Fresh Exclusive: ខួប២១ឆ្នាំនៃការគ្រងរាជ្យ៖ កំណើតឡើងវិញនៃរបបរាជានិយម និងតួនាទីប្រវត្តិសាស្ត្រនៃជំនួប «សីហនុ-ហ៊ុនសែន»
29-10-2025 10:35
(ភ្នំពេញ)៖ របបរាជានិយម គឺជារបបដែលចាក់ឫសជ្រៅក្នុងក្រឳបេះដូងប្រជារាស្ត្រខ្មែរ តាំងពីសម័យដើមរបស់បុព្វបុរសខ្មែរ។ ប្រវត្តិសាស្ត្របានបង្ហាញថា របបរាជានិយម ក្រោយមកបានបាត់បង់វត្តមានរបស់ខ្លួនយ៉ាងហោចជាង២ទសវត្ស ដោយសារតែការធ្វើរដ្ឋប្រហារថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ដោយក្រុមក្បត់ជាតិ លន់ នល់, ចេង ហេង និងទ្រង់សិរីមតៈ។
Fresh Exclusive មានសេចក្តីរាយការណ៍ស៊ីជម្រៅមួយទាក់ទងនឹងប្រវត្តិកើតឡើងវិញនៃរបបរាជានិយម និងតួនាទីជាប្រវត្តិសាស្ត្រនៃជំនួបសីហនុ-ហ៊ុនសែន៖
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ នេះ គឺជាខួបគ្រប់២១ឆ្នាំ នៃព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន។ វាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ដែលរំលឹកជាមេរៀនប្រវត្តិសាស្ត្រ ដើម្បីឱ្យខ្មែរបានចងចាំថា តើមានអ្វីខ្លះដែលដំណើរជាតិដ៏តូចមួយនេះ បានឆ្លងកាត់វាលវដ្ដសង្សាទម្រាំទទួលបានរបបរាជានិយមលើកទីពីរនេះវិលត្រឡប់មកវិញ? និងតើយើងត្រូវចេះ ថែរក្សាទុកអ្វីខ្លះ ដើម្បីចៀសវាងការបាត់បង់របបរាជានិយម ដែលតែងចាក់ឫសជ្រៅក្នុង ក្រឳបេះដូងប្រជារាស្ត្រខ្មែរ តាំងពីសម័យដើមរបស់បុព្វបុរសខ្មែរនោះមក។
ជាច្រើនទសវត្សមកហើយ ទាំងប្រជាជនខ្មែរជំនាន់មុន និងជំនាន់ក្រោយ តែងតែចោទសួរថា៖ តើរបបរាជានិយមរបស់ជាតិខ្មែរ មានដំណើរឆ្លងកាត់ឧបសគ្គអ្វីខ្លះ ទម្រាំមានស្ថិរភាពមកដល់សម័យបច្ចុប្បន្ននេះ? ហើយតើនរណាខ្លះ ដែលជាអ្នកមានតួនាទីសំខាន់ក្នុងការនាំឱ្យរបបរាជានិយមខ្មែររស់សាឡើងវិញ ដោយបានក្លាយជាសញ្ញានៃសន្តិភាព សាមគ្គីភាព និងឯករាជ្យភាពរបស់កម្ពុជា លេចត្រដែតនៅលើឆាកអន្តរជាតិពេលនេះ?
Fresh Exclusive សូមអនុញ្ញាតបកស្រាយ និងពន្យល់ជាបន្តបន្ទាប់នូវហេតុការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងមកនេះ។
* របបរាជានិយម៖ ពីការបាត់បង់ ឈានដល់ការរស់ឡើងវិញ
របបរាជានិយមក្នុងប្រទេសកម្ពុជា មិនមែនជារបបនយោបាយធម្មតាទេ។ របបរាជានិយម គឺជាសញ្ញានៃអត្តសញ្ញាណជាតិ និងស្មារតីរួបរួម ដែលធ្វើឲ្យប្រជាជនខ្មែរ រួមចិត្ត រួមគំនិតជាធ្លុងតែមួយ ជាពិសេសក្រោយការឆ្លងកាត់វិនាសកម្មជិត៣០ឆ្នាំរបស់ខ្លួនរួចមក។ បន្ទាប់ពីកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ សហការជាមួយកងទ័ពស្ម័គ្រចិត្តវៀតណាម បានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩, កម្ពុជា ទោះបានរួចផុតពីរបបកាប់សម្លាប់នោះមែន ប៉ុន្តែនៅមិនទាន់ទទួលសន្តិភាពពេញលេញឡើយ។ ស្ថានភាពបែកបាក់នៅតែបន្ត ដោយមានចលនាតស៊ូប្រដាប់អាវុធជាច្រើនក្រុម កើតឡើងនៅតាមតំបន់ព្រំដែនខាងលិច និងឧត្តរប្រទេស។
នៅពេលនោះ កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលជាភាគីជួយរំដោះប្រទេសចេញពីរបបប៉ុលពត បានដាក់ចេញភារកិច្ចសំខាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍, ជួយសង្គ្រោះជីវិតប្រជាពលរដ្ឋចេញពីភាពអត់ឃ្លាន, ជួយស្តារសេដ្ឋកិច្ចជាតិ និងជួយបើកផ្លូវឱ្យកម្ពុជាមានសន្តិភាពដោយពិតប្រាកដ។
នៅក្នុងបរិយាកាសនយោបាយស្មុគស្មាញនោះ មានក្រុមខ្មែរបដិបក្ខធំចំនួនបួន ដែលមានមនោគមន៍នយោបាយខុសៗគ្នា៖
១. ភាគីទីមួយ គឺរដ្ឋកម្ពុជា ដឹកនាំដោយលោក ហេង សំរិន, លោក ជាស៊ីម និងលោក ហ៊ុន សែន ដែលគ្រប់គ្រងទឹកដីប្រមាណ៩០ភាគរយ។
២. ភាគីទី២ គឺភាគីហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយអតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ។
៣. ភាគីទីបី គឺភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដឹកនាំដោយលោក សឺន សាន។
និងភាគីទី៤. គឺភាគីកម្ពុជាប្រជាធិបតេយ្យ ដឹកនាំដោយ ប៉ុល ពត និង ខៀវ សំផន។
ទោះបីភាគីទាំងឡាយ មាននិន្នាការនយោបាយខុសគ្នា និងមិនទុកចិត្តគ្នាក៏ដោយ ក៏ក្នុងចំណោមភាគីទាំងបួន មានតែភាគីរដ្ឋកម្ពុជា ជាពិសេសសមមិត្ត ហ៊ុន សែន និងភាគីហ្វ៊ុនស៊ិនប៉ិច ដឹកនាំដោយព្រះបាទ នរោត្តម សីហនុ ប៉ុណ្ណោះដែលមានបំណងពិតប្រាកដក្នុងការស្វែងរកសន្តិភាពសម្រាប់មាតុភូមិ។
* ជំនួប «សីហនុ-ហ៊ុនសែន» កាន់តែពង្រីកវេទិកាដើម្បីសន្តិភាព
ដោយសារតែភាពប្តេជ្ញាចិត្តចង់បញ្ចប់សង្គ្រាមនោះ គេបានឃើញសមមិត្ត ហ៊ុន សែន បើកវគ្គចរចាជាលើកដំបូងជាមួយសម្តេចព្រះ នរោត្តម សីហនុ នៅទីក្រុង Fère-en-Tardenois ប្រទេសបារាំង ចាប់ពីថ្ងៃទី០២-០៤ ខែធ្នូ ឆ្នាំ១៩៨៧។ ការចរចាលើកទី២ ត្រូវបានធ្វើឡើងនៅ Saint-Germain-en-Laye ប្រទេសបារាំង នៅថ្ងៃទី២០-២១ ខែមករា ឆ្នាំ១៩៨៨។
ជំនួប «សីហនុ-ហ៊ុនសែន» ទាំងពីរលើកនេះ គឺជាផ្លូវដើមដ៏សំខាន់នៃដំណើរការស្វែងរកដំណោះស្រាយនយោបាយសម្រាប់កម្ពុជា។ វេទិកាចរចាត្រូវបានពង្រីកទៅកាន់ប្រទេសឥណ្ឌូណេស៊ី តាមរយៈកិច្ចប្រជុំ JIM I និង JIM II (Jakarta Informal Meeting) រួមទាំងកិច្ចប្រជុំ IMC (Informal Meeting of Cambodia) ដែលជាផ្លូវដ៏សំខាន់នាំឲ្យឈានដល់សន្និសីទទីក្រុងប៉ារីស។ ចុងក្រោយ កិច្ចប្រជុំដ៏ប្រវត្តិសាស្ត្រនេះបាននាំឲ្យមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានបើកផ្លូវសម្រាប់សន្តិភាពជាតិ និងការរួបរួមជាតិកម្ពុជាឡើងវិញ។
២២ថ្ងៃបន្ទាប់ពីការចុះហត្ថលេខា, សមមិត្ត ហ៊ុន សែន និងភរិយា បានអមព្រះរាជដំណើរសម្តេចព្រះ នរោត្តម សីហនុ និងព្រះជាយា វិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១ ដែលជាសញ្ញានៃសេចក្តីសុខសាន្ត និងការចាប់ផ្តើមឃើញស្រមោលនៃការវិលត្រឡប់ មកវិញនៃរបបរាជានិយមជាលើកទី២។ ក្រោយមកទៀតនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់ក៏បានឡើងគ្រងរាជ្យសម្បត្តិសាឡើងវិញ។ តាមរយៈកិច្ចប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន បាវចនា ព្រះរាជបល្ល័ង្គ បានវិលត្រឡប់មកវិញចាប់តាំងពីពេលនោះមក។ នៅក្នុងឆ្នាំ២០០៤ សម្តេចព្រះ នរោត្តម សីហនុ បានដាក់រាជ្យនិងប្រគល់ឱ្យព្រះរាជបុត្រា សម្តេចព្រះ នរោត្តម សីហមុនី សោយរាជ្យបន្ត រហូតមកទល់បច្ចុប្បន្ននេះ។ សម្តេចព្រះ នរោត្តម សីហនុ ទ្រង់បានយាងចូលទីវង្គតក្នុងឆ្នាំ២០១២ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។
* ព្រះមហាក្សត្រថ្មីឡើងគ្រងរាជ្យ៖ ព្រះរាជបេសកកម្មបន្តសន្តិភាពក្នុងរបបរាជានិយមលើកទី២
គួររំលឹកថា បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានចុះហត្ថលេខា កម្ពុជាបានចាប់ផ្តើមដំណើរថ្មីមួយក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ការយាងវិលត្រឡប់ឡើងគ្រងរាជ្យសាជាថ្មីរបស់អតីតព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហនុ បានក្លាយជានិមិត្តសញ្ញានៃភាពសុខសាន្ត និងការរួបរួមជាតិសាឡើងវិញ។ ព្រះអង្គបានដឹកនាំការស្ដារឡើងវិញនៃរាជរដ្ឋាភិបាល និងបម្រើជាប្រមុខរដ្ឋ តាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលបានបង្កើតព្រះរាជាណាចក្រកម្ពុជាឡើងវិញ ក្រោមរបបរាជានិយមថ្មីអាស្រ័យរដ្ឋធម្មនុញ្ញ។
ប៉ុន្តែក្រោយពេលបម្រើព្រះរាជកិច្ចអស់រយៈពេលជាងមួយទសវត្ស ព្រះអង្គបានសម្រេចចូលនិវត្តន៍ និងចាកចេញពីការគ្រងរាជ្យនៅឆ្នាំ២០០៤ ដោយសារព្រះជន្មចាស់ជរា និងព្រះរាជសុខភាពមិនសូវល្អ។ នេះជាព្រឹត្តិការណ៍ដ៏កម្រនៅក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលទើបមានព្រះមហាក្សត្រមួយអង្គលើកដំបូង ប្រកាសការដាក់រាជ្យដោយព្រះទ័យស្ម័គ្រចិត្ត។ ក្រោយព្រះរាជចូលនិវត្តន៍របស់អតីតព្រះមហាក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤, រដ្ឋសភានិងព្រឹទ្ធសភា បានប្រជុំជាសមាជសភារួម ដើម្បីជ្រើសរើសក្សត្រថ្មីគឺព្រះអង្គម្ចាស់ នរោត្តម សីហមុនី ឡើងគ្រងរាជ្យជាព្រះមហាក្សត្រថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា។
ព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិ បានប្រព្រឹត្តទៅយ៉ាងអ៊ិកអធិកនៅថ្ងៃ២៩ ខែតុលា ឆ្នាំ២០០៤ នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីរាជទូត និងតំណាងអាណាព្យាបាលនៃប្រទេសមិត្តរបស់កម្ពុជា ជាង១៥០ប្រទេស ដែលក្នុងនោះរួមមាន តំណាងពីអង្គការសហប្រជាជាតិ (UN, តំណាងពីប្រទេសក្នុងតំបន់អាស៊ី និងអាស៊ាន, តំណាងពីបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក ជាច្រើនកុះករ។ ព្រះបាទនរោត្តម សីហនុ ជាព្រះបិតា និងសម្តេចម៉ែជាទីគោរពសក្ការៈ ក៏មានព្រះវត្តមានក្នុងព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិក្នុងពេលនោះផងដែរ។
ក្នុងការសន្និដ្ឋានចុងក្រោយ៖
ក្នុងដំណើរបីសតវត្សចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជានេះ បានលាតត្រដាងយ៉ាងច្បាស់ថា មិនមានរបបណាមួយ អាចបន្តស្មារតីទ្រទ្រង់ជាតិខ្មែរបាន ដូចជារបបរាជានិយមឡើយ។ របប «សាធារណរដ្ឋខ្មែរ» របស់លោក លន់ នល់ ដែលជាដើមចមនៃការធ្វើរដ្ឋប្រហារ មានអំណាចគ្រប់គ្រងប្រទេស បានចំនួន៥ឆ្នាំ ៣០ថ្ងៃ, ចំណែករបប «កម្ពុជាប្រជាធិបតេយ្យ» ឬ របបដឹកនាំខ្មែរក្រហម ដែលផ្តួលរំលំរបបសាធារណរដ្ឋខ្មែរ មានអាយុកាលតែ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ, និងការដឹកនាំរបស់របប «សាធារណរដ្ឋប្រជាមានិតកម្ពុជា» ដែលផ្តួលរំលំរបបខ្មែរក្រហម និងក្រោយមកបន្តមកដល់របប «រដ្ឋកម្ពុជា» មុនសម័យកាលឈានមកដល់របបរាជានិយមជាលើកទីពីរ មានរយៈពេលសរុបចំនួន១៤ឆ្នាំ ៨ខែ និង១៧ថ្ងៃ គិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣។
ប្រវត្តិសាស្ត្របានបញ្ជាក់យ៉ាងច្បាស់ទៀតថា ប្រសិនបើគ្មានព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាអង្គក្សត្រ និងជាអ្នកដឹកនាំដ៏សកម្ម និងឈ្លាសវៃនៃការតស៊ូស្វែងរកសន្តិភាពនោះទេ កម្ពុជា ក៏មិនអាចស្ដារឡើងវិញបាននូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញដូចបច្ចុប្បន្ននេះឡើយ បន្ទាប់ពីបានឆ្លងកាត់យុគសម័យងងឹតនៃរបបប្រល័យពូជសាសន៍ប៉ុលពត។
ព្រះមហាក្សត្រថ្មី ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បាននិងកំពុងបន្តអនុវត្តព្រះរាជបេសកកម្មដ៏ខ្ពង់ខ្ពស់ ក្នុងការពង្រឹងសន្តិភាព សាមគ្គីភាព និងការរួបរួមជាតិ ដើម្បីថែរក្សាឯកភាពជាតិ ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋកម្ពុជា។ តាមរយៈប្រវត្តិសាស្ត្រដ៏វែងឆ្ងាយ ដែល Fresh Exclusive បានរំលឹកមកនេះ ប្រជាជនខ្មែរគ្រប់ជំនាន់ កាន់តែយល់ឃើញថា ការរស់ឡើងវិញនៃបាវចនាព្រះរាជបល្ល័ង្គ មិនមែនជាសញ្ញានៃអំណាចនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃស្មារតីជាតិ សាសនា ព្រះមហាក្សត្រ និងសន្តិភាពអស់កល្បជានិច្ច ដែលជាគ្រឹះដ៏រឹងមាំនៃអត្តសញ្ញាណជាតិខ្មែរ៕











