FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យល់ដឹងពីជំនួញ៖ រដ្ឋមន្រ្តីប្រាប់លក្ខខណ្ឌថ្មីនៃការចុះបញ្ជីផលិតផល (ច.ប.ផ) ដែលម្ចាស់អាជីវកម្មត្រូវយល់ដឹង ដើម្បីងាយដល់ការធ្វើធុរកិច្ចនៅកម្ពុជា (Video inside)

02-11-2025 10:46

(ភ្នំពេញ)៖ ការចុះបញ្ជីផលិតផល (ច.ប.ផ) គឺជាការកំណត់អត្តសញ្ញាណកម្មសម្គាល់លើផលិតផល ដែលបានចុះបញ្ជីរួចរាល់ ហើយចុះ ច.ប.ផ ក៏នឹងធ្វើឱ្យអ្នកប្រើប្រាស់ កាន់តែទំនុកចិត្តលើការប្រើប្រាស់ទំនិញនោះផងដែរ។

យ៉ាងណាមិញកន្លង ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ដែលជាអ្នកផលិតក្នុងស្រុក និងនាំចូលផលិតផលពីក្រៅប្រទេស បានលើកឡើងពីភាពលំបាក ដោយសារនិតិវិធីស្មុគ្រស្មាញ និងតម្លៃថ្លៃជាដើម។

ដើម្បីជំរុញការចុះ ច.ប.ផ នៅលើផលិតដែលចរាចរណ៍ក្នុងទីផ្សារកម្ពុជា លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចកែសម្រួលនិតិវិធីឱ្យកាន់តែងាយស្រួលងាយមុន និងបញ្ចុះតម្លៃលើការចុះបញ្ជីផលិតផល ដើម្បីលើកទឹកចិត្តឱ្យមានការចុះបញ្ជីផលិតផលកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។

ចាប់ពីពេលតទៅ រាល់ការស្នើសុំចុះបញ្ជីផលិតទាំង ផលិតផលផលិតក្នុងស្រុក និងផលិតផលនាំចូល ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាចប្រើប្រាស់ពាក្យស្នើសុំតែមួយប៉ុណ្ណោះ បើទោះបីជាចុះបញ្ជី១០មុខក៏ដោយ ដោយគ្រាន់រាយឈ្មោះផលិតផលដែលត្រូវចុះបញ្ជីបានហើយ។ លើសពីនេះទៅទៀត ឯកសារតម្រូវសម្រាប់ចុះបញ្ជី ក៏ត្រូវបានកាត់បន្ថយពីជាង១០ មក ៣ឬ ៤ ឯកសារប៉ុណ្ណោះ។

សម្រាប់ផលិតផលផលិតក្នុងស្រុក តម្រូវឱ្យមានឯកសារចំនួន៣ គឺទី ១.ប៉ាតង់ ឬ វិញ្ញាបនបត្រដំណើរការរោងចក្រ (សម្រាប់អ្នកដំណើរការលើកដំបូង) ទី២.គម្រូស្លាកផលិតផល ដែលអនុលោមតាមស្តង់ដារ CSO1 2000 (Color) និងទី៣. វិញ្ញាបនបត្រវិភាគផលិតផល ដែលមានសុពលភាពយ៉ាងយូរ ៦ខែ ដែលចេញពីមន្ទីរពិសោធន៍។

ចំណែកផលិតផលនាំចូលវិញ តម្រូវឱ្យមានឯកសារចំនួន៤ រួមមាន៖ ទី១. ប៉ាតង់ដែលមានសុពលភាព ២. គម្រូស្លាកសញ្ញា ដែលអនុលោមតាមស្តង់ដារ ៣. វិញ្ញាបនបត្រវិភាគផលិតផល ដែលមានសុពលភាពយ៉ាងយូរ៦ខែ ដែលចេញពីមន្ទីរពិសោធន៍ និងទី៤. លិខិតបញ្ជាក់សិទ្ធិនាំចូលចែកចាយសិទ្ធិផ្តាច់មុខ។

រីឯតម្លៃនៃការចុះបញ្ជីផលិតផលវិញ មានតម្លៃ ២០ម៉ឺនរៀល ឬ៥០ដុល្លារក្នុងមួយមុខ។ ដើម្បីលើកទឹកចិត្តឱ្យមានការចុះបញ្ជីផលិតផលកាន់តែច្រើន តាមរយៈយុទ្ធនាការជំរុញការចុះបញ្ជីផលិតផល ចាប់ពីពេលនេះ ទៅចំពោះសហគ្រាសផលិត និងក្រុមហ៊ុននាំចូល ដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩, បញ្ចុះតម្លៃ ១៥% សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី ៥០មុខ ក្នុងពេលតែមួយ។

ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាចមកដាក់ពាក្យស្នើសុំនៅចក្រចេញចូលតែមួយ របស់វិទ្យាស្ថានស្តង់ដារកម្ពុជា ដែលមានអាសយដ្ឋានស្ថិតនៅ អគារលេខ៥៣៨ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

* ហេតុអ្វីត្រូវចុះបញ្ជីផលិតផល?

បន្ទាប់ពីទទួលបានការចុះបញ្ជីផលិតផល (ច.ប.ផ) ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម នឹងទទួលបានអត្ថប្រយោជន៍ដូចជា៖

ទំនិញរបស់ខ្លួនដាក់លក់នៅលើទីផ្សារ ស្របតាមបទប្បញ្ញតិ្តរបស់ស្ថាប័នមានសមត្ថកិច្ច, ជួយទប់ស្កាត់នូវផលិតផល និងទំនិញក្លែងក្លាយ, ធ្វើឱ្យផលិតផលមានភាពទាក់ទាញ និងកាន់តែមានប្រជាប្រិយ, មានការទទួលស្គាល់ពីអ្នកប្រើប្រាស់ និងធ្វើឱ្យកើនឡើងនូវចំណូលពីការលក់, ងាយស្រួលក្នុងតាមដាននៅលើទីផ្សារ, បង្កើនការការពារអ្នកប្រើប្រាស់ និងលើកកម្ពស់សុខុមាលភាពសាធារណៈ៕

សូមស្តាប់ការពន្យល់បន្ថែមរបស់លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម៖