សម្ដេចតេជោ ហ៊ុន សែន បន្ដអំពាវនាវពលរដ្ឋខ្មែរកុំដើរហួស ឬជ្រុល លើបញ្ហាទំនិញថៃ, ទោះបីក្រុមហ៊ុនថៃ តែបើផលិតនៅខ្មែរ គឺស្មើទំនិញខ្មែរ (Video inside)
17-11-2025 12:41
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបន្តអំពាវនាវប្រជាពលរដ្ឋខ្មែរកុំដើរហួស ឬជ្រុល លើបញ្ហាទំនិញថៃ, ទោះបីក្រុមហ៊ុនរបស់ថៃ ឬថៅកែជាជនជាតិថៃក៏ដោយ បើសិនផលិតនៅក្នុងប្រទេសកម្ពុជា នោះមានន័យថា ទំនិញ ឬផលិតផលទាំងអស់នោះ គឺជារបស់ខ្មែរ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចអញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣។ ពិធីនេះត្រូវបានរៀបចំធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចតេជោប្រធានព្រឹទ្ធសភា បានពន្យល់ទៅកាន់ប្រជាពលរដ្ឋថា ជាក់ស្ដែងដូចស្ថានីយប្រេង PTT ថ្វីត្បិតតែប្រភពរបស់ក្រុមហ៊ុនមកពីប្រទេសថៃក៏ពិតមែន ប៉ុន្ដែនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គឺ PTT មិនបាននាំចូលប្រភពប្រេងមកពីប្រទេសថៃទៀតនោះទេ ពោលនាំចូលមកពីប្រទេសសិង្ហបុរី ដូច្នេះប្រជាពលរដ្ឋអាចប្រើប្រាស់បានធម្មតា។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសុំនិយាយរឿងមួយ កុំជ្រុលទៅហួស ជ្រុលហួសរហូតដល់អ្នកវិនិយោគថៃ ផលិតទំនិញនៅកម្ពុជាមិនព្រមទិញដែរ អាហ្នឹងជាការខុសក្បួន គេផលិតនៅកម្ពុជា ចាត់ទុកជាទំនិញរបស់កម្ពុជា [...] ហើយប្រេង PTT រាល់ថ្ងៃមែនយកប្រេងពីថៃមកលក់ទេ PTT យកប្រេងពីសាំងហ្គាពួរ ពីម៉ាឡេស៊ីយកមកលក់, ហើយអត់ទៅចាក់សាំងទៀត»
ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញថា ការធ្វើបែបនេះគឺជាទង្វើហួសហេតុ និងជ្រុលនិយមដែលបង្កឲ្យសម្លាប់សេដ្ឋកិច្ចខ្លួនឯងទៅវិញ។ ពោលគឺ ប្រជាពលរដ្ឋទាំងអស់គួរនាំគ្នាពហិការមិនប្រើប្រាស់ទំនិញដែលនាំមកពីប្រទេសថៃ ដោយឡែកប្រសិនបើទំនិញដែលផលិតក្នុងស្រុក មិនថាជាតិសាសន៍ណាជាអ្នកផលិតនោះទេ គួរនាំគ្នាប្រើប្រាស់ធម្មតា ដើម្បីសេដ្ឋកិច្ចជាតិ។
បើតាមការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន, គ្រប់វិនិយោគិន ដែលផលិតនៅក្នុងប្រទេសកម្ពុជា ទោះជាតិសាសន៍ណាក៏ដោយ ត្រូវចាត់ទុកជាផលិតផលរបស់កម្ពុជា នៅក្នុងន័យនេះ សម្ដេចបានលើកឡើងពីក្រុមហ៊ុន CP ដែលបានចិញ្ចឹមមាន់ ផលិតពងមាន់ នៅកម្ពុជា, ក្រមហ៊ុនផលិតស៊ីម៉ង់ត៍ ខេ សុីមេន និងការ៉ាសសាំង PTT ជាដើម។
ក្នុងន័យដដែលនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ សូមឲ្យមានការយល់ឃើញតុល្យភាព ទប់ស្កាត់អាកប្បកិរិយាដែលបង្កឲ្យចលនាជ្រុលនិយម និងបន្តគាំទ្រទំនិញដែលផលិតក្នុងប្រទេស ដើម្បីធានាឲ្យមានកំណើនសេដ្ឋកិច្ច និងស្ថិរភាពវិនិយោគនៅកម្ពុជា៕







































