អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន បន្តពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាង«យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨»
28-10-2025 20:32
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៥ អគ្គបណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) បានដឹកនាំកិច្ចប្រជុំ គ.ស.ហ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាង«យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨» មុននឹងដាក់«សេចក្តីព្រាងយុទ្ធសាស្ត្រ» ជូនរាជរដ្ឋាភិបាលអនុម័តជាផ្លូវការនាពេលខាងមុខ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធដែលជាសមាជិក គ.ស.ហ ។
ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM) ដំណាក់កាលទី ៤ «គណនេយ្យភាពសមិទ្ធកម្ម» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរៀបចំបញ្ចប់រួចរាល់នូវសេចក្តីព្រាងឯកសារ«យុទ្ធសាស្ត្រនៃការកែ-ទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨»។
ក្នុងគោលដៅកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ«សេចក្តីព្រាងយុទ្ធសាស្ត្រ»នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើមូលដ្ឋានចំនួន៣រួមមាន៖
១.ផែនការសកម្មភាពរួមដំណាក់កាលទី ៤(CAP4)បច្ចុប្បន្នកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៥-២០២៧,
២.យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា បច្ចុប្បន្នកម្ម ឆ្នាំ២០២៥-២០២៨, និង
៣.ច្បាប់ស្តីពីលទ្ធកម្មសាធារណៈថ្មីឆ្នាំ២០២៣ ដែលជា សមិទ្ធផលគន្លឹះនៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ អនុម័តដាក់ឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៨ខែឧសភាឆ្នាំ២០១៩ ។
ដោយរក្សានូវទិសដៅដូចយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩-២០២៥ ដដែល «យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្ម ឆ្នាំ ២០២៥-២០២៨»នេះ រៀបចំឡើងដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធលទ្ធកម្មសាធារណៈ ដែលតម្រូវឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងនិងការអនុវត្តលទ្ធកម្មសាធារណៈនៅកម្ពុជាឱ្យកាន់តែមានតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់។
«សេចក្តីព្រាងយុទ្ធសាស្ត្របច្ចុប្បន្នកម្ម» បានកំណត់គោលដៅយុទ្ធសាស្ត្រនិងផែនទីចង្អុលផ្លូវដើម្បីបន្តកែទម្រង់សមាសធាតុគន្លឹះៗនៃប្រព័ន្ធលទ្ធកម្មសាធារណៈក្នុងគោលបំណងគឺដើម្បីធ្វើឱ្យប្រព័ន្ធលទ្ធកម្មសាធារណៈនៅកម្ពុជា«ក្លាយទៅជាប្រព័ន្ធមួយកាន់តែមានភាពជឿទុកចិត្តប្រសិទ្ធភាពប្រកួតប្រជែងនិងសន្សំសំចៃព្រមទាំងស្របតាមឧត្តមានុវត្តន៍អន្តរជាតិ»។ ជាមួយគ្នានេះ«យុទ្ធសាស្ត្របច្ចុប្បន្នកម្ម»នេះនឹងរួមចំណែកដល់ការកសាងនិងអនុវត្តប្រព័ន្ធថវិកាសមិទ្ធកម្មឱ្យកាន់តែពេញលក្ខណៈស្របតាមស្តង់ដាអន្តរជាតិលើការពង្រឹងភាពជឿទុកចិត្តនៃថវិកា, ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និងជាពិសេសជំរុញការកសាងក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្មនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ-កិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្ដល់មតិយោបល់ និងការបង្ហាញនូវការប្ដេជ្ញា និងឆន្ទៈខ្ពស់ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការគាំទ្រនិងការចូលរួមអនុវត្តកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល ជាពិសេស កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកដើម្បីសម្រេចបាននូវគោលបំណង និងគោលដៅកំណត់ក្នុង«សេចក្តីព្រាងយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈបច្ចុប្បន្នកម្មឆ្នាំ ២០២៥-២០២៨» នេះ ៕











