អ្នកជំនាញកម្ពុជា-ចិន រួមគ្នាបើកវេទិកាស្តីពីធនាគាខួក្បាល និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន
07-11-2025 14:20
(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយស្ថានទុតចិនប្រចាំកម្ពុជា និងសមាគមការទូតសាធារណៈចិន នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានរួមគ្នាបើកវេទិកា ស្តីពី ធនាគាខួក្បាល និងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន : បន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួម កម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។
នាឱកាសនោះលោក អ៊ូ ហៃឡុង ប្រធានសមាគមការទូតសាធារណៈចិន បានថ្លែងថា «ទំនាក់ទំនងកម្ពុជា និងចិន កាន់តែជិតសិទ្ធយើងកាន់តែប្រុងប្រយ័ត្នចំពោះការបំផ្លិចបំផ្លាញដែលមកពីកម្លាំង ដែលអាក្រក់នៅពីក្រោយ ប្រទេសយើងទាំងពីរ។ ឧទាហរណ៍ថ្មីៗនេះ នៅតាមប្រព័ន្ធផ្សព្វផ្សាយ គឺមានការផ្សព្វផ្សាយលាភពណ៌ទៅដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីបង្ករឿងនូវចំណងមិត្តភាពប្រទេសយើងទាំងពីរ»។
លោកបានបន្តថា តាមរយៈការព្យាយាមផ្សព្វផ្សាយនូវព័ត៌មានវាយប្រហារពីសំណាក់ភាគីមួយចំនួនពីចំណងមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា និងចិន គឺធ្វើឡើងក្នុងចេតនាបំផ្លិចបំផ្លាញនូវមូលដ្ឋានរឹងមាំនៃទំនាក់ទំនងកម្ពុជា-ចិន។ ត្រង់ចំណុចសូមថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រួមដៃគ្នាសហការ ការពារចំណងមិត្តភាពឱ្យបានរឹង កុំឱ្យកម្លាំងខាងក្រៅមកបំបែកបំបាក់បានឱ្យសោះ។ ដូច្នេះ យើងត្រូវតែចាប់ដៃគ្នាឱ្យជាប់ ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ពោលគឺគ្មានបញ្ហាណាមួយដែលយើងមិនអាចរួចគ្នាដោះស្រាយបាននោះទេ។
«ស្ថាប័នទ្វេភាគីយើងត្រូវរឹងមាំ ហើយបញ្ចេញសំលេងរបស់យើង ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចិន គឺឈរលើមូលដ្ឋាននៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការផ្លាស់ប្តូរយ៉ាងជិតសិទ្ធរវាងប្រជាជន និងប្រជាជនកម្ពុជា-ចិន ជាមូលដ្ឋានយ៉ាងជ្រាលជ្រៅនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសយើងទាំងពីរ»។ នេះជាការលើកឡើងរបស់ប្រធានសមាគមការទូតសាធារណៈចិន។
សម្រាប់លោក ជាំង ណាន ភារធារី នៃស្ថានទូតចិនប្រចាំកម្ពុជា បានថ្លែងថា កិច្ចសហប្របត្តិការរវាងកម្ពុជា និងចិន មានកម្លាំងចលករយ៉ាងល្អប្រសើរ និងមានសក្តានុពលដ៏ធំធេង។ ឆ្ពោះអនាគតកម្ពុជា ចិន នឹងចាប់ដៃគ្នា ដើម្បីតម្រង់ទៅរកភាពរុងរឿងជាមួយគ្នាបន្ថែមទៀត ចិន និងកម្ពុជា គឺជាដៃគូគំរូដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ។
លោកបានបន្តថា ធានាគារខួរក្បាល និងប្រព័ន្ធផ្សព្វផ្សាយរវាងប្រទេសទាំងពីរនឹងដើរតួនាទីយ៉ាងសំខាន់ និងមិនអាចខ្វះខាតបានចំពោះការពង្រឹងទំនាក់ទំនង និងការកសាងសហគមន៍ជោគវាសនារួមរវាងប្រទេសកម្ពុជា និងចិន។ ដូច្នេះ សង្ឃឹមថា ស្ថាប័នជំនាញនៃប្រទេសពីរនឹងសហការគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យចំណងមិត្តភាពរវាងប្រទេសពីររឹងមាំជាបន្តបន្ទាប់។
បើតាមលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា វេទិកានេះធ្វើឡើងស្របតាមសភាពការណ៍វិវត្តថ្មីៗនៃនយោបាយអន្តរជាតិទាំងក្នុងតំបន់ និងពិភពលោក ពិសេសស្របពេលដែលទំនាក់ទំនងនៃប្រទេសទាំងពីរ គឺកម្ពុជា ចិន បាននឹងកំពុងមានភាពល្អប្រសើរឡើងខ្លាំង។ វេទិកានេះបានរួមចំណែកជាជ្រុងមួយក្នុងការជំរុញឱ្យទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរ ព្រោះថា អង្គវេទិការបស់យើង ហាក់កំពុងដើរតួរជាកន្លែងជួបជុំគ្នាក្នុងចំណោមអ្នកសិក្សាស្រាវជ្រាវ អ្នការទូត អ្នកសិក្សាគោលនយោបាយ អ្នសារព័ត៌មាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីជជែក វែកញែក ពិភាក្សា និងចែករំលែកគោលគំនិតទាំងឡាយអំពីទំណាក់ទំនងកម្ពុជា-ចិន ក្នុងទិដ្ឋភាពជាច្រើនរួមទាំងការទូត វប្បធម៌ និងព៌ត័មាន។
លោកបណ្ឌិត យង់ ពៅ បានបញ្ជាក់ថា វេទិកានេះក៏ជាទីលាននៃឃ្លាំងគំនិតមួយដ៏មានតម្លៃក្នុងការរួមចំណែកកសាងជំនឿចិត្ត និងពង្រឹងការសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបានបន្តស្នងទំនាក់ទំនងមិត្តភាព រួមគ្នាបើកទំព័រថ្មីនៃសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី។ ទន្ទឹមនឹងនេះ សិក្ខាសាលាក៏មានតួរអង្គសំខាន់ណាស់ព្រោះមានទាំងមុំព័ត៌មាន មុំអ្នកនយោបាយ និងមុំបញ្ញវ័ន្តដើម្បីជជែក និងឆ្លុះបញ្ចាំងនូវទិដ្ឋភាពរៀងខ្លួនៗ ប៉ុន្តែគោលដៅយើងដូចគ្នាគឺបង្កើនជំនឿចិត្តគ្នា និងធ្វើយ៉ាងណារួមចំណែករឹតចំណង កម្ពុជា-ចិនឱ្យមានភាពល្អប្រសើឡើងជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ថា បើងាកមកនិយាយពី ទំនាក់ទំនងការទូតផ្លូវការវិញ គឺថាប្រទេសទាំងពីរផ្តើមមានទំនាក់ទំនងនៅឆ្នាំ១៩៥៨ ដោយសម្តេចព្រះបរមរតនកោដិ នរោត្តម សីហនុ ដែលទ្រង់បានបង្កើតឱ្យមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយប្រទេសចិន ហើយបានបន្តពូនជ្រុំដោយអ្នកដឹកនាំជំនាន់ថ្មី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបច្ចុប្បន្ននេះ គឺសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការពូនជ្រំទំនាក់ទំនងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ជានិច្ចកាល តែងឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យ និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ កម្ពុជាតែងប្រកាន់ខ្ជាប់នូវគោលជំហរគោរព «គោលនយាបាយចិនតែមួយ»។
លោកបណ្ឌិត បានបន្ថែមថា កម្ពុជាតែងបានប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសអព្យាក្រឹត អចិន្ដ្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ។ កម្ពុជាតែងប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍បញ្ចសីលាសន្ដិសហវិជ្ជមានជាមួយប្រទេសជិតខាង និងជាមួយបណ្ដាប្រទេសទាំងអស់ទូទាំងពិភពលោក។ គោលបំណងដ៏ចម្បងរបស់កម្ពុជានៅក្នុងគោលនយោបាយការបរទេស និងការទូត គឺដើម្បីថែរក្សាសន្ដិភាព សន្តិសុខ ស្ថិរភាពនយោបាយ អធិបតេយ្យ ឯករាជ្យ បូរភាពទឹកដី និងសណ្ដាប់ធ្នាប់សង្គម ដើម្បីលើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងវិបុលភាពសេដ្ឋកិច្ច និងដើម្បីកាត់បន្ថយភាពក្រីក្រ៕














