FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងរៀបចំវេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥ នៅថ្ងៃទី៦ ខែធ្នូ ខាងមុខនេះ

03-11-2025 18:00

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នឹងរៀបចំ «វេទិកាអភិបាលកិច្ចអ៊ីនធឺណិតកម្ពុជា ២០២៥» ជាព្រឹត្តិការណ៍អមក្នុង «វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្នុងគោលបំណងផ្តល់ឱកាសជូនក្រសួង ស្ថាប័នសាធារណៈ វិស័យឯកជន គ្រឹះស្ថានអប់រំនិងស្រាវជ្រាវ សង្គមស៊ីវិល និងសហគមន៍បច្ចេកវិទ្យា នូវការពិភាក្សាអំពីគោលនយោបាយពាក់ព័ន្ធ នឹងអ៊ីនធឺណិតថ្នាក់ជាតិ និងជំរុញការចាប់យកឧត្តមានុវត្តន៍ពីវេទិកាអភិបាលកិច្ចអ៊ីនធឺណិតក្នុងកម្រិតតំបន់ និងពិភពលោកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។

វេទិកាថ្នាក់ជាតិនេះ មានមូលបទស្តីពី «ការកសាងសង្គមឌីជីថលកម្ពុជាប្រកបដោយបរិយាបន្ន» ដោយបែងចែកមូលបទរងចំនួនបី រួមមាន ១) សុវត្ថិភាពលើប្រព័ន្ធអនឡាញ ក្នុងយុគសម័យបញ្ញាសិប្បនិមិត្ត (AI) ២) ការតភ្ជាប់អ៊ីនធឺណិតជាសកលនិងប្រកបដោយអត្ថន័យ និង ៣) ការលើកកម្ពស់យុវជនសម្រាប់អនាគតឌីជីថល។

ដើម្បីធានាការរៀបចំកម្មវិធីនេះប្រកបដោយបរិយាបន្ន ក.ប.ទ. សូមអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ដែលមានចំណាប់អារម្មណ៍ សូមធ្វើការដាក់ពាក្យចូលរួមសហការរៀបចំសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាល ចំនួន ១២ ក្រោមមូលបទនិងមូលបទរងខាងលើ ដោយធ្វើការដាក់ពាក្យតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/callforsessions ឬ ស្កេន QR Code ដូចមានភ្ជាប់ជូនខាងក្រោម ត្រឹមថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.cambodiaigf.kh ឬទាក់ទងតាមទូរសព្ទលេខ ០៨១ ៣៤៩ ៦៦១ ឬអ៊ីម៉ែល [email protected]៕