FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ប្រជុំពិភាក្សាលើការស្នើសុំនាំចូលគ្រឿងអេឡិចត្រូនិក និងបរិក្ខារអគ្គិសនីដែលប្រើប្រាស់រួច ដើម្បីបំពេញបន្ថែមដល់គម្រោងរោងចក្រកែច្នៃឡើងវិញ

28-10-2025 20:34

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពិនិត្យលើការស្នើបង្កើតរោងចក្រកែច្នៃឡើងវិញ នូវបរិក្ខារអេឡិចត្រូនិក និង អគ្គិសនី ដែលប្រើប្រាស់រួច ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានស៊ីណូ មេធលលីក មេធៀរៀល នៅភូមិឬទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។

គម្រោងរោងចក្រកែច្នៃឡើងវិញនេះ មានផែនការប្រមូលវត្ថុធាតុដើម ជាសម្ភារៈអេឡិចត្រូនិក និងបរិក្ខារអគ្គិសនី ដែលប្រើប្រាស់រួច ដើម្បីធ្វើការកែច្នៃឡើងវិញ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការបំបែក ញែក និងធ្វើប្រព្រឹត្តកម្ម ដើម្បីអាចទាញយកលោហៈ និងវត្ថុនានា ដូចជា មាស ប្រាក់ ទង់ដែង ស្ពាន់ សំណប៉ាហាំង ជាដើម សម្រាប់បម្រើដល់វិស័យឧស្សាហកម្ម។

គម្រោងនេះនឹងផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់បរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់នានា ដោយសារការកែច្នៃ ដែលគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងដែលទុកចោល ដោយគ្មានការគ្រប់គ្រង និងគ្មានការរក្សាទុកត្រឹមត្រូវ ព្រមទាំងអាចបង្កើតការងារ ប្រាក់ចំណូល ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និងការបង្កើតលោហៈមានតម្លៃថ្មីបន្ថែម ជំនួសឱ្យការជីកយកលោហៈធាតុពីធនធានធម្មជាតិ។

អង្គប្រជុំ បានគាំទ្រគម្រោងនេះ និងយល់ស្របគ្នាថា ការអនុវត្តគម្រោងនេះត្រូវគោរព និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន, ជាពិសេស ត្រូវគ្រប់គ្រងបរិស្ថានឱ្យបានល្អជាទីបំផុត។ ជាមួយនេះ អង្គប្រជុំ បានពិនិត្យលើទិដ្ឋភាពច្បាប់ និងបច្ចេកទេសសំដៅធានាថា គម្រោងនេះអាចអនុវត្តបាន ដោយមានការគ្រប់គ្រងបរិស្ថានច្បាស់លាស់ និងខ្សែច្រវាក់ផលិតកម្មឱ្យបានម៉ត់ចត់, ជាពិសេសការគ្រប់គ្រងការប្រមូលបរិក្ខារ ការបំបែក ការញែក និងការធ្វើប្រព្រឹត្តកម្ម ក្នុងនោះត្រូវមានការសិក្សាពីផលប៉ះពាល់បរិស្ថានជាមុន ដោយមានការឯកភាពពីក្រសួងបរិស្ថាន និងការអនុញ្ញាតពីរាជរដ្ឋាភិបាល៕