FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ផ្លូវបេតុងប្រវែង ជិត២០០០ម៉ែត្រ ក្នុងសង្កាត់ព្រៃធំ ក្រុងកែប ជាសមិទ្ធផលថ្មី ត្រូវបើកការដ្ឋានសាងសង់

28-10-2025 16:48

(កែប)៖ ផ្លូវបេតុងសរសៃដែកមួយខ្សែ មានប្រវែង ១,៨៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលជាសមិទ្ធផលថ្មីមួយទៀត ត្រូវបានបើកការដ្ឋានសាងសង់ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥។

ពិធីបើកការដ្ឋានខាងលើប្រព្រឹត្តធ្វើឡើង ក្រោមវត្តមានលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ដោយចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី​ ចៅសង្កាត់ មេភូមិ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ជាច្រើននាក់ផងដែរ។

លោក ឈុន ច័ន្ទវ៉ាន់ថុន នាយករដ្ឋបាលសាលាខេត្តកែប បានឲ្យដឹងថា គម្រោងសាងសង់ផ្លូវនេះ ស្របតាមផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្ត។ ក្នុងឆ្នាំ២០២៥ នេះ រដ្ឋបាលខេត្តកែប ក៏បានប្រើប្រាស់ថវិកាប្រចាំឆ្នាំ ដើម្បីអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសាធារណៈជាច្រើនផ្សេងទៀត សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋទូទាំងខេត្តកែប។

ក្នុងឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានថ្លែងថា ការសាងសង់ផ្លូវបេតុងសរសៃដែកនេះ មានសារៈសំខាន់ខ្លាំង ក្នុងការជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងភូមិ និងអ្នកនៅជុំវិញ។ គម្រោងនេះស្តែងចេញពីការយកចិត្តទុកដាក់ យ៉ាងជ្រាលជ្រៅ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមទាំងរដ្ឋបាលខេត្តកែប និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំអភិវឌ្ឍសង្គម ដើម្បីលើកកម្ពស់ជីវភាព និងភាពងាយស្រួលរបស់ប្រជាពលរដ្ឋមូលដ្ឋាន។

ទន្ទឹមនេះ លោកអភិបាលខេត្ត នឹងរំពឹងថា ផ្លូវនេះ បន្ទាប់ពីសាងសង់រួច នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដែលអាចជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ៕