំពោះកិច្ចព្រមព្រៀងសន្តិភាព។
យុទ្ធសាស្ត្របែបនេះ ផ្តោតលើការប្រើសំឡេងស្ងប់ស្ងាត់ស្របច្បាប់ ជំនួសសំឡេងខ្លាំងៗមិនបានការ និងការពាក្យអសុរោះញុះញង់ការបង្កហិង្សាដោយអាវុធ។ តាមរយៈយុទ្ធសាស្ត្រនេះ ពិភពលោកបានឃើញថា កម្ពុជា គឺជាប្រទេសដែលកំពុងថែរក្សាសន្តិភាព និងភាគីថៃនោះទៅវិញទេ ដែលជាអ្នកបំពាន។

* «អរគុណសន្តិភាព» មិនមែនជាពាក្យសម្រាប់លេងសើច
សម្តេចតេជោ បាននិយាយយ៉ាងចំហរ ថា មានមនុស្សមួយចំនួនធ្លាប់ឌឺដងពាក្យ «អរគុណសន្តិភាព» តែពេលឥឡូវនេះ ក្រោយឃើញការផ្ទុះអាវុធតាមព្រំដែន និងពេលឃើញប្រជាពលរដ្ឋបានរត់គេចពីគ្រាប់កាំភ្លើងពាក្យ «អរគុណសន្តិភាព» បានធ្វើឲ្យមនុស្សទាំងនោះ «ភ្លឺភ្នែក»យ៉ាងច្បាស់៖ «ពីមុនគេយកពាក្យអរគុណសន្តិភាពធ្វើជាការលេងសើច ប៉ុន្តែឥឡូវក្រោយពេលផ្ទុះអាវុធបានទទួលស្គាល់ ហើយពាក្យអរគុណសន្តិភាពមិនសាមញ្ញទេ កុំចាំបាច់បាត់សន្តិភាពបានស្រែករកសន្តិភាពអញ្ចឹងត្រូវការពារសន្តិភាពទៅ»។

សន្តិភាព មិនមែនជាការស្នើសុំពីតែម្ខាងទេ ប៉ុន្តែជាចំណងកាតព្វកិច្ចរួម ដែលរាជរដ្ឋាភិបាលត្រូវបន្តដឹកនាំដោយយុទ្ធសាស្ត្រអត់ធ្មត់ ស្ងប់ស្ងាត់ តែរឹងមាំ ហើយជាមួយគ្នានេះ ប្រជាពលរដ្ឋត្រូវជួយការពារ និងមិនត្រូវឲ្យអារម្មណ៍ជ្រុលនិយម នាំឲ្យប្រទេសខ្មែរលោតចេញពីក្របខណ្ឌសន្តិភាពជាថ្មីទៀតឡើយ។

ក្នុងសេចក្តីសន្និដ្ឋាន៖ សន្តិភាព មិនមែនជាជម្រើសទន់ខ្សោយ ប៉ុន្តែជាជម្រើសក្លាហាតាមរយៈសុន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី១៧ វិច្ឆិកា ២០២៥ យើងពិនិត្យដោយលម្អិត នឹងឃើញយ៉ាងច្បាស់ថា៖
• កម្ពុជា មិនដែលជ្រើសយក «ការកាត់ដី ដើម្បីដោះដូរសន្តិភាព» ឡើយ។
• កម្ពុជា កំពុងជ្រើសយក សន្តិភាពដែលមានច្បាប់ ការគោរពកិច្ចព្រមព្រៀង និងការអត់ធ្មត់ ទោះបីជាត្រូវបង់តម្លៃជាពលីកម្មកងទ័ព និងការឈឺចាប់របស់ប្រជាពលរដ្ឋខ្លះក៏ដោយ។
កម្ពុជាយល់ថា ការផ្ទុះអាវុធវិញអាចនាំមកនូវការពេញចិត្តបណ្ដោះអាសន្នរបស់មនុស្សមួយ ចំនួនដែលចង់ញុះញង់ឱ្យប្រទេសធ្លាក់ក្នុងសង្គ្រាមតែប៉ុណ្ណោះ ប៉ុន្តែនៅទីបញ្ចប់វានឹងបំផ្លាញអ្វីៗគ្រប់យ៉ាងដែលទើបតែសម្រេចបានតាមរយៈកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ។សម្រាប់ប្រជាជាតិកម្ពុជាដែលធ្លាប់បានឆ្លងកាត់ការប្រល័យពូជសាសន៍ និងការស្លាប់របស់មនុស្សរាប់លាននាក់ដោយសារសង្គ្រាម សន្តិភាព ពិតជាមានតម្លៃ ហើយអ្វីៗដែលរាជរដ្ឋា ភិបាលបានធ្វើគឺដើម្បីសន្តិភាពនៃប្រជាជាតិកម្ពុជាទាំងមូល។
កូនខ្មែរគ្រប់រួបត្រូវយល់ថាសន្តិភាព មិនមែនជាឧបករណ៍ចរចាទេ, សន្តិភាព គឺជាមរតក និងកាតព្វកិច្ច ដែលយើងត្រូវការពារ។ ដូច្នេះយើងត្រូវចងចាំពាក្យ «អរគុណសន្តិភាព»៕