FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីឧស្សាហកម្ម ប្រកាសបញ្ចុះតម្លៃលើការចុះបញ្ជីផលិតផល (ច.ប.ផ) និងសម្រួលនិតិវិធីឱ្យកាន់តែងាយស្រួលងាយមុន (Video inside)

28-10-2025 11:54

(ភ្នំពេញ)៖ ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ២ ពាន់នាក់ ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយការចុះបញ្ជីផលិតផល (ច.ប.ផ.) ថ្នាក់ជាតិ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសបញ្ចុះតម្លៃលើការចុះបញ្ជីផលិតផល (ច.ប.ផ) និងសម្រួលនិតិវិធីឱ្យកាន់តែងាយស្រួលងាយមុន ដើម្បីលើកទឹកចិត្តឱ្យមានការចុះបញ្ជីផលិតផលកាន់តែច្រើនពីអ្នកផលិត និងអ្នកនាំចូលទំនិញ។

លោកបាន​លើកឡើងថា មួយរយៈពេលចុងក្រោយ ទំនិញដែលផលិត និងទំនិញនាំចូលថ្មីៗ មានរាប់ម៉ឺនមុខ ប៉ុន្តែក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥នេះ វិទ្យាស្ថានស្តង់ដារកម្ពុជា បានចុះបញ្ជីផលិតផលចំនួន តែ៩ ៥៣៥ ប៉ុណ្ណោះ ដែលជាចំនួនតិចនៅឡើយ បើធៀបនឹងចំនួនផលិតផលដែលកំពុងចរាចរនៅលើទីផ្សារ។

លោកទទួលទទួលស្គាល់ថា កន្លងមក អ្នកផលិតក្នុងនិងស្រុក និងអ្នកនាំចូលមួយចំនួន បានត្អូញត្អែ ពីនីតិវិធីស្មុកស្មាញ និងតម្លៃថ្លៃ ដោយសារតែមានការកេងបន្លំពីអ្នករត់ការ ខណៈការចុះបញ្ជីពិតប្រាកដតម្លៃតែ២០ម៉ឺនរៀល ឬ៥០ដុល្លារក្នុងមួយមុខប៉ុណ្ណោះ។ តាមរយៈយុទ្ធនាកា​រជំរុញការចុះបញ្ជីផលិតផល ចាប់ពីពេលនេះ ទៅចំពោះសហគ្រាសផលិត និងក្រុមហ៊ុននាំចូលដែលចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ នឹងទទួលបានការលើកទឹកចិត្តពិសេស គឺការបញ្ចុះតម្លៃ១០% សម្រាប់ការចុះបញ្ជីផលិតផលពី ៥-១៩ ,​បញ្ចុះតម្លៃ១៥%សម្រាប់ការចុះបញ្ជីផលិតផលពី ២០-៤៩ និង ២០% សម្រាប់ការចុះបញ្ជីផលិតផលលើសពី៥០មុខ ក្នុងពេលតែមួយ។​

​លើសពីនេះក្រសួងបានសម្រួលនីតិវិធី ដោយកាត់បន្ថយឯកសារតម្រូវសម្រាប់ពាក្យស្នើសុំដោយកាត់បន្ថយពី១០ឯកសារ មក៣ឯកសារ សម្រាប់ផលិតផលក្នុងស្រុក និង៤ឯកសារសម្រាប់ផលិតផលនាំចូល។ ​ព្រមទាំងកាត់បន្ថយរយៈពេលនៃការផ្តល់អាជ្ញាបណ្ណ ច.ប.ផ. មកនៅត្រឹម៥ថ្ងៃនៃថ្ងៃធ្វើការ ក្នុងករណីដែលមានសំណុំឯកសារត្រឹមត្រូវគ្រប់គ្រាន់។ ទន្ទឹមនឹងនេះ ពាក្យស្នើសុំតែមួយអាចប្រើប្រាស់សម្រាប់ការចុះបញ្ជីផលិតផលច្រើនមុខក្នុងពេលតែមួយ ហើយអាជ្ញាបណ្ណ ច.ប.ផ. មានសុពលភាពរយៈពេល៣ឆ្នាំ។ ​

ជុំវិញការបញ្ចុះតម្លៃ និងការបន្ធបន្ថយនិតិនៃការចុះបញ្ជីផលិតផលនេះ ទទួលបានការអបអរសាទរពីវិស័យឯកជនផងដែរ។

លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិន នវានុវត្តន៍ និងអភិវឌ្ឍន៍ ID Investors Association (IDI) និងជាប្រធានសម្ព័ន្ធសេដ្ឋកិច្ចក្រៅប្រព័ន្ធ IEL ​បានលើកឡើងថា កន្លងមកការចុះបញ្ជីផលិតផល នៅមានកម្រិតនៅឡើយ ជាពិសេសផលិតផលក្នុងស្រុក ។ ការជួយសម្រួលរបស់ក្រសួងឧស្សាហកម្មនាពេលនេះ នឹងជំរុញឱ្យការចុះបញ្ជីផលិតផលកាន់តែកើនឡើង ក៏ដូចជាជួយ​ដល់ការធ្វើឱ្យអាជីវកម្មនៅកម្ពុជាផងដែរ ហើយនេះគឺជាអ្នកអ្វីដែលអ្នកផលិតចង់បាន។

ឧកញ៉ា ឈិន កេន អគ្គលេខាធិការ នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង មធ្យមកម្ពុជា (FASMEC) មានប្រសាសន៍ដែរថា ការជួយសម្រួលរបស់ក្រសួងឧស្សាហកម្មនាពេលនេះ នឹងជួយឱ្យសហគ្រាសនៅកម្ពុជា ពង្រឹងការផលិតរបស់ខ្លួន ឱ្យកាន់តែមានស្តង់ដារ និងយកផលិតផលមកចុះបញ្ជី ដើម្បីធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត។

សូមស្តាប់ប្រសាសន៍បន្ថែមរបស់ លោក ហែម វណ្ណឌី ,លោកបណ្ឌិត ហោ សេរីវឌ្ឍន៍,ឧកញ៉ា ឈិន កេន៖