FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថខេត្តកំពង់ស្ពឺ ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀនដល់សិស្សវិទ្យាល័យ ហ៊ុន សែន នៅស្រុកភ្នំស្រួច ដើម្បីលុបបំបាត់ចំពោះគ្រឿងញៀនតាមមូលដ្ឋាន

11-11-2025 14:53

(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានណែនាំទៅដល់កម្លាំងជំនាញ នៃមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការយុវជនសហភាពសហព័ន្ធកម្ពុជាខេត្តកំពង់ស្ពឺ (ស.ស.យ.ក) និងជំនាញអប់រំផ្សព្វផ្សាយឱ្យបង្កើនការចុះផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន និងក្មេងទំនើងនៅតាមសាលារៀន ប្រសើរជាងការបង្ក្រាប ដែលផ្តល់ផលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរក្រុមគ្រួសារ។

នេះបើយោងតាមការលើកឡើងរបស់លោកវរសេនីយ៍ទោ ណុល ដារ៉ា ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្នុងឱកាសចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន (បារីអេឡិចត្រូនិច) និងក្មេងទំនើងនៅក្នុងវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយមានការចូលរួមពីសិស្សានុសិស្ស ចំនួន២៧០៧នាក់ លោកគ្រូ អ្នកគ្រូ ៧៥នាក់។

លោកវរសេនីយ៍ទោ ណុល ដារ៉ា បានលើកឡើងថា លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន បានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាគតក្មួយៗដោយមិនចង់បង្ក្រាប និងចាប់ខ្លួនយកមកអនុវត្តទោស ដែលនាំឱ្យខូចអនាគត និងប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូរ នៃក្រុមគ្រួសារនោះទេ។

ដោយការគិតគូនេះ លោកឧត្តមសេនីយ៍មេបញ្ជាការ បានផ្ញើសារអប់រំមកថា «ដើម្បីអនាគតរបស់ក្មួយៗ សូមគេចឱ្យឆ្ងាយពីគ្រឿងញៀន និងដកខ្លួនចេញពីក្រុមបងតូច បងធំជាបន្ទាន់ ព្រោះច្បាប់មិនដែលលើកលែងឱ្យក្មួយៗ ដែលពាក់ព័ន្ធនិងអំពើល្មើសឡើយ»

បន្ថែមពីនេះ ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រ នៃការផ្សព្វផ្សាយជាប្រចាំនៅគ្រប់វិទ្យាល័យនិងគ្រប់សាលា គឺដើម្បីជាសារក្រើនរំឭក ដាស់តឿនទៅដល់កូនក្មួយជាសិស្សានុសិស្សបានយល់ដឹងពីផលប៉ះពាល់ នៃការសេពនិងប្រើប្រាស់គ្រឿងញៀន ពិសេសគឺសកម្មភាពក្មេងទំនើងដែលបង្កអសន្តិសុខក្នុងសង្គម ហើយសារនេះក៏ជាប្រយោជន៍អាចជួយ ឱ្យយុវជនយើងយល់ដឹង និងចៀសវាងការប្រើប្រាស់នូវសារធាតុញៀននេះ និងអាចកាត់បន្ថយអំពើឧក្រិដ្ឋដូចជា៖ លួចឆក់ ប្លន់ ឬហិង្សាក្នុងគ្រួសារ និងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិទៀតផង។ ទន្ទឹមនេះយើងជាសមត្ថកិច្ចបានរំពឹងថា ការអប់រំ ផ្សព្វផ្សាយ និងជួយកាត់បន្ថយបញ្ហា ពង្រឹងសុខភាពផ្លូវចិត្ត និងរាងកាយយុវជនដែលមិនប្រើគ្រឿងញៀនមានសុខភាពល្អ មានសមត្ថភាពរៀនសូត្រ និងធ្វើការបានល្អ ដែលជាការការពារដ៏ប្រសើរ។

ជាមួយគ្នា​នេះ លោកវរសេនីយ៍ទោ ណុល ដារ៉ា បានបញ្ជាក់ថា ដោយបង្ហាញពីឱកាស និងអនាគតយុវជនដែលមិនជាប់ពាក់ព័ន្ធគ្រឿងញៀន យុវជនជាសសរទ្រូង នៃសង្គមជាតិ សង្គមជាតិមានភាពរឹងមាំគឺដោយសារតែ ធនធានមនុស្ស ពិសេសគឺយុវជនគ្រប់ជំនាន់នេះហើយ។ ដូច្នេះសូមយុវជនទាំងអស់ត្រូវដកខ្លួន ចៀសឱ្យឆ្ងាយពីគ្រឿងញៀន កុំចង់សាក ចង់ដឹង ឬភ្លក្សគ្រឿងញៀនឱ្យសោះ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន មួយវិញទៀតត្រូវបញ្ឈប់រាល់សកម្មភាពនានានៃការប្រមូលផ្តុំបង្កើតជាក្រុមក្មេងទំនើងដែលរាជរដ្ឋាភិបាលបាននិងកំពុងលុបបំបាត់៕