FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកណ្ដាល៖ វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ជាផ្ទះទីពីរ ដ៏សុខសាន្ត និងកក់ក្តៅ ពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្តចំពោះកុមារអូទីហ្សឹម

12-11-2025 21:10

(កណ្ដាល)៖ លោក គួច ចំរើន អភិបាលខេត្តកណ្ដាល បានលើកឡើងថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ក្រោមការគ្រប់គ្រងរបស់លោក ចាន់ សារិន ជានាយក មិនមែនគ្រាន់តែជាគ្រឹះស្ថានសិក្សាធម្មតានោះទេ ប៉ុន្តែគឺជាផ្ទះទីពីរ ជាទីស្ថានដ៏សុខសាន្ត និងកក់ក្តៅមួយពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត និងជាមជ្ឈមណ្ឌលបណ្តុះពន្លកសក្តានុពល ទេពកោសល្យ និងសមត្ថភាព ដល់ក្មួយៗដែលជួបប្រទះការលំបាកក្នុងការសិក្សា ឬកុមារអូទីហ្សឹម។

លោកអភិបាលខេត្តថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សា ២០២៥-២០២៦ និងសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅនាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ។

លោកអភិបាលខេត្តកណ្ដាល ថ្លែងថា ពិធីបើកបវេសនកាល នាថ្ងៃនេះគឺជាការបើកទំព័រថ្មីមួយនៃការសិក្សា និងជាជំហានបន្តទៅមុខមួយជំហានទៀត សម្រាប់ក្មួយៗសិស្សានុសិស្សគ្រប់រូប ឆ្ពោះទៅរកចំណេះដឹង បំណិនជីវិត ជំនាញថ្មីៗ ព្រមទាំងជាឱកាសក្នុងការបង្កើតមិត្តភក្តិថ្មី ប្រកបដោយការគាំទ្រយ៉ាងកក់ក្តៅ ពីសំណាក់មាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូ។

លោកអភិបាលខេត្ត បានបន្តថា «វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មិនមែនគ្រាន់តែជាគ្រឹះស្ថានសិក្សាធម្មតានោះទេ ប៉ុន្តែគឺជាផ្ទះទីពីរ ជាទីស្ថានដ៏សុខសាន្ត និងកក់ក្តៅមួយពោរពេញទៅដោយក្តីស្រឡាញ់ ការយល់ចិត្ត និងជាមជ្ឈមណ្ឌលបណ្តុះពន្លកសក្តានុពល ទេពកោសល្យ និងសមត្ថភាព ដល់ក្មួយៗដែលជួបប្រទះការលំបាកក្នុងការសិក្សា ដើម្បីមានឱកាសទទួលបានការ បណ្តុះបណ្តាល អភិវឌ្ឍខ្លួន និងលូតលាស់ ដូចក្មួយៗសិស្សានុសិស្សដទៃដែរ»។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះការខិតខំ និងការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ គ្រប់រូប ដែលបានខិតខំផ្តល់មជ្ឈដ្ឋានអប់រំប្រកបដោយបរិយាបន្នមួយ ដល់ក្មួយៗដែលមានពិការភាពសតិបញ្ញា និងជំងឺអូទីហ្សឹម។ ការខិតខំ របស់លោកគ្រូ អ្នកគ្រូ ទាមទារមិនត្រឹមតែជំនាញគរុកោសល្យប៉ុណ្ណោះទេ ប៉ុន្តែទាមទារ នូវបេះដូងដ៏ធំធេង ប្រកបដោយការអត់ធ្មត់ សេចក្តីមេត្តាករុណា និងការយល់ចិត្តក្មួយៗ សិស្សានុសិស្សដោយជ្រាលជ្រៅ។

នាឱកាសនោះដែរ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រ ប្រកបដោយភាពសប្បាយរីករាយ តាមរយៈការលេងតន្ត្រី សិល្បៈ ឬកីឡា និងស្វែងរកចំណង់ចំណូលចិត្តរបស់ខ្លួន។ ជាពិសេសចំពោះមាតាបិតា អាណាព្យាបាល សូមបង្កើតបរិយាកាសល្អនៅផ្ទះ និងខិតខំបង្ហាត់បង្រៀនជំរុញក្មួយៗជាកូន ឱ្យចេះជួយធ្វើការងារផ្ទះ ចេះរៀបចំខ្លួន និងការនិយាយស្តីជាដើម សូមផ្តល់ក្តីស្រឡាញ់ និងការគាំទ្រដល់កូនជានិច្ច និងរក្សាទំនាក់ទំនងជាប់ជិតស្និទ្ធ ជាមួយលោកគ្រូ អ្នកគ្រូ ក្នុងការតម្រង់ទិសកូនទៅកាន់ទេពកោសល្យជំនាញរបស់ពួកគេ។

សូមបញ្ជាក់ផងដែរថា វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ មានសិស្សចំនួន៣៥០នាក់ ស្រី ៧៧នាក់ ក្នុងនោះសិស្សកម្រិតមត្តេយ្យមូលដ្ឋានចំនួន ១៣០នាក់ ស្រី ៣៣នាក់ កម្រិតមត្តេយ្យសិក្សាចំនួន ៧២នាក់ ស្រី ១៤នាក់ និងកម្រិតបឋមសិក្សាចំនួន១៤៨ នាក់ ស្រី៣០នាក់។ សាលាមានគ្រូង្រៀនក្របខ័ណ្ឌពិសេសចំនួន៣៥នាក់ ស្រី១៨នាក់ គ្រូបង្រៀនជាប់កិច្ចសន្យាពិសេស ចំនួន៣៣នាក់ ស្រី១៨នាក់ មន្ត្រីជាប់កិច្ចសន្យាចំនួន៥នាក់ ស្រី៤ នាក់ គ្រូបង្រៀន និងបុគ្គលិកស្ម័គ្រចិត្តចំនួន២៦នាក់ ស្រី ១៣នាក់ សរុបចំនួន៩៩ នាក់ ស្រី ៥៤ នាក់៕