និស្សិតជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្ដរជាតិ នៃសាលា RUPP ទទួលបានឱកាសសិក្សាក្រៅប្រទេសកាន់តែច្រើន ដើម្បីពង្រីកចំណេះដឹង និងចូលរួមអភិវឌ្ឍន៍សង្គមជាតិ
26-10-2025 09:22
(ភ្នំពេញ)៖ និស្សិតកម្ពុជាចំនួន ២៩រូបទៀត ក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ(IBM) នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ(RUPP) បានទទួលឱកាសចេញទៅផ្លាស់ប្ដូរការសិក្សារយៈពេលជាង ១ខែ លើមុខជំនាញពាក់ព័ន្ធចំនួន ៣ នៅសាលា Minjiang Teacher College (MJTC) នៃសាធារណរដ្ឋប្រជាមានិតចិន ។ នេះគឺជាចំនួនដ៏ច្រើន ក្នុងប្រវត្តិកើតដេប៉ាតឺម៉ង់ IBM ដែលសកលវិទ្យាល័យ បានបញ្ជូននិស្សិតទៅសិក្សាក្រៅប្រទេសច្រើនបែបនេះ។
លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ ប្រធានដេប៉ាតឺម៉ង់ខាងលើ ក្នុងឱកាសជូនដំណើរនិស្សិត នៅអាកាសយានដ្ឋានអន្ដរជាតិតេជោ កាលពីល្ងាចថ្ងៃទី២៥ ខែតុលា បានមានប្រសាសន៍ថា កម្មវិធីផ្លាស់ប្ដូរការសិក្សានេះ មានរយៈពេល ៥សប្ដាហ៍ ផ្ដើមចេញពីកិច្ចសហការល្អ រវាងសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាលា MJTC ពិសេសទំនាក់ទំនងដ៏ល្អរវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ ។ នេះជាឱកាសដ៏ល្អ សម្រាប់និស្សិតទាំងអស់ ក្នុងចាប់យកគោលដៅ ដើរទៅកាន់ក្តីស្រមៃ ដើម្បីពង្រឹង និងពង្រីកចំណេះដឹង ហើយពាំនាំផ្លែផ្កាទាំងអស់នេះ មកចូលរួមអភិវឌ្ឍន៍ក្នុងប្រទេសជាតិនាថ្ងៃអនាគត។
លោកបន្ដថា «ស្របតាមយុទ្ធសាស្ដ្ររាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស នេះគឺជាគោលដៅដ៏សំខាន់មួយ ដែលឯកឧត្តមបណ្ឌិត ជេត ជាលី សកលវិទ្យាធិការ RUPP បានខិតខំឈ្មុសឈ្មុល និងជំរុញឲ្យនិស្សិតរបស់យើង ទទួលបានអាហារូបករណ៍ និងមានការផ្លាស់ប្ដូរការសិក្សានៅក្រៅប្រទេស ជាក់ស្ដែងប៉ុន្មានឆ្នាំចុងក្រោយ មាននិស្សិតជាច្រើន ដែលបានចេញទៅសិក្សា តាមបណ្ដាប្រទេសជឿនលឿន ទាំងនៅអាស៊ី និងអឺរ៉ុប ពិសេសនៅចិន ដែលមានទាំងការផ្លាស់ប្ដូការសិក្សា រហូតដល់បន្ដការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតទៀតផង»។
សម្រាប់ដំណើរផ្លាស់ប្ដូរការសិក្សាលើកនេះ និស្សិតភាគច្រើន មិនធ្លាប់ទៅក្រៅប្រទេសទេ។ ដូច្នេះនេះគឺជាឱកាសដ៏ល្អ សម្រាប់ការសិក្សាស្វែងយល់ និងពង្រឹងនូវចំណេះជំនាញរបស់ខ្លួន ដ្បិតចិន គឺជាមហាអំណាចសេដ្ឋកិច្ចទី២ លើពិភពលោក ហើយមានភាពរីកចម្រើនខ្លាំងលើគ្រប់វិស័យ រួមទាំងវិស័យអប់រំផងដែរ ។ ហេតុនេះ មានរឿងរ៉ាវជាច្រើន ដែលនិស្សិតគ្រប់រូប អាចរៀនសូត្រ និងដកពិសោធន៍ផ្ទាល់នៅទីនោះ។
បន្ថែមលើនេះ លោកសាស្ត្រាចារ្យបណ្ឌិត ភូ សម្បត្តិ ក៏បានពាំនាំនូវការផ្ដាំផ្ញើរបស់លោកបណ្ឌិត ជេត ជាលី ដល់និស្សិតត្រូវក្ដាប់យកឱកាសដ៏វិសេសវិសាលនេះ ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះដឹងតាមជំនាញរៀងៗខ្លួន ដោយឈរលើគោលដៅដ៏ច្បាស់លាស់ ធ្វើខ្លួនឲ្យខ្លាំងពូកែ និងមានគុណធម៌ ហើយចេះយោគយល់គ្នា និងការទំនាក់ទំនងល្អ ជាមួយគ្រប់ជាតិសាសន៍ ដើម្បីបង្ហាញទៅកាន់អន្ដរជាតិថា «កម្ពុជាតូចតែបេះដូងធំ» ហើយក្នុងនាមទំពាំងស្នងឬស្សី ក្រោយពេលបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ប្រទេសជាតិវិញនាពេលអនាគត។
ជាមួយគ្នា កញ្ញា សេង មុន្នីវឌ្ឍនៈ និងយុវជន លឹម សំណាង និស្សិត IBM ឆ្នាំទី៣ និងឆ្នាំទី១ នៃសកលវិទ្យាល័យ RUPP បានសម្ដែងក្ដីរីករាយជាខ្លាំង ដែលបានទៅសិក្សានៅប្រទេសចិន ដើម្បីទទួលបានបទពិសោធន៍ និងក្រេបជញ្ជក់នូវចំណេះដឹងថ្មីៗ ។ ក្រៅពីត្រៀមទៅយកចំណេះដឹង ពួកគេក៏ត្រៀមនាំទៅជាមួយនូវទេសចរណ៍ និងវប្បធម៌ខ្មែរ ដើម្បីផ្សព្វផ្សាយដល់មិត្តភ័ក្ដ្រអន្ដរជាតិផងដែរ។ ដូច្នេះពួកគេបានប្ដេជ្ញានឹងចាប់ឱកាសដ៏ល្អនេះ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងកាន់តែទូលំទូលាយ ហើយក្លាយជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។
ជាមួយគ្នានេះផងដែរ កញ្ញា ចាវ ទិតដានីន សាស្ដ្រាចារ្យ និងជាអតីតនិស្សិតអាហារូបករណ៍ជំនាន់ទី២ ឆ្នាំ២០១៥ បានចាត់ទុកនេះគឺជាឱកាសដ៏កម្រ សម្រាប់និស្សិតជំនាញ IBM ជំនាន់ថ្មី ក្នុងការឈានជើងទៅក្រៅប្រទេស ហើយមើលឃើញពិភពខាងក្រៅ ដែលអាចធ្វើឲ្យនិស្សិតទាំងអស់ មានសមត្ថភាពកាន់តែខ្លាំងពូកែ ហើយអាចពាំនាំមកវិញនូវសមិទ្ធផល និងផ្លែផ្កាល្អៗ សម្រាប់ការរួមចំណែកអភិវឌ្ឍន៍ ពិសេសឱកាសរៀនសូត្រចំណេះដឹងដ៏ទូលំទូលាយ នៅប្រទេសចិន ដែលជាប្រទេសអភិវឌ្ឍន៍ និងរីកចម្រើនខ្លាំងនេះតែម្ដង។
គួរដឹងថា ជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់វិស័យអប់រំ ក្រៅពីពង្រឹងគុណភាពសិក្សាក្នុងស្រុក សកលវិទ្យាល័យភូមិន្ទភ្នំពេញ តែងស្វែងរកអាហារូបករណ៍ និងការផ្លាស់ប្ដូរការសិក្សាដល់និស្សិតជាច្រើន តាមរយៈបណ្ដាប្រទេសដៃគូ ទាំងនៅអាស៊ី និងអឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកជាដើម ដើម្បីរួមចំណែកកសាងធនធានមនុស្សដ៏ពូកែរបស់កម្ពុជា ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ស្របតាមការយកចិត្តទុកដាក់បំផុតរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងមូលធនមនុស្សប្រកបដោយសមត្ថភាព្រកួតប្រជែង ដើរតួនាទីសំខាន់ ក្នុងការប្រែក្លាយចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ឲ្យទៅជាការពិត៕












