ក្រសួងសុខាភិបាល ជំរុញឱ្យចាត់ទុកជំងឺមិនឆ្លងជាអាទិភាព ក្នុងនោះជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីមហារីកសុដន់
28-10-2025 16:40
(ភ្នំពេញ)៖ ជំងឺមហារីកមាត់ស្បូន ត្រូវបានទទួលស្គាល់ថា ជាបញ្ហាសុខភាពសាធារណៈដែលគួរកត់សម្គាល់។ នៅទូទាំងពិភពលោក ជំងឺមហារីកមាត់ស្បូនស្ថិតនៅលំដាប់លេខរៀងទី៤ នៃជំងឺមហារីកដែលកើតមានឡើងច្រើនបំផុតលើស្ដ្រី។ សម្រាប់នៅកម្ពុជា ក្នុងចំណោមជំងឺមហារីកទាំងអស់ គឺជាជំងឺមហារីកមាត់ស្បូន ស្ថិតនៅលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់។
នេះបើតាមការបញ្ជាក់របស់លោកស្រីសាស្ដ្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងថាក្នុងឱកាសសិក្ខាសាលា បង្ហាញពីលទ្ធផលនៃការសិក្សាស្រាវជ្រាវ រកលើការរកឃើញមហារីកមាត់ស្បូនតាមរយៈការធ្វើតេស្ដ អេច ភី វី នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥នេះ។
លោកស្រីសាស្ដ្រាចារ្យបានថ្លែងបន្ដថា នៅឆ្នាំ២០២២ ស្ដ្រីប្រមាណ ៦៦២,៣០១នាក់ ត្រូវបានរកឃើញថា មានជំងឺមហារីកមាត់ស្បូន ហើយស្ដ្រីប្រមាណ ៣៤៨,៨៧៤នាក់ បានស្លាប់ដោយសារជំងឺនេះ។ ថ្មីៗនេះ យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ក្នុងចំណោមស្លាប់ទាំងអស់ មានអ្នកស្លាប់ដោយជំងឺមិនឆ្លងប្រមាណ ៧១% នៅទូទាំងពិភលោក និង៦៤%នៅកម្ពុជា ក្នុងនោះជំងឺសំខាន់ៗចំនួន ៤ប្រភេទ ដែលឈានមុខគេ រួមមាន ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរុំារ៉ៃ និងជំងឺទឹកនោមផ្អែម។
នៅកម្ពុជា បើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោករបស់ Global Cancer បានប៉ាន់ស្មានកាលពីឆ្នាំ២០២២ថា មានករណីជំងឺមហារីកកើតថ្មី ចំនួន ១,៩៧៩៥នាក់ និងស្លាប់ចំនួន ១៣,៧៩៩នាក់ ។ទន្ទឹងនឹងនោះ «យើងសង្កេតឃើញថា ក្នុងចំណោមជំងឺមហារីកទាំងអស់ ស្ដ្រីមានជំងឺមហារីកមាត់ស្បូនមានចំនួន ១,២៧៤នាក់ ស្មើនឹង១២.០% គឺជាជំងឺមហារីកដែលស្ថិតក្នុងលំដាប់លេខរៀងទី២ បន្ទាប់ពីជំងឺមហារីកសុដន់ មានចំនួន ២,១១៦នាក់ ស្មើនឹង១៩.៩%»។ នេះបើតាមការបញ្ជាក់របស់លោកស្រីសាស្ដ្រាចារ្យ។
លោកស្រីរដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងទៀតថា ទោះបីជាយ៉ាងណាក៏ដោយ ការស្លាប់ដែលបណ្ដាលមកពីជំងឺមហារីកមាត់ស្បួននេះ យើងអាចបង្ការ និងព្យាបាលបាន ប្រសិនបើជំងឺនេះត្រូវបានរកឃើញនៅដំណាក់កាលដំបូង និងគ្រប់គ្រងការព្យាបាលប្រកបដោយប្រសិទ្ធិភាព។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាសុខភាពសាធារណៈនេះ ក្រសួងសុខាភិបាល ដែលមាននាយកដ្ឋានការពារសុខភាព ជាលេខាធិការដ្ឋាន បានខិតខំរៀបចំបង្កើតឡើងនូវផែនការយុទ្ធសាស្ដ្រជាតិ សម្រាប់ការពារជំងឺមិនឆ្លង ២០២២-២០៣០ ដែលផែនការសកម្មភាពសម្រាប់បង្ការ និងគ្រប់គ្រងជំងឺមហារីកមាត់ស្បូន និងនិយាមប្រតិបត្ដិស្ដង់ដាជាតិ សម្រាប់ពិនិត្យស្រាវជ្រាវរកមហារីកមាត់ស្បួន ដែលបានធ្វើបច្ចុប្បន្នភាព ឆ្នាំ២០២៥។
«ដូច្នេះសិក្ខាសាលានាពេលនេះ បានឆ្លុះបញ្ចុំាងពីលទ្ធផលស្រាវជ្រាវអំពី «Effectiveness analysis and economic evaluation of a modified program for cervical screening in Cambodia assisted by a cloud-based digital system» ដែលមានគោលបំណងក្ នុងការផ្ដល់ជាគោលគំនិតសំខាន់សម្រាប់ការពិចារណា ក្នុងការផ្លាស់ប្ដូរការពិនិត្យរកកោសិកាមហារីកមាត់ស្បូនដោយប្រើប្រាស់តេស្ដ VIA មកប្រើប្រាស់តេស្ដ HPV ជាតេស្ដដំបូងសម្រាប់ការពិនិត្យដែលជាតេស្ដមានគុណភាពខ្ពស់ ក្នុងការស្វែងរកកោសិកាមិនប្រក្រតី មុនមហារីក»។
លោកស្រីសាស្ដ្រាចារ្យបានបន្ដថា កន្លងមកដល់ពេលនេះ ក្រសួងបានបង្កើតសេវាពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺមហារីកមាត់ស្បូននៅតាមមូលដ្ឋានសុខាភិបាលជាច្រើនកន្លែង ចាប់ពីមន្ទីរពេទ្យជាតិ មន្ទីរពេទ្យខេត្ដ មន្ទីរពេទ្យស្រុក រហូតដល់មណ្ឌលសុខភាព។ ហេតុដូចនេះ ក្នុងនាមក្រសួងសុខាភិបាល លោកស្រីសាស្ដ្រាចារ្យ បានជំរុញគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ ចាត់ទុកជំងឺមិនឆ្លងជាអាទិភាព និងធ្វើការរួមគ្នា ក្នុងការអនុវត្ដសកម្មភាពកាត់បន្ថយបន្ទុកនៃជំងឺដែលអាចការពារបាន ជាពិសេសជំងឺមហារីកមាត់ស្បូននេះ៕























