ពលរដ្ឋភូមិព្រៃចាន់៖ កងទ័ពថៃផ្ទុះអាវុធតែម្ខាង និងបាញ់រះចូលភូមិខ្មែរ, កងទ័ពកម្ពុជា មិនបានផ្ទុះអាវុធនោះឡើយ (Video inside)
13-11-2025 07:50
(បន្ទាយមានជ័យ)៖ បន្ទាប់ពីបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់ហើយនោះ កងទ័ពថៃ បានព្យាយាមចោទមកលើទាហានកម្ពុជាបង្កការផ្ទុះអាវុធមុនលើពួកគេ ទើបពួកគេបាញ់តបតដើម្បីការពារខ្លួន។ ការលើកឡើងរបស់ទាហានថៃ ជាការបង្កើតហេតុផលបំភ្លៃខុសពីការពិតក្នុងបំណងគេចវេសការទទួលខុសត្រូវលើទង្វើដ៏ខុសឆ្គង និងរំលោភបំពានលើច្បាប់អន្តរជាតិនានាតែប៉ុណ្ណោះ។
លោក ដាន រាត្រី ហៅចិន ជាប្រជាពលរដ្ឋមួយរូបរស់នៅក្នុងភូមិព្រៃចាន់ ផ្ទះរបស់គាត់ស្ថិតនៅមិនឆ្ងាយនោះឡើយពីបន្លាលួស ដែលកងទ័ពថៃបានយកបន្លាលួសមករាយព័ទ្ធយកដីភូមិ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរ។ លោក រាត្រី បានឱ្យដឹងថា នៅវេលាកើតហេតុកងទ័ពថៃបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរនោះ លោកកំពុងសម្រាន្តលេងក្នុងខ្ទមមុខផ្ទះបងរបស់លោកមានចម្ងាយប្រមាណតែ២០ម៉ែត្រប៉ុណ្ណោះពីបន្លាលួស។
លោក រាត្រី បានអះអាងថា លោកបានឮយ៉ាងច្បាស់នូវការបាញ់រះរបស់កងទ័ពថៃ។ បើតាមលោក រាត្រី ការបាញ់ប្រហារនោះ ឮសំឡេងចេញពីម្តុំទីតាំងអតីតប៉ុស្តិ៍យោធារបស់ខ្មែរ (ប៉ុស្តិ៍យោធានេះ ត្រូវបានកងទ័ពថៃ ព័ទ្ធបន្លាលួសយក ហើយវាយកម្ទេចចោលក្រោយថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥)។ លោក រាត្រី បានបញ្ជាក់ទៀតថា ការបាញ់នោះ មិនមែនចេញតែមួយគោលដៅទេ អាចបាញ់ចេញរង្វង់៣គោលដៅ។
«បាញ់ចូលភូមិយើងតែម្តង[ភូមិព្រៃចាន់]...។ ប្រើសុទ្ធតែកាំភ្លើងយន្តបាញ់ចូលមកភូមិរបស់យើងរហូត»។ នេះជាការបញ្ជាក់របស់លោក រាត្រី។
កងទ័ពខ្មែរត្រូវបានយកទៅឈរការពារនៅភូមិព្រៃចាន់ បន្ទាប់ពីកងទ័ពយកបន្លាលួសព័ទ្ធយកដីភូមិឋាន និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋខ្មែរនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ក្រោមស្មារតីគោរពកិច្ចព្រមព្រៀងនៃបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កងទ័ពខ្មែរ ដែលយកទៅការពារនៅភូមិព្រៃចាន់ មិនមានបំពាក់អាវុធនោះឡើយ ពួកគេស្លៀកតែសម្លៀកបំពាក់ជាកងកម្លាំងប៉ុណ្ណោះ។ តាំងពីក្រោយថ្ងៃទី១៣ ខែសីហាមក បើទោះបីកងទ័ពថៃ ព្យាយាមធ្វើសកម្មភាពនានា ក្នុងចេតនាបង្កហេតុ ឬញុះញង់ដើម្បីបញ្ឆេះហិង្សាយ៉ាងណាក្តី ក៏កងទ័ពខ្មែរអត់ធ្មត់មិនធ្លាប់មានការតបតអ្វីទាំងអស់។
ក្រោយការបាញ់ប្រហារមកលើប្រជាពលរដ្ឋខ្មែរជាជនស៊ីវិលហើយនោះ កងទ័ពថៃ បានចេញសេចក្តីថ្លែងការណ៍ដើម្បីគេចវេសពីការទទួលខុសត្រូវលើទង្វើខុសទៅនឹងច្បាប់អន្តរជាតិនានា ដោយលើកឡើងថា ការដែលពួកគេបាញ់មកលើភូមិខ្មែរគ្រាន់តែជាស្វ័យការពារខ្លួនក្រោយកងទ័ពខ្មែរបាញ់ទៅលើពួកគេ។
លោក ដាន រាត្រី បានអះអាងថា នៅមុនពេលកើតហេតុនៃការបាញ់ប្រហាររបស់កងទ័ពថៃ ចូលក្នុងភូមិខ្មែរ គឺមិនមានឮស្នូរអាវុធចេញពីភាគីកងទ័ពកម្ពុជានោះឡើយ ហើយនៅក្រោយពេលកងទ័ពថៃ បាញ់មកលើភូមិ និងជនស៊ីវិលរបស់ខ្មែរហើយនោះ ក៏កងទ័ពខ្មែរនៅតែរក្សាការអត់ធ្មត់មិនបានបាញ់តបតទៅកងទ័ពថៃនោះឡើយ។
លោក រាត្រី បានបញ្ជាក់ដូច្នេះ «អ្នកយាម [កងទ័ពខ្មែរ] នៅខាងមុខហ្នឹងមិនមានកាំភ្លើង មិនមានអាវុធនោះទេ។ [...] ខ្មែរយើងមិនបានបាញ់តបតនោះទេរហូតដល់ពេលនេះ [ម៉ោងជាង១២រំលងអាធ្រាត្រថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា]»។
ជាជនមានមានពិការភាពព្រោះគ្រាប់មីនបន្សល់ពីសម័យសង្គ្រាមផ្ទៃក្នុងរបស់ខ្មែរដែលដាក់បង្កប់ក្នុងភូមិព្រៃចាន់ និងធ្លាប់ហែលឆ្លងការលំបាកដ៏ច្រើនមិនអាចគណនាបាននោះ លោក ដាន រាត្រី បានសម្តែងភាពក្តុកក្តួល និងសោកស្តាយជាខ្លាំងចំពោះទង្វើបាញ់ប្រហាររបស់កងទ័ពថៃមកលើប្រជាពលរដ្ឋខ្មែរជាជនស៊ីវិល។
ក្រោយមានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ លោក រាត្រី ក៏ដូចជាពលរដ្ឋដទៃទៀតក្នុងភូមិព្រៃចាន់ រំពឹងថា នឹងទទួលបានសេចក្តីសុខត្រឡប់មកវិញ បន្ទាប់ពីរងការយាយីផ្លូវចិត្តអស់រយៈពេលប្រមាណជា៣ខែ ព្រោះតែសកម្មភាពរំលោភបំពានមកលើភូមិឋានរបស់ពួកគាត់។ ថ្ងៃទី១២ ខែវិច្ឆិកា ក្តីរំពឹងរស់ជាមួយក្តីសុខរបស់ពួកគាត់ត្រូវបានបាត់បង់ និងបំផ្លាញទៅវិញ ព្រោះទង្វើព្រៃផ្សៃ និងមិនគោរពចំពោះចំពោះសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ដែលបានធ្វើជាមួយគ្នា។
លោក រាត្រី បានសម្តែងការឈឺចិត្តជាខ្លាំងចំពោះទង្វើព្រៃផ្សៃរបស់កងទ័ពថៃធ្វើមកលើជនស៊ីវិលរបស់កម្ពុជា។ អ្នកភូមិព្រៃចាន់រូបនេះ បន្តទទូចដល់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាសហគមន៍អន្តរជាតិ ជួយរកយុត្តិជូនប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយការបាញ់ប្រហាររបស់កងទ័ពថៃ និងបញ្ឈប់នូវទង្វើឈ្លានពានរបស់ពួកគេ៕




























