Fresh Exclusive: ប្រវត្តិនៃការតស៊ូពិតប្រាកដ ដើម្បីទទួលបានឯករាជ្យជាតិ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ (Video inside)
08-11-2025 16:58
(ភ្នំពេញ)៖ ប្រទេសកម្ពុជា បានស្ថិតក្រោមនឹមអាណានិគមបារាំង រយៈពេលជិតមួយសតវត្សទម្រាំទទួលបានឯករាជ្យពេញបរិបូរណ៍ឡើងវិញ ដោយសារកិច្ចខិតខំប្រឹងប្រែង និងការធ្វើព្រះរាជបូជនីយ៍ កិច្ចរបស់សម្តេចព្រះ នរោត្តម សីហនុ។ ចាប់តាំងពីចុងសតវត្សទី១៩ បានអនុវត្តនយោបាយអាណានិគមនិយម ដោយបានបង្កើតតំបន់ឥណ្ឌូចិន ដែលរួមមានប្រទេសកម្ពុជា វៀតណាម និងឡាវ។
Fresh Exclusive មានសេចក្តីរាយការណ៍មួយស្តីពី «ប្រវត្តិពិតប្រាកដ នៃការតស៊ូទទួលបានឯករាជ្យជាតិ ថ្ងៃទី៩ វិច្ឆិកា ១៩៥៣»។ ប្រវត្តិជាប់ពាក់ព័ន្ធនេះ គឺផ្អែកលើសំណេរឯកសាររបស់អតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៖
ក្រោមព្រះរាជបូនីយកិច្ចរបស់ព្រះវររាជបិតាឯករាជ្យជាតិ ប្រទេសកម្ពុជាទទួលបានឯករាជ្យពេញលេញបរិបូរណ៍ពីសាធារណរដ្ឋបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ។ ប្រទេសកម្ពុជាក្រោយពីទទួលបានឯករាជ្យ ដោយមានព្រះករុណាព្រះបរមរតនកោដ្ឋ ជាព្រះអគ្គមគ្គុទ្ទេសដ៏ឆ្នើម បានដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព និងភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងអតីតសម័យសង្គមរាស្រ្តនិយមនាជំនាន់នោះ កម្ពុជាត្រូវបានពិភពលោក ប្រសិទ្ធិនាមព្រះរាជាណាចក្រកម្ពុជា ថាជាកោះសន្តិភាពនាអាស៊ីអាគ្នេយ៍។
* ព្រះរាជសកម្មភាពដើម្បីកម្ពុជាឯករាជ្យ
ប្រវត្តិនៃការតស៊ូ ទម្រាំបានឯករាជ្យ មិនមែនជាការតស៊ូទាមទារដោយទទួលបានភ្លាមៗក្នុងរយៈពេលដ៏ខ្លីនោះទេ។ ព្រះមហាវីរក្សត្រ ធ្លាប់បានចាប់ផ្តើមប្រកាសឯករាជ្យជាលើកដំបូងក្នុងខែមីនា-មេសា ឆ្នាំ១៩៤៥ ក្នុងជំនាន់ការត្រួតត្រារបស់ជប៉ុន ប៉ុន្តែនៅក្នុងឆ្នាំ១៩៤៦ បារាំងបានវិលត្រឡប់មកវិញ និងបានបន្តអាណាព្យាបាលលើកម្ពុជា ដោយយោងទៅសន្ធិសញ្ញាឆ្នាំ១៨៦៣ និង១៨៨៤។ ប៉ុន្តែព្រះរាជសកម្មភាពដើម្បីកម្ពុជាឯករាជ្យ មិនបានបោះបង់ចោលឡើយ។
នៅថ្ងៃទី៧ខែកុម្ភៈឆ្នាំ១៩៥០, សភាបារាំង បានផ្តល់ដល់ឱ្យប្រទេសបីនៅឥណ្ឌូចិន នូវស្វ័យភាពត្រួតត្រារបស់ខ្លួន ប៉ុន្តែនៅតែស្ថិតនៅក្រោមសហភាពបារាំងជាដដែល។ ចំណេរក្រោយមកទៀត ក៏មានការទទួលស្គាល់រដ្ឋាភិបាលថ្មីមួយនៅកម្ពុជា ដែលដឹកនាំដោយសម្តេច ព្រះនរោត្តម សីហនុ។ យោងតាមព្រះរាជសាររបស់អតីព្រះមហាក្សត្រព្រះករុណាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ផ្ញើជូនជនរួមជាតិកាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០០៣, ព្រះរាជសារបានរៀបរាប់អំពីព្រះរាជសកម្ម ភាពដើម្បីឯករាជ្យបរិបូរណ៍នៅកម្ពុជា ក្នុងទសវត្ស១៩៤០ដល់១៩៥០។
ព្រះរាជសារបានសរសេរថា ការកសាងឯករាជ្យបរិបូរណ៍ឲ្យមានទ្រង់ទ្រាយពេញលក្ខណៈឡើងវិញជូនជាតិមាតុភូមិ ពុំមែនធ្វើកើតតែក្នុងរយៈពេលតែ២ឆ្នាំ ពោលគឺរវាងពីឆ្នាំ១៩៥២និង១៩៥៣នោះទេ។ ព្រះរាជសារបានបន្តថា ឆ្នាំ១៩៥៣ គឺជាឆ្នាំ ដែលប្រជាជាតិកម្ពុជាក្រោមការដឹកនាំរបស់ព្រះអង្គ បានបង្ខំឲ្យសាធារណរដ្ឋបារាំង ផ្ទេរអំណាចនិងសមត្ថកិច្ចទាំងអស់ជូនមកព្រះរាជាណាចក្រកម្ពុជាវិញ ទាំងរដ្ឋបាលស៊ីវីល តុលាការ ប៉ូលីស ទាហាន ការទូត នយោបាយ ក្នុងប្រទេសនិងក្រៅប្រទេសមកជូនប្រទេសកម្ពុជា។
* ការចាប់ផ្តើមតស៊ូពី១៩៤៥-១៩៥៣
ព្រះបរមរតនកោដ្ឋ បានមានព្រះរាជបន្ទូលថា កម្ពុជាបានផ្ដើមការតស៊ូ ដើម្បីឯករាជ្យជាតិកម្ពុជា តាំងពីខែមិនានិងមេសាឆ្នាំ១៩៤៥មកម្ល៉េះ។ នៅក្នុងខែមីនា និងមេសាឆ្នាំ១៩៤៥នោះ ព្រះអង្គបានឆ្លៀតយកឱកាស ដែលកងទ័ពជប៉ុន ចាប់ពួកមន្ត្រីរដ្ឋការ និងទាហានបារាំង យកទៅឃុំឃាំងនោះ បានប្រកាសជាមហោឡារិកថា ព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីពេលនេះតទៅ បានឡើងកាន់ឋានៈជាប្រទេស ជារដ្ឋឯករាជ្យ និងអធិបតេយ្យពេញទីវិញហើយ។ ក្រោយពីពេលប្រកាសនោះមកព្រះអង្គបានសូមរាជរដ្ឋាភិបាលជប៉ុនជំនាន់នោះ ទទួលស្គាល់ជាផ្លូវការនូវឯករាជ្យនៃរាជាណាចក្រកម្ពុជា។ ប៉ុន្តែពេលនោះ ព្រះអង្គបញ្ជាក់ថា ចក្រភពជប៉ុន ពុំព្រមទទួលស្គាល់នូវឯករាជ្យភាព និងអធិបតេយ្យភាពនៃកម្ពុជាឡើយ។
នៅក្នុងឆ្នាំ១៩៤៦ ក្រោយសាធារណរដ្ឋបារាំង បានទទួលនូវជ័យជំនៈជាស្ថាពរក្នុងសង្គ្រាមលោកលើកទី២ បារាំងក៏បានវិលត្រឡប់មកកាន់កម្ពុជាវិញ។ សាធារណរដ្ឋបារាំង បានប្រាប់ព្រះអង្គថា សន្ធិសញ្ញាឆ្នាំ១៨៦៣ និងអនុសញ្ញាឆ្នាំ១៨៨៤ ត្រូវអនុវត្តដូចមុន។
ព្រះមហាវីរក្សត្របានឆ្លើយតបទៅបារាំងវិញថា ប្រជាជាតិ ប្រជារាស្ត្រ និងមហាក្សត្រមិនព្រមទទួលសន្ធិសញ្ញាឆ្នាំ១៨៦៣ និងអនុសញ្ញាឆ្នាំ១៨៨៤ នោះវិញជាដាច់ខាត ពីព្រោះអាណាព្យាបាលបារាំង បានស្លាប់បាត់ទៅហើយ ដោយជប៉ុនបានសម្លាប់នៅក្នុងខែមីនា ឆ្នាំ១៩៤៥។ ព្រះអង្គបានបន្តថា ហើយមុនពេលអាណាព្យាបាលបារាំងដែលបានស្លាប់នោះ គឺអាណាព្យាបាលបារាំងនោះ ពុំបានការពារព្រះរាជាណាចក្រកម្ពុជា ឲ្យមានបូរណភាពទឹកដី ដូចដែលបានសន្យានៅក្នុងសន្ធិសញ្ញាឆ្នាំ១៨៦៣ឡើយ។
* កិច្ចព្រមព្រៀងបណ្តោះអាសន្ន Modus Vivendi ឆ្នាំ១៩៤៦ និងសន្ធិសញ្ញាឯករាជ្យឆ្នាំ១៩៤៩
Modus Vivendi ឆ្នាំ១៩៤៦ គឺជាឯកសារយោគយល់គ្នាដ៏សំខាន់មួយ ដែលបានចុះហត្ថលេខារវាង កម្ពុជានិងបារាំង នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៤៦ ដើម្បីបង្កើតផ្លូវសន្តិភាពមួយដែលជាជំហានដំបូង ក្នុងការទាមទារឯករាជ្យពេញលេញរបស់កម្ពុជា។ ពាក្យ «Modus Vivendi» ជាភាសាឡាតាំង មានន័យថា «វិធីរស់នៅរួមគ្នា» ឬ «temporary practical arrangement»។ នៅក្នុងបរិបទនយោបាយ វាជាកិច្ចព្រមព្រៀងអន្តរកាល ដែលប្រទេសមួយក្រោមអាណានិគមបរទេស បានព្យាយាមចរចាជាមួយអ្នកអាណាព្យាបាលអាណានិគម ដើម្បីទទួលបានអំណាចខ្លះគ្រប់គ្រងបណ្ដោះអាសន្ន ខណៈពេលដែលកិច្ចចរចាផ្លូវការដើម្បីឯករាជ្យពិតប្រាកដ កំពុងមានដំណើរការជាបន្ត។
ក្នុងជំនាន់អតីតកាលនោះ ខេត្តបាត់ដំបងទាំងមូល ខេត្តសៀមរាប កំពង់ធំ និងស្ទឹងត្រែង មួយភាគធំ ត្រូវប្រទេសថៃ យកអំពីកម្ពុជា ដោយអតីតចក្រភពជប៉ុនពេលនោះ បានជួយប្រទេសថៃ ក្នុងការលេបត្របាក់ទឹកដីខ្មែរ។ ប៉ុន្តែក្រោយការជជែកពិភាក្សាជាមួយនឹងគ្នាច្រើនលើក ច្រើនគ្រារួចមក, សាធារណរដ្ឋបារាំង ក៏ព្រមទទួលយកមកវិញជំនួសសន្ធិសញ្ញា ឆ្នាំ១៨៦៣ និងអនុញ្ញាឆ្នាំ១៨៨៤ នូវកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi ដែលសម្ដេច ស៊ីសុវត្ថិ មុនីរ៉េត នាយករដ្ឋមន្ត្រីខ្មែរតំណាងព្រះមហាក្សត្រ បានចុះហត្ថលេខាជាមួយនឹងតំណាងរដ្ឋាភិបាលបារាំង។
តាមលក្ខណៈកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi ឆ្នាំ១៩៤៦នោះ, បារាំងនិងខ្មែរ មានអំណាចស្មើគ្នាក្នុងការគ្រប់គ្រងរដ្ឋកម្ពុជា ដែលអស់មានលក្ខន្តិកៈជាប្រទេសក្រោមអំណាចអាណាព្យាបាលបារាំងទៀតហើយ។ ប៉ុន្តែជាមួយនឹងកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi នោះ, ព្រះមហាវីរក្សត្របានមានបន្ទូលថា កិច្ចសន្យានោះ ពុំបានធ្វើឲ្យព្រះអង្គសុខចិត្ត សុខកាយ សប្បាយហឫទ័យនោះឡើយ ប៉ុន្តែព្រះអង្គចេះតែបន្តការតស៊ូដោយសន្តិវិធីទៅមុខទៀត។ ព្រះអង្គបានធ្វើឲ្យសាធារណរដ្ឋបារាំង ព្រមលប់ និងលើកចោលអស់ទាំងស្រុងតាមផ្លូវច្បាប់នូវសន្ធិសញ្ញាឆ្នាំ១៨៦៣ និងអនុសញ្ញាឆ្នាំ១៨៨៤ ព្រមទាំងកិច្ចសន្យាបណ្ដោះអាសន្ន Modus Vivendi នៅឆ្នាំ១៩៤៦ ដោយមានសន្ធិសញ្ញាឯករាជ្យ នៅឆ្នាំ១៩៤៩ ដែលអ្នកតំណាងព្រះអង្គ គឺស្ដេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលបារាំងនៅរដ្ឋធានីប៉ារីស។
ព្រះមហាវីរក្សត្រ បានមានព្រះរាជបន្ទូលរំលឹកទៀតថា ពីរឆ្នាំមុននោះគឺក្នុងឆ្នាំ១៩៤៧ ដោយមានការ ជួយពីសាធារណរដ្ឋបារាំង, ព្រះអង្គបានធ្វើឲ្យប្រទេសថៃ សងមកជូនកម្ពុជា វិញនូវខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង ដែលប្រទេសថៃបានយកពីកម្ពុជា ទៅដោយអយុត្តិធម៌នៅក្នុងឆ្នាំ១៩៤០ និង១៩៤១ មុនពេលដែលព្រះអង្គបានឡើយសោយរាជ្យជាលើកទី១។ ព្រះអង្គបានថ្លែងថា ការស្ថាបនាឯករាជ្យជូនជាតិមាតុភូមិ មានន័យថាជាមួយនឹងឯករាជ្យនេះ ក៏ត្រូវតែមានបូរណភាពទឹកដីដែរ។
* ព្រះមហាក្សត្រពន្យល់ក្រុមនិស្សិតអំពីនយោបាយដឹកនាំទាមទារឯករាជ្យ តាមភាពអត់ធ្មត់ និងយុទ្ធសាស្ត្រច្បាស់លាស់
ក្នុងឆ្នាំ១៩៤៦ នៅរដ្ឋធានីប៉ារីសប្រទេសបារាំង ព្រះអង្គបានទទួលនិស្សិតខ្មែរមួយចំនួន ដែលទូលសុំសវនាការជាមួយព្រះអង្គ។ និស្សិតខ្មែរទាំងនោះមិនសប្បាយចិត្តទេ ការដែលព្រះអង្គចុះហត្ថលេខាលើសន្ធិសញ្ញាឯករាជ្យឆ្នាំ១៩៤៩ ពីព្រោះគេថា សន្ធិសញ្ញានោះពុំផ្ដល់ឯករាជ្យពេញទីជូនមាតុភូមិ និងជាតិកម្ពុជាឡើយ។ និស្សិតទាំងនោះគេទទួចសុំឱ្យព្រះអង្គ ទាត់ចោលសន្ធិសញ្ញាឆ្នាំ១៩៤៩។
ព្រះអង្គបានឆ្លើយតបទៅនិស្សិតទាំងឡាយនោះដោយពន្យល់ថា ទឹកចិត្តព្រះអង្គក៏ដូចជាទឹកចិត្តរបស់និស្សិតទាំងនោះ និងចិត្តខ្មែរស្នេហាជាតិគ្រប់រូបឯទៀតដែរ គឺចង់បានតែឯករាជ្យបរិបូរណ៍មួយរយភាគរយភ្លាមៗ ជូនជាតិ មាតិភូមិកម្ពុជា។ ប៉ុន្តែក្នុងកាលៈទេសៈនោះ សូម្បីព្រះពុទ្ធជាម្ចាស់ ព្រះឥន្ទ ព្រះព្រហ្ម និងទេវតា ក៏ព្រះអង្គពុំអាចជួយខ្មែរឲ្យសម្រេចការធំដ៏មហិមានោះ តែក្នុង១ឆ្នាំបានទេ។ ព្រះអង្គមានបន្ទូលថា ចំណែកព្រះអង្គដោយផ្ទាល់ បានខិតខំស្ថាបនាឯករាជ្យ ជូនជាតិមាតុភូមិ ដោយស្វិតស្វាញ ចាប់តាំងពីពេលដែលបារាំងនិងកងទ័ពរបស់គេ បានវិលមកម្ពុជាវិញនៅឆ្នាំ១៩៤៩។
* ទស្សនវិជ្ជារបស់ព្រះមហាក្សត្រ៖ គេមិនអាចលោតជំហានដល់ឯករាជ្យពេញលេញ ដោយគ្មានគ្រឹះតាមច្បាប់អន្តរជាតិឡើយ
ព្រះអង្គបានមានបន្ទូលថា ការសាងសង់ឯករាជ្យជាតិ គឺទាមទារនូវពេលវេលាច្រើនឆ្នាំ។ សូម្បីតែការកសាងសមិទ្ធិផលអ្វីមួយ ដូចជាវិទ្យាល័យនៅក្នុងកម្ពុជា ឬមហាផ្ទះ គេហដ្ឋានសម្រាប់និស្សិតខ្មែរនៅបុរី សាកលវិទ្យាល័យនៅទីក្រុងប៉ារីសក្ដី ក៏ត្រូវការពេលប៉ុន្មានឆ្នាំដែរ មុននឹងស្ថាបនាឲ្យបានល្អបានចប់សព្វគ្រប់។ ព្រះអង្គបញ្ជាក់ថា កិច្ចការណាក៍ដោយក៍តម្រូវឲ្យត្រូវប្រព្រឹត្តតាមបែបបទជាដំណាក់កាល ប្រៀបដូចជាដំណើរមួយចេញពីភ្នំពេញទៅអង្គរ ដែលគេត្រូវតែខិតខំបើករថយន្តពីភ្នំពេញទៅកំពង់ធំសិន ហើយបន្តដំណើរពីកំពង់ធំ ទៅក្រុងសៀម ហើយបន្ទាប់មកធ្វើដំណើរពីក្រុងសៀមរាបទៅដល់អង្គរវត្ត។ អ្វីៗគឺត្រូវធ្វើតាមលំដាប់លំដោយ។
ព្រះអង្គពន្យល់ថា បើប្រើមធ្យោបាយសង្គ្រាម គឺយើងមិនគ្រាន់តែធ្វើឲ្យប្រជារាស្ត្រយើងរាប់សែននាក់ត្រូវពលិកម្មជីវិតទេ គឺយើងពុំមានលទ្ធភាពច្បាំងឈ្នះបារាំងទៀតផង ពីព្រោះគេមានកាណុង អាវុធយុទ្ធភណ្ឌទំនើបគ្រប់បែបយ៉ាង យន្តហោះចម្បាំង ហើយប្រទេសយើងនឹងខ្ទេចខ្ទាំអស់។ តើប្រទេសណាគេមកជួយយើងឲ្យច្បាំងឈ្នះបារាំង? សូម្បីតែជប៉ុនក៏ចុះចាញ់អង់គ្លេសដែរ។
ព្រះអង្គថ្លែងថា ប្រទេសអង់គ្លេសនេះក្នុងឆ្នាំ១៩៤៥ដល់១៩៤៦ បានបញ្ជូនទ័ពរបស់គេមកកាន់កម្ពុជាដើម្បីដកអាវុធពីកងទ័ពជប៉ុន។ អង់គ្លេស បន្ទាប់ពីធ្វើការនេះរួច គេក៏ដកទ័ពចេញពីកម្ពុជាទៅ ហើយមេទ័ពអង់គ្លេសនោះ បានប្រាប់ព្រះអង្គពេលនោះថា គេពុំអាចជួយព្រះអង្គបានទេក្នុងការទាមទារឯករាជ្យពីបារាំងសែស។ អង់គ្លេសបានប្រាប់ឱ្យកម្ពុជា ត្រូវសុំចរចាផ្ទាល់ជាមួយនឹងបារាំង។
ពាក់ព័ន្ធអំពីសន្ធិសញ្ញាឆ្នាំ១៩៤៩, ព្រះអង្គបានប្រាប់ក្រុមនិស្សិតខ្មែរទាំងនោះវិញថា យើងត្រូវតែចុះហត្ថលេខា ពីព្រោះបើមិនដូច្នោះទេ សន្ធិសញ្ញាស្ដីពីអាណាព្យាបាលបារាំងនៅកម្ពុជា គឺសន្ធិសញ្ញាឆ្នាំ១៨៦៣ និងអនុសញ្ញាឆ្នាំ១៨៨៤ វានៅដដែល គឺវាមិនមោឃៈឡើយ។ រីឯសន្ធិសញ្ញាឆ្នាំ១៩៤៩វិញ ឧត្តមប្រយោជន៍ដែលសន្ធិសញ្ញានោះផ្ដល់ដល់កម្ពុជា គឺការចាត់ទុកជានិរាករណ៍អាណាព្យាបាលបារាំង ហើយសារធារណរដ្ឋបារាំង ទទួលស្គាល់ជាព្រះរាជាណាចក្រកម្ពុជាវិញ ដែលនោះគឺការទទួលស្គាល់តាមច្បាប់អន្តរជាតិនូវឯករាជ្យកម្ពុជា។
ព្រះអង្គបានមានព្រះរាជបន្ទូលថា បើខ្មែរយើងមានមូលដ្ឋានតាមច្បាប់អន្តរជាតិ ទ្រទ្រង់ឯករាជ្យជាតិយើងហើយ, ព្រះអង្គជាមហាក្សត្រមានលទ្ធភាពធំណាស់ ហើយមានជំហររឹងប៉ឹង មានសិទ្ធិជាក់ស្ដែងទាមទារឲ្យសាធារណរដ្ឋបារាំង ព្រមផ្ទេរអំណាច និងសមត្ថកិច្ចឲ្យទាល់តែអស់សព្វគ្រប់ នៃឯករាជ្យមកឲ្យខ្មែរ។ ព្រះអង្គបានសន្យាជូននិស្សិតទាំងនោះ និងជូនប្រជាជាតិ ប្រជារាស្ត្ររួមជាតិទាំងមូលថា ចាប់ពីពេលចុះហត្ថលេខា លើសន្ធិសញ្ញាឯករាជ្យនៅឆ្នាំ១៩៤៩ នោះទៅព្រះអង្គនឹងខិតខំហើយសុខចិត្ត ធ្វើពលិកម្មគ្រប់បែបយ៉ាង ធ្វើឲ្យសាធារណរដ្ឋបារាំងផ្ទេរអំណាចនិងសមត្ថកិច្ច លើគ្រប់វិស័យមកឲ្យខ្មែរ ដើម្បីរាជាណាចក្រកម្ពុជាមានឯករាជ្យបរិបូរណ៍១០០% ហើយមេបញ្ជាការយោធា និងកងទ័ពបារាំង កងទ័ពសហភាពបារាំង ត្រូវដកចេញទាំងអស់ជាស្ថាពរពីប្រទេសកម្ពុជា។
* ចំណងការទូតផ្លូវការជាលើកដំបូងរវាងកម្ពុជានិងសហរដ្ឋអាមេរិក
សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៥០ និងបានបញ្ជាក់ពីការទទួលស្គាល់ឯករាជ្យរបស់កម្ពុជាយ៉ាងពេញលេញ។ នៅក្នុងជំនាន់នោះ ការផ្ទេរអំណាចជាបន្តបន្ទាប់មកឱ្យកម្ពុជា បានធ្វើឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ១៩៥៣ ដោយកងទ័ពបារាំង បានធ្វើពិធីថ្វាយបង្គំលាចេញពីកម្ពុជា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយស្ម័គ្រចិត្ត។
ព្រះបរមរតនកោដ្ឋ បានមានព្រះបន្ទួលថា សន្ធិសញ្ញាឆ្នាំ១៩៤៩ ទោះបីពុំបានផ្ដល់ជូនកម្ពុជានូវអំណាច និងសមត្ថកិច្ចដើម្បីឱ្យឯករាជ្យជាតិមានលក្ខណៈពេញលេញក៏ដោយ, ក៏ប៉ុន្តែសន្ធិសញ្ញាឆ្នាំ១៩៤៩នោះ បានបំបាត់ចោលជាស្ថាពរនូវសន្ធិសញ្ញា និងអនុសញ្ញាអាណាព្យាបាលបារាំងឆ្នាំ១៨៦៣ និងឆ្នាំ១៨៨៤ ហើយបានផ្ដល់ឲ្យប្រជាជាតិខ្មែរនូវកិត្តិយស សេចក្ដីថ្លៃថ្នូរជាប្រជាជាតិឯករាជ្យ ស្របតាមច្បាប់អន្តរជាតិ។
ព្រះអង្គបានរំលឹកបន្តថា ដោយសារតែសន្ធិសញ្ញាឆ្នាំ១៩៤៩នោះហើយ ទើបមានប្រទេសមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក និងប្រទេសថៃ បានទទួលស្គាល់ជាផ្លូវការនូវឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា ហើយប្រទេសទាំងនោះក៏បានផ្លាស់ប្តូរចំណងនយោបាយការទូតជាមួយកម្ពុជា។ គួររំលឹកថា សហរដ្ឋអាមេរិក បានបង្កើតទំនាក់ទំនងការទូតដោយផ្ទាល់របស់ខ្លួនជាលើកដំបូងជាមួយប្រទេសកម្ពុជា នៅថ្ងៃទី២៩មិថុនាឆ្នាំ១៩៥០ ដោយបានតែងតាំងលោក Donald R. Heath ជាតំណាងវិសាមញ្ញនិងពេញសមត្ថភាព។ ការិយាល័យតំណាងទូតនេះ ក្រោយមកគឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៥២ ក៏បានប្រែក្លាយជាស្ថានឯកអគ្គរដ្ឋទូត។
បារាំងពេលនោះ បានចាប់ផ្ដើមប្រគល់ខេត្តខ្មែរមកវិញជាបន្តបន្ទាប់មកឲ្យព្រះអង្គ ដែលជាព្រះមហាក្សត្រ ដើម្បីកាន់កាប់ក្នុងឯករាជ្យភាពទាំងវិស័យស៊ីវីល រដ្ឋបាល តុលាការ ប៉ូលីស ទាហាន ដោយរួមមាន ខេត្តសៀមរាប និងកំពង់ធំ នៅឆ្នាំ១៩៤៩ និងខេត្តបាត់ដំបងនៅក្នុងឆ្នាំ១៩៥១។ នៅពេលនោះ ខេត្តឧត្តរមានជ័យស្ថិតនៅក្នុងខេត្តសៀមរាប ខេត្តព្រះវិហារ នៅក្នុងខេត្តកំពង់ធំ ខេត្តបន្ទាយមានជ័យ គឺស្ថិតនៅក្នុងខេត្តបាត់ដំបង ដោយពេលនោះ មិនទាន់បានបែងចែកច្បាស់លាស់ដូចបច្ចុប្បន្នឡើយ។ រហូតនៅក្នុងឆ្នាំ១៩៥២ ព្រះអង្គបានធ្វើកិច្ចការនេះដោយផ្ដាច់ព្រត្រ័ ដើម្បីការទាមទារឯករាជ្យ១០០% ជូនជាតិមាតុភូមិ។ កិច្ចការនោះហើយ ដែលហៅថាព្រះរាជបូជនីយកម្ម ដើម្បីឯករាជ្យបរិបូរណ៍នៃកម្ពុជា។
* ព្រះរាជបូជនីយកម្មនៅឆ្នាំ១៩៥៣
ការដឹកនាំដោយផ្ទាល់របស់អតីតព្រះមហាក្សត្រ បានប្រែក្លាយកិច្ចការទាមទារ ជាព្រះរាជបូជនីយកម្ម ដ៏អស្ចារ្យ ដោយព្រះអង្គបានធ្វើដំណើរទៅបារាំង សហរដ្ឋអាមេរិក កាណាដា ថៃ ជប៉ុន... ដើម្បីស្នើសុំការគាំទ្រអន្តរជាតិ។ ចំណុចសំខាន់ជាយុទ្ធសាស្ត្រនេះគឺ បើគ្មានការការពារពីស្ថាប័នអន្តរជាតិ សន្ធិសញ្ញាឆ្នាំ១៩៤៩ នឹងពុំមានអត្ថន័យឡើយ។ ព្រះអង្គបានសន្យា ជាមួយនឹងការអះអាងប្តូរផ្តាច់ថា៖ «ឯករាជ្យពិតប្រាកដ ចាំបាច់ត្រូវបានមក ជាមួយនឹងការផ្ទេរអំណាចលើគ្រប់វិស័យ»។
ការចាប់ផ្ដើមឡើងដំបូងនោះ គឺព្រះអង្គ បានធ្វើដំណើរទៅប្រទេសបារាំង ហើយព្រះអង្គបានផ្ញើជូនលោកប្រធានាធិបតីបារាំង Vincent Auriol នូវលិខិតនិងឯកសារគ្រប់សព្វ ដោយស្នើសុំប្រទេសបារាំង ផ្ទេរជាស្ថាពរមកជូនកម្ពុជានូវអំណាច និងសមត្ថកិច្ចទាំងឡាយក្នុងប្រទេស និងលើឆាកអន្តរជាតិ ដែលបារាំងពុំទាន់ផ្ទេរមកឲ្យកម្ពុជានោះ។
លោកប្រធានាធិបតីបារាំង Vincent Auriol ពេលនោះព្រមទទួលព្រះអង្គ, និងស្ដាប់ព្រះអង្គ ប៉ុន្តែរដ្ឋាភិបាលបារាំង មិនព្រមចរចាជាមួយរដ្ឋាភិបាលខ្មែរឡើយ។ ព្រះអង្គក្រោយមកធ្វើដំណើរបន្តបន្ទាប់ទៅប្រទេសកាណាដា, សហរដ្ឋអាមេរិក ជប៉ុន ប្រទេសថៃ ដើម្បីសុំឲ្យប្រទេសឯករាជ្យទាំងឡាយដែលស្នេហាសន្តិភាព សេរីភាព និងយុត្តិធម៌គាំទ្រកម្ពុជា ក្នុងការទាមទារសមហេតុសមផលនូវឯករាជ្យដែលជាសម្បត្តិរបស់ខ្លួន តាំងពីបរមបូរាណកាលរៀងមក។ ព្រះអង្គបានជម្រាបពិភពលោកថា ចក្រភពអង់គ្លេសបានយល់ព្រមតាំងពីឆ្នាំ១៩៤៧ ដោយផ្ដល់ឯករាជ្យពេញលក្ខណៈជូនឥណ្ឌា ប៉ាគីស្ថាន ស្រីលង្កា ភូមាជាដើម។
ដោយពិភពលោក បានភ្ញាក់ផ្អើលអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គនោះហើយ, សាធារណរដ្ឋបារាំង ក៏បានយល់ព្រមចរចាជាមួយនឹងព្រះរាជតំណាង គឺសម្ដេច ប៉ែន នុត ដើម្បីផ្ទេរអំណាច និងសមត្ថកិច្ចទាំងអស់ដែលនៅសេសសល់មកជូនព្រះរាជាណាចក្រកម្ពុជា និងថ្វាយមហាក្សត្រខ្មែរវិញ។ នៅក្នុងឆមាសទី២ នៃឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ សម្ដេច ប៉ែន នុត ក្នុងនាមកម្ពុជា និងលោក Risterucci ក្នុងនាមប្រទេសបារាំង បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្ដីពីការផ្ទេរអំណាច និងសមត្ថកិច្ចទាំងឡាយ ដើម្បីផ្ដល់ឯករាជ្យបរិបូរណ៍ ដែលកម្ពុជាបានទាមទារ។
អំណាចទាំងឡាយទាំងក្នុងប្រទេសរួមមានប៉ូលីស តុលាការ គយ យោធាជាដើម, ទាំងក្រៅប្រទេសរួមមានការទូត គឺសាធារណរដ្ឋបារាំងបានព្រមផ្ទេរទាំងអស់មកថ្វាយមហាក្សត្រ ជូនរាជរដ្ឋាភិបាលនិងរាជការខ្មែរ។ ព្រះអង្គពេលនោះក៏ព្រមយាងចូលមកក្នុងរាជធានីភ្នំពេញវិញ ដោយធ្វើដំណើរតាមរថយន្ត ចេញពីសៀមរាបអង្គរ។ ក្នុងថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ឧត្តមសេនីយ៍អគ្គមេបញ្ជាការបារាំង de Langlade, សេនាធិការរបស់លោក ព្រមទាំងកងទ័ពបារាំង និងសហភាពបារាំង បានមកថ្វាយបង្គំលាព្រះអង្គហើយចាកចេញពីប្រទេសកម្ពុជា ដោយមិនវិលត្រឡប់មកវិញឡើយ។
* ចលនាជីវពល និងនារីក្លាហាន
ចលនាជីវពល និងនារីក្លាហាន មិនត្រឹមជាយុទ្ធសាស្ត្របង្កើនទឹកចិត្តផ្លូវចិត្តស្នេហាជាតិប៉ុណ្ណោះទេ។ វាជាភាពស្មោះត្រង់នៃខ្មែរស្រឡាញ់ជាតិ មានមានចំនួនជាង១លាននាក់ ដែលបានចូលបម្រើក្នុងចលនាជីវពល និងនារីក្លាហាន។ កងទ័ពខ្មែរទាំងក្នុងរាជធានី និងខេត្ត ក៏បានរួមគ្នាចូលគាំទ្រព្រះអង្គ។ ហើយអ្វីទាំងនេះ គឺជាសញ្ញាថា៖ «ប្រជាជាតិទាំងមូលត្រូវបាន រួមកម្លាំងជាធ្លុងសាមគ្គីជាតិដ៏រឹងមាំនៃនយោបាយអភិវឌ្ឍន៍ជាតិ និងការពារទឹកដី»។
សម្តេចតាទួតជាទីគោរពសក្ការៈ ធ្លាប់បានមានបន្ទូលថា មានអ្នកខ្លះ គេបានធ្វើការរិះគន់ចំពោះចលនាជីវពលនារីក្លាហាន។ ពួកគេបាននិយាយចំអកថា តើឱ្យបារាំងខ្លាចកម្លាំងជីវពល និងនារីក្លាហាននោះដូចម្ដេចទៅ បើពួកគេមានតែកាំភ្លើងឈើ គ្មានគ្រាប់រំសេវបាញ់បារាំងឲ្យស្លាប់ផងនោះ?
ព្រះអង្គបានមានបន្ទូលបញ្ជាក់តបមកវិញថា ចលនាជីវពល នារីក្លាហាននោះ ជាចលនារបស់ពលរដ្ឋខ្មែរស្នេហាជាតិចំនួនជាង១លាននាក់។ ម្យ៉ាងទៀតកងយោធពលខេមរភូមិន្ទ នៅក្នុងរាជធានីភ្នំពេញ និងក្នុងបណ្ដាខេត្ត ដែលបារាំងកាន់កាប់ទាហានគ្រប់ជាន់ថ្នាក់នោះ ពួកគេបានរត់ចោលមេទាហានបារាំង ហើយបានចូលសារភាពជាបន្តបន្ទាប់ ដោយបានថ្វាយខ្លួនចំពោះព្រះអង្គ សូមបម្រើការពារព្រះអង្គ នៅក្នុងខេត្តបាត់ដំបង សៀមរាប និងកំពង់ធំ ហើយពួកគេថែមទាំងប្តេជ្ញាថា បើបារាំងមិនព្រមជូនកម្ពុជានូវឯករាជ្យ១០០%ទេ គឺពួកគេសុខចិត្តច្បាំង តស៊ូបូជាជីវិត ដើម្បីទាមទារឯករាជ្យបរិបូរណ៍ជូនមាតុភូមិ។
សម្តេចព្រះបរមរតនកោដ្ឋ បានមានបន្ទូលបញ្ជាក់ថា កូនចៅទាហានទាំងអស់នោះ សុទ្ធតែមានគ្រឿងសាស្ត្រាវុធ និងគ្រាប់រំសេវគ្រាប់គ្រាន់។ បុព្វហេតុធំមួយ ទៀតដែលធ្វើឲ្យបារាំងព្រមជូនកម្ពុជា នូវឯករាជ្យបរិបូរណ៍ក្នុងឆ្នាំ១៩៥៣ គឺដោយសារតែបារាំង បានរងនូវបន្ទុកលំបាកដ៏ធ្ងន់ធ្ងរមួយនៅវៀតណាម។ ក្រោមការដឹកនាំរបស់លោក ហូ ជីមិញ ប្រជាជនវៀតណាមស្នេហាជាតិ បានងើបតស៊ូហើយរួមគ្នាវាយប្រហារប្រឆាំងនឹងអាណានិគមបារាំង។ កងទ័ពបារាំងខូចខាត និងការបាត់បង់ជីវិត មានកម្រិតកាន់តែកើនឡើងខ្ពស់។ បារាំងនៅពេលនោះ គេទទួលសារភាពថា គេពុំអាចឱ្យកម្ពុជាក្លាយជាសត្រូវជាបន្ថែមទៀត បន្ទាប់ពីវៀតណាមខាងជើងទៀតបានទេ។ ដូច្នេះបារាំងបានសម្រេចថា គួរទុកឱ្យព្រះមហាក្សត្រ នរោត្តម សីហនុ និងប្រជារាស្ត្ររបស់ព្រះអង្គ ធ្វើជាមិត្តនឹងបារាំង ដោយប្រគល់ឯករាជ្យបរិបូរណ៍ទៅឲ្យខ្មែរវិញទាំងស្រុងចាប់តាំងពីពេលនោះមក។
ក្នុងការសន្និដ្ឋាន៖
ឯករាជ្យថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ មិនមែនជាផលិតផលនៃសំណាងដែលបានធ្លាក់ពីលើមេឃ ដោយចៃដន្យនោះទេ។ វាជាផលនៃការតស៊ូដ៏វែងឆ្ងាយ និងការអនុវត្តយុទ្ធសាស្ត្ររបស់ព្រះមហាក្សត្រ និងប្រជាជាតិខ្មែរ ដែលស្មោះត្រង់ចំពោះជាតិ។ ព្រះមហាវីរក្សត្រជាទីគោរពសក្ការៈ បានប្រើគ្រប់វិធីសាស្ត្រ ដើម្បីការសម្រេចបាន នូវសិទ្ធិឯករាជ្យមួយរយភាគរយនេះដោយមិនបោះបង់ពេលវេលាតស៊ូរបស់ខ្លួនឡើយ បើទោះបីស្ថានភាពអន្តរជាតិ មានសម្ពាធយ៉ាងណាក៏ដោយ។
កិច្ចព្រមព្រៀងបណ្តោះអាសន្ន Modus Vivendi ឆ្នាំ១៩៤៦ និងសន្ធិសញ្ញាឯករាជ្យឆ្នាំ១៩៤៩ បានក្លាយជាគ្រឹះច្បាប់សំខាន់ឲ្យកម្ពុជាទាមទារសិទ្ធិដ៏ពិតប្រាកដរបស់ខ្លួន តាមផ្លូវច្បាប់អន្តរជាតិ។ ដោយការតស៊ូក្នុងភាពអត់ធ្មត់ លះបង់ និងការប្រើយុទ្ធសាស្ត្រខាងការទូត រួមជាមួយស្មារតីសាមគ្គីជាតិរឹងមាំរបស់ប្រជាជាតិខ្មែរ បានធ្វើឱ្យបារាំង ព្រមផ្ទេរអំណាចនានាទាំងឡាយប្រគល់មកកម្ពុជា ដើម្បីទទួលបានសុខសន្តិភាព។ អ្វីទាំងនេះហើយ គឺជាប្រវត្តិពាក់ព័ន្ធរបស់ឯករាជ្យកម្ពុជា ដែលបានកើតឡើងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣នោះ។
ឯករាជ្យ មិនមែនគ្រាន់តែជាសញ្ញានៃការចាកចេញពីអាណានិគមបារាំងប៉ុណ្ណោះទេ, វាជាសញ្ញានៃការកើតឡើងវិញនៃអត្តសញ្ញាណជាតិខ្មែរ និងជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការនាំយកកម្ពុជាចូលរួមក្នុងផ្លូវរីកចម្រើននាពេលអនាគត។ យើងជាខ្មែរ គួរតែចងចាំជានិច្ចថា ឯករាជ្យមិនមែនជាអំណោយដែលបានផ្ដល់ដោយអ្នកដទៃឡើយ។ ឯករាជ្យដែលប្រទេសកម្ពុជាបានទទួលសម្រេចនោះ គឺជាលទ្ធផលនៃ ញើសឈាម ការលះបង់ និងការខិតខំប្រឹងប្រែងយ៉ាងអស្ចារ្យ របស់កុលបុត្រខ្មែរ ជាពិសេសក្រោម ស្មារតីនៃការធ្វើព្រះរាជបូជនីយកម្ម ដ៏មហាក្លាហានបំផុតរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋរបស់ជាតិខ្មែរ៕











