FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ការបោកប្រាស់កាន់តែច្រើន អ្នកទិញទំនិញអនឡាញ គួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីកុំឱ្យ «អស់ប្រាក់ តែមិនបានទំនិញ»

27-10-2025 20:16

(ភ្នំពេញ)៖ ដោយសារតែការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងទំនាក់ទំនង ការលក់ទំនិញតាមអនឡាញនៅកម្ពុជាកាន់តែទូលំទូលាយឡើង ប៉ុន្តែជាមួយនឹងភាពងាយស្រួលនោះ ការឆបោកក្រោមរូបភាពនេះក៏កើនឡើងច្រើនដែរ។

កាលពីពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួន បានចាញ់បោកការលក់ដូរតាមអនឡាញជាមួយនឹងហ្វេសប៊ុកមួយឈ្មោះ «ហេងហេង បោះដុំគ្រឿងសង្ហារឹម» ដែលអះអាងថា នៅខេត្តបាត់ដំបង។ ទំព័រហ្វេសប៊ុកនោះ មានអ្នក like រហូតដល់ជាង 291K និងមានការទស្សនារាប់ម៉ឺននាក់ នៅពេលបង្ហោះវីដេអូលក់ទំនិញម្តងៗ។ ប៉ុន្តែនៅក្នុង Comment ក្នុងវីដេអូនីមួយៗ មានអ្នកប្រាប់បន្តទៅអ្នកដទៃទៀតអំពីការឆរបោកជារឿយៗ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏នៅតែមានអ្នកចាញ់បោកជាហូរហែបន្តទៀត។

មូលហេតុដែលធ្វើឱ្យមានការចាញ់បោក អាចបណ្តាលមកពី អ្នកទិញតាមអនឡាញខ្វះការយល់ដឹងអំពីសុវត្ថិភាពឌីជីថល, ការលក់ទំនិញថោកហួសពីតម្លៃដើម និងការឃើញមានអ្នកចូលមើលច្រើនជាដើម។ ហ្វេសប៊ុកនោះ ក៏មានការបង្កើតហ្វេសប៊ុកក្លែងក្លាយជាច្រើន ដោយធ្វើជាអ្នកចូលសួរ និងទិញក្លែងក្លាយ ដើម្បីធ្វើអូសទាញអ្នកទិញពិតប្រាកដឱ្យទុកចិត្ត។

ជាមួយគ្នានេះដែរ លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងសង្គម បានឱ្យដឹងថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋបន្តចាញ់បោកអ្នកលក់អនឡាញមានច្រើន អាចមកពីកង្វះការស្រាវជ្រាវ តិចនិចបញ្ចុះបញ្ចូលរបស់អ្នកលក់ តម្លៃធូរថ្លៃ បង្ហាញពីគុណភាពខ្ពស់របស់ទំនិញ។ល។ លោកបណ្ឌិត បានបន្តថាអ្នកលក់អនឡាញមិនមែនសុទ្ធតែបោកប្រាស់ទាំងអស់នោះទេ តែក្នុងនោះជនឱកាសនិយមតែងតែប្រើប្រាស់រូបភាពបោកបញ្ឆោតប្រជាពលរដ្ឋ តាមរយៈការបង្ហាញរូបភាពទំនិញភ្ជាប់ជាមួយបុគ្គលល្បី ដើម្បីបង្កើនការទុកចិត្ត ដោយអ្នកទិញមិនបានផ្ទៀងផ្ទាត់លម្អិតមុននឹងទិញ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីពេលកន្លងទៅ ក៏បានក្រើនរំលឹកដល់សាធារណជន ជាពិសេសអ្នកនិយមទិញទំនិញអនឡាញ តាមបណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាប្រុងប្រយ័ត្ន និងត្រួតពិនិត្យ វិភាគ ឲ្យច្បាស់លាស់ទៅលើគណនី ឬទំព័រហ្វេសប៊ុកនានា ដែលផ្សព្វផ្សាយពីការលក់ទំនិញតាមអនឡាញ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗដោយប្រការណាមួយ។

ជាមួយនឹងការកើនឡើងនៃបទល្មើសបោកប្រាស់តាមអនឡាញ លោកបណ្ឌិត ឈត ប៊ុនថង សូមអំពាវនាវឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធ គួរចាត់វិធានការរឹងមាំ អនុវត្តវិធានការយ៉ាងតឹងរឹងជួយការពារប្រជាពលរដ្ឋពីការចាញ់បោកបន្ថែម និងបង្កើនទំនុកចិត្តក្នុងការប្រើប្រាស់បណ្តាញអនឡាញនៅកម្ពុជា។

បន្ថែមពីនេះ លោក លើកទឹកចិត្តឱ្យមានការចុះបញ្ជីអ្នកលក់អនឡាញឱ្យបានត្រឹមត្រូវ ហើយបង្កើតនូវប្រព័ន្ធគ្រប់គ្រង ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកទិញ។

លោក ក៏បានអំពាវនាវឱ្យអ្នកទិញផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានល្អិតល្អន់ ស្រាវជ្រាវឱ្យបានច្បាស់ មុននឹងជាវទិញ ខណៈដែលពិភពលោកកំពុងវិវត្តន៍ដល់សម័យបច្ចេកវិទ្យា ភាពជឿនលឿននៃឌីជីថលអាចផ្ដល់ផលជះវិជ្ជមាន និងអវិជ្ជមានផងដែរ។

សារជាថ្មីម្ដងទៀត លោកបណ្ឌិត ស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធ អង្កេត និងតាមដានដោយយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយជនរងគ្រោះដោយសារអ្នកលក់អនឡាញ៕